រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្តេជ្ញា​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការអនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការប្រែប្រួល​អាកាសធាតុ​

មណ្ឌលគិរី​៖ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ប្តេជ្ញា​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន តាមរយៈ​ការអនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការប្រែប្រួល​អាកាសធាតុ (LGCC) ដើម្បី​ពង្រឹង​ភាពធន់​របស់​ប្រជាពលរដ្ឋ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោកស្រី ប៊ុត ប៊ុណ្ណា​រី មន្ត្រី​សម្របសម្រួល​គម្រោង LGCC ប្រចាំ​រដ្ឋបាល​ខេត្តតាកែវ បានឱ្យដឹងថា រដ្ឋបាលខេត្ត​តាកែវ​បាន​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការប្រែប្រួល​អាកាសធាតុ​ចំនួន ២​ជំហាន​គឺ​ជំហាន​ទីមួយ (LGCCI)​និង ជំហាន​ទី​ពីរ (LGCC II)​ពី​ឆ្នាំ​២០១២ រហូតដល់​បច្ចុប្បន្ននេះ​។ ក្រោយ​ការអនុវត្ត​គម្រោង​នេះ លោកស្រី បាន​វាយតម្លៃថា គម្រោង​នេះ​ពិតជា​បាន​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ពួកគាត់​បន្សាំទៅនឹង​គ្រោះរាំងស្ងួត​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ពួកគាត់​។

​ថ្លែង​ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ការអនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន​និង​ការប្រែប្រួល​អាកាសធាតុ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ច័ន្ទ ៨​កើត ខែបុស្ស​ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​នៅ​ខេត្តមណ្ឌលគិរី លោកស្រី ប៊ុត ប៊ុណ្ណា​រី បាន​បញ្ជាក់ថា “​គម្រោង​បាន​ជួយ​ពង្រឹងសមត្ថភាព​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​បានល្អ​ប្រសើរ និង​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ សហគមន៍​ក្នុងការ​ចូលរួម​[​រៀបចំ​]​ផែនការ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​”​។​

មិន​ខុសពី​តំណាង​ខេត្តតាកែវ លោក ខៀវ សុផល អភិបាលរង​ស្រុក​បាទី ខេត្តតាកែវ បាន​សង្កេតឃើញថា រដ្ឋបាល​ថ្នាក់មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​យល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ និង​ចេះ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​បន្សាំ​ទៅក្នុង​ផែនការ​កម្មវិធី​វិនិយោគ​ស្រុក ឃុំ សង្កាត់ ក្រោយពី​គម្រោង LGCC ត្រូវបាន​អនុវត្ត​ក្នុង​មូលដ្ឋាន​។​ លោក ខៀវ សុផល បាន​បញ្ជាក់ថា “​គម្រោង​បាន​ជួយ​ពង្រឹងគុណភាព​បច្ចេកទេស​គម្រោង​ក្នុង​ក្រុង​ស្រុក​គោលដៅ​។ អាជ្ញាធរ​មូលដ្ឋាន​បាន​យល់ដឹង​ពី​ការព្យាករណ៍​ពី​ហានិភ័យ​ដែល​កើតឡើង​ដោយ​គ្រោះធម្មជាតិ​កើតមាន​នៅក្នុង​សហគមន៍ និង​បង្កើន​ចំណេះដឹង និង​គុណភាព​បច្ចេកទេស​គម្រោង​ដល់​អ្នកពាក់ព័ន្ធ​”​។​

​លោក យន់ ប្រុស ប្រធានការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ សង្កាត់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បានឱ្យដឹង​ដែរ​ថា ពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ងាយ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​បាន​ជៀស​ផុតពី​ផលប៉ះពាល់​ជីវភាព​ដែល​បង្កដោយ​គ្រោះធម្មជាតិ​ដូចជា ទឹកជំនន់​រហ័ស រាំងស្ងួត​អូសបន្លាយ ខ្យល់​កន្ត្រាក់​ជាដើម ដែល​បំផ្លាញ​ផ្ទះសម្បែង ផលដំណាំ និង​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​។​

លោក យន់ ប្រុស បាន​បញ្ជាក់ថា ក្រោយពី​ស្រុក​បាន​អនុវត្ត​គម្រោង LGCC តាំងពី​ឆ្នាំ​២០១៣​មក គម្រោង នេះ​ពិតជា​បាន​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ដោយសារ​គម្រោង​បាន​សង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ជាច្រើន ក្នុងនោះ​រួមមាន​៖ ការស្តារ​ស្រះ​ទឹក ស្តារ​ប្រឡាយទឹក សង់​ផ្លូវ​បេតុង និង​ការជួសជុល​ផ្លូវលំ​ជាច្រើន ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាញ​ជា​ប្រយោជន៍​រៀងៗ​ខ្លួន​។ លោក យន់ ប្រុស បាន​គូសបញ្ជាក់ថា “​គម្រោង​បាន​ជួយ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​យ៉ាង​ជោគជ័យ​ដោយបាន​ជួយ​លើ​កម្ពស់​ជីវភាព​ពលរដ្ឋ​កាន់តែ​ប្រសើរ​ផ្អែកលើ​លទ្ធផល​ការងារ​”​។​

តំណាង​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​សុទ្ធតែ​បាន​ប្តេជ្ញា​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការប្រែប្រួល​អាកាសធាតុ​(LGCC) ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ទន្ទឹមនឹងនេះ ពួកគាត់​បាន​អំពាវនាវ​ឱ្យ​រដ្ឋបាល​ថ្នាក់ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​ផ្តល់​មូលនិធិ​គាំទ្រ​គម្រោង​នេះ​បន្តទៀត ដើម្បីឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មានលទ្ធភាព​កាន់តែច្រើន​បន្ថែមទៀត​ក្នុង​ការជួយ​គាំពារ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ​លោក សរ កុសល តំណាង​មូលនិធិ​អភិវឌ្ឍន៍​មូលធន​របស់​អង្គការសហប្រជាជាតិ​(UNCDF) បានឱ្យដឹងថា UNCDF និង​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នឹង​បន្ត​អនុវត្ត​គម្រោង​LGCC នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​។​

​លោក ស៊ន ស៊ុន​សុភ​ក្តិ ទីប្រឹក្សា​គម្រោង LGCC បានឱ្យដឹងថា គម្រោង​រៀបចំឡើង​ស្របតាម កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈពេល ១០​ឆ្នាំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​LoCAL របស់​អង្គការ​UNCDF​។ LoCAL​គឺជា​កម្មវិធី​សកល​មួយ​ដែល​គាំទ្រ​ដល់​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​រដ្ឋបាល​មូលដ្ឋាន​ក្នុង​បណ្តារ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​។ ចាប់តាំងពី​ឆ្នាំ ២០១១​រហូតមកទល់​បច្ចុប្បន្ន LoCAL​បាន និង​កំពុង​អនុវត្ត​ក្នុង ប្រទេស​ចំនួន ១០​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​និង​អាហ្វ្រិក​។

លោក​បាន​មានប្រសាសន៍​បន្ថែមថា “​ប្រជាជន​កម្ពុជា​ភាគច្រើន គាត់​រស់នៅក្នុង​តំបន់​ដាច់ស្រយាល មាន​ស្ថានភាព​ក្រីក្រ​និង មាន​សមត្ថភាព បន្ស៊ាំ​ទាប ជានិច្ចកាល​តែងតែ​ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ដូចជា ភាពរាំងស្ងួត​អូសបន្លាយ​ភ្លៀង​ធ្លាក់​គំហុក ខ្លាំង​ទឹកជំនន់​ធ្ងន់ធ្ងរ និង​ខ្យល់ព្យុះ​ជាដើម​”​។​

​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការប្រែប្រួល​អាកាសធាតុ (LGCC) គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​នានា ដែលមាន​គោលបំណង​ផ្តល់​ផលប្រយោជន៍​ដល់​ជន​ងាយ​រងគ្រោះ ដូចជា ស្ត្រី កុមារ ចាស់ជរា និង​គ្រួសារ​ក្រីក្រ​ជាដើម បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ តាមរយៈ​ការបញ្ជ្រាប​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ប្រព័ន្ធ​កសាង​ផែនការ​និង​ប្រព័ន្ធ ហិរញ្ញវត្ថុ ថ្នាក់ក្រោម​ជាតិ​។

លោក​ ស៊ន ស៊ុន​សុភ​ក្តិ​ បាន​មានប្រសាសន៍​បញ្ជាក់ថា លក្ខណៈវិនិច្ឆ័យ​ដែល​ក្រុង ស្រុក អាចនឹងទទួល​បាន​មូលនិធិ​បន្សាំការប្រែប្រួល​អាកាសធាតុ (PBCRG)​សម្រាប់​គម្រោង បន្ស៊ាំ ការប្រែប្រួល​អាកាសធាតុ​នោះ​គឺ ៖ ជា​គម្រោង​អាទិភាព​នៅក្នុង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់​/​ក្រុង ស្រុក និង​មាន​វិភាជន៍​ថវិកា​សម្រាប់​ការវិនិយោគ​, គម្រោង​ស្ថិតនៅក្នុង​តំបន់​ងាយ​រងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ ដោយ​ផ្អែកលើ​ផែនទី​ភាព​ងាយ​រងគ្រោះ​,​ជា​គម្រោង​ឆ្លើយតប​ទៅនឹង​ផែនការ យុទ្ធសាស្ត្រ បន្ស៊ាំ​ការប្រែប្រួល​អាកាសធាតុ​របស់​ក្រុង ស្រុក​,​និង​ជា​គម្រោង​ផ្តល់​ផលប្រយោជន៍​ដល់​ជន​ងាយ​រងគ្រោះ​ពី ការប្រែប្រួល​អាកាសធាតុ មាន​ស្ត្រី និង​ជនក្រីក្រ ។​

​ចំពោះ​ផែនការ​អនាគត លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ដៃគូរ​អភិវឌ្ឍន៍​នឹង​បន្ត​រួម​សហការគ្នា ពង្រីក​ការ អនុវត្ត​មូលនិធិ​បន្សាំការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការ​កៀរគរ​មូលនិធិ​អន្តរជាតិ រួមជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួលអាកាសធាតុ​នៅក្នុង​តំបន់ ឆ្ពោះទៅ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ប្រកបដោយ​ចីរភាព​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់