ឯ​​កឧ​ត្តម​​ ង៉ាន់​​ ចំរើន​​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ ស្ថាប័ន​​ ដើម្បីកំណត់​​មុខងារ​​តាម​វិស័យ​​​​​នានា​​​របស់​​​​រដ្ឋបាល​​​​ក្រុង ​​ស្រុក​​​​

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់ការ​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពី កិច្ចដំណើការ​​​កែសម្រួល​​​រចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក និង​​​​​ការកំណត់មុខងារតាមវិស័យ​​​នានា​របស់​​រដ្ឋបាល​​ក្រុង ស្រុក តាមចង្កោមវិស័យនីមួយៗ ក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​ប្រធាន​លេខា​ធិការដ្ឋាន គ.ជ.អ.ប ដោយសហការជាមួយលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអគ្គលេខាធិការ​ដ្ឋាន​កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នជំនាញចំនួន២៥ របស់រាជរដ្ឋាភិបាលមានគោលបំណងកំណត់មុខងារ និងធនធានជាក់លាក់នានា តាមវិស័យនីមួយៗរបស់ក្រសួង ដើម្បីធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនា​សម្ព័ន្ធ​​​​គ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បន្ថែមថា ការកំណត់នូវមុខងារ និងធនធានជាក់លាក់តាមវិស័យនីមួយៗ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ស្របតាមរចនា​សម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្មីនេះ គឺជាកិច្ចការចាំបាច់ និងជាអាទិភាព ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវ​របស់​រដ្ឋបាល​​​ក្រុង ស្រុក ក្នុងនាមជារដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបជូនថា កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣១៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយផ្តោតការពិភាក្សាលើវិស័យ​អាទិភាព​សំខាន់ៗ រួមមាន វិស័យសេដ្ឋកិច្ច (អភិវឌ្ឍន៍ជនបទ ធនធានទឹក និងឧតុនិយម កសិកម្មរុក្ខាប្រមាញ់ និងនេសាទ សាធារណការ និងដឹកជញ្ជូន បរិស្ថាន ឧស្សាហកម្ម និង​សិប្បកម្ម រ៉ែ និងថាមពល ពាណិជ្ជកម្ម ទេសចរណ៍ និងប្រៃសណីយ៍) និងវិស័យសង្គមកិច្ច (សង្គមកិច្ច យុវនីតិសម្បទា និងអតីតយុទ្ធជន កិច្ចការនារី ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ ធម្មការ និងសាសនា វប្បធម៌ និងវិចិត្រសិល្បៈ វិស័យអប់រំ វិស័យសុខាភិបាល ការរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ វិស័យព័ត៌មាន និងវិស័យយុត្តិធម៌)៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់