គ.ជ.អ.ប រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប នៅសាលាប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ​ និងពិភាក្សាអំពីខ្លឹមសារនៃសេចក្តីព្រាងផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) រវាង គ.ជ.អ.ប ជាមួយដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលពាក់ព័ន្ធ។

ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃ​លេខាធិការដ្ឋាន គ.ជ.អ.ប​ បានធ្វើបទបង្ហាញស្តីពី ខ្លឹមសារនៃសេចក្តីព្រាង​ផអ៣ទី៣ ទៅកាន់អ្នកចូលរួមកិច្ចប្រជុំ​ដែល​មានសមាសភាពមកពីដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលពាក់ព័ន្ធប្រមាណ ៦០នាក់។ ខ្លឹមសារ​នៃ​សេចក្តីព្រាង​ផអ៣ទី៣នោះ រួមមាន ពណ៌នាអំពីសេចក្តីផ្តើមកម្មវិធីជាតិ ១០ឆ្នាំ​របស់​​រាជរដ្ឋាភិបាល កិច្ចដំណើរការរៀបចំតាក់តែង​ ផអ៣ទី៣ រចនាសម្ព័ន្ធឯកសារនៃ ផអ៣ទី៣ សមិទ្ធផល លទ្ធផល​រំពឹងទុក និងសកម្មភាព និងថវិកាប៉ាន់ស្មាន។

សូម​បញ្ជាក់​ថា ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣)  គឺជាផែនការ​អនុវត្ត​ដំណាក់កាលចុងក្រោយនៃកម្មវិធី​ជាតិ ១០ឆ្នាំ របស់​រាជរដ្ឋាភិបាល​។ កម្មវិធីជាតិត្រូវ​បាន​បែងចែក​ជា ៣ដំណាក់​កាល​សម្រាប់​ការអនុវត្ត រួមមាន៖ ផអ៣ទី១ (២០១១-២០១៤) ផ្ដោត​លើ​ការ​អភិវឌ្ឍ​គោល​នយោបាយ ការ​រៀបចំ​ឡើងវិញ​នូវ​​រចនា​​សម្ព័ន្ធ ប្រព័ន្ធ និង​នីតិវិធី​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ផអ៣ទី២ (២០១៥-២០១៧) ផ្ដោត​លើ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​កែ​លម្អ​គុណភាព​សេវា និង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ដំណាក់កាល​ចុងក្រោយ ផអ៣ទី៣ (២០១៨-២០២០) គឺ​ផ្ដោត​លើ​ការ​បន្ត​ជំរុញ និង​ពង្រឹង​ការ​ទទួល​ខុសត្រូវ និង​ស្វ័យភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​​ផ្ដល់​សេវា និង​ការ​អភិវឌ្ឍមូលដ្ឋាន។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់