លោក ជេដ្ឋ គីមជុង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទែ និងប្រធាននៃលេខាធិការដ្ឋាន គ.ជ.អ.ប អញ្ជើញជាអធិបតីបើកពិធីសម្ពោធគម្រោង «លើកកម្ពស់សម្លេងរបស់ជនពិការក្នុងសកម្មភាពគណនេយ្យភាពសង្គម» និងគម្រោងសាកល្បង «សម្លេងពលរដ្ឋក្នុងក្របខណ្ឌគណនេយ្យភាពសង្គម»

រាជ​ធានី​ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ លោក​ ជេដ្ឋ គីមជុង អនុប្រធានអង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការ​ដ្ឋាន គ.ជ.អ.ប (NCDDs) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម  ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទែ និងប្រធាន​នៃលេខាធិការដ្ឋាន គ.ជ.អ.ប ប ​អញ្ជើញ​ជា​អធិបតី​បើក​ពិធី​សម្ពោធ​គម្រោង​ «លើក​កម្ពស់​សម្លេង​របស់​ជន​ពិការក្នុង​សកម្មភាពគណនេយ្យ​ភាព​សង្គម​​» និង​គម្រោង​សាក​ល្បង «សម្លេង​ពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​គណនេយ្យភាពសង្គម» ដែលមាន​អ្នក​ចូលរួម​មកពីស្រុកត្រាំកក់ និង​ខណ្ឌសែន​សុខ មន្ទីរស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ នៅ​សណ្ឋាគារ​កាំ​បូឌី​យ៉ាណា រាជធានី​ភ្នំពេញ។

​ចំពោះ​គម្រោងទី១ ស្តីពី​សម្លេង​របស់​ជនពិការក្នុង​សកម្មភាព​គណនេយ្យ​ភាព​សង្គម ​អនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដល់​ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ឃុំ​ចំនួន​៧ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​វិទ្យាស្ថាន API អង្គការ CADDP និង​អង្គការ Epic Arts។ ចំណែកគម្រោង​ទី២ ស្តី​ពី​ សម្លេង​ពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​គណនេយ្យភាពសង្គម អនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅសង្កាត់​ចំនួន៣ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

ថ្លែង​ក្នុង​ពិធីបើក​​សម្ពោធគម្រោងនេះ លោក​ ជេដ្ឋ​ គីមជុង បាន​លើក​ឡើង​អំពីផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ថា​មានគោលការណ៍សំខាន់ៗចំនួន៧ ដូចខាងក្រោម៖
ទី១. អាទិភាពរបស់ប្រជាពលរដ្ឋ​៖ ប្រជាពលរដ្ឋជាអ្នកកំណត់អំពីតម្រូវការជាអាទិភាពរបស់ខ្លួន។ តម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋអាចផ្ដោតទៅលើសេវារដ្ឋបាលស្រុក អប់រំ សុខាភិបាល ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន កសិកម្ម ។ល។
ទី២. កម្រិតមូលដ្ឋាន៖ សកម្មភាពនានានឹងផ្ដោតទៅលើការប្រាស្រ័យទាក់ទង ការពិភាក្សា និង ការដោះស្រាយ​បញ្ហានានានៅតែក្នុងកម្រិតមូលដ្ឋាន និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
ទី៣. ការចូលរួមក្នុងន័យស្ថាបនា៖ គណនេយ្យភាពសង្គមនឹងប្រកាន់យកនូវអភិក្រម ដែលមាន​លក្ខណៈស្ថាបនា​ដោយផ្អែកទៅលើកិច្ចសហការគ្នា ជាជាងការប្រឈមមុខដាក់គ្នា  ដើម្បីឈានទៅ​ការសម្រេចនូវលទ្ធផលដែលប្រាថ្នាចង់បាន។
ទី៤. ការតាំងចិត្ត៖ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពជំនាញនៅថ្នាក់ក្រោមជាតិត្រូវតាំងចិត្តចូលរួម​យ៉ាងសកម្ម​នូវរាល់សកម្មភាពគណនេយ្យភាពសង្គមជាមួយប្រជាពលរដ្ឋ និងតំណាង​នានារបស់ប្រជាពលរដ្ឋ។
ទី៥. ភាពជាដៃគូ៖ កិច្ចខិតខំប្រឹងប្រែងនានានឹងត្រូវបានប្រកាន់យកយ៉ាងច្បាស់លាស់ ដើម្បីកសាង និងពង្រឹងភាព​ជាដៃគូ​រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល និងក្នុងចំណោមអង្គការសង្គមស៊ីវិល​នានា និងប្រជាពលរដ្ឋ។
ទី៦. ការដាក់បញ្ចូលនូវតម្រូវការនានា៖ អន្តរាគមន៍នានាត្រូវផ្ដោតការយកចិត្តទុកដាក់ទៅ​លើ​ការផ្ដល់សិទ្ធិអំណាច​ការចូលរួម​ និងការដោះស្រាយនូវរាល់តម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋ​ទាំ​ងឡាយ ក្នុងនោះរាប់បញ្ចូលទាំងតម្រូវការរបស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ដូចជា៖ ជនក្រីក្រ ពិការភាព អ្នកជំងឺអេដស៍ និងជនជាតិដើមភាគតិចផងដែរ។
ទី៧. ការខិតខំលុបបំបាត់នូវគម្លាត៖ ផែនការយុទ្ធសាស្ត្រនេះ នឹងដោះស្រាយភាពខ្វះចន្លោះ​ប្រហោង​មួយចំនួន​នៃ​ការចូលរួមរបស់ប្រជាពលរដ្ឋព្រមទាំងមានគោលបំណង​ធ្វើឲ្យមានការផ្លាស់​ប្ដូរ​​នូវ​វិសាលភាព និងសារធាតុ​នៃការប្រាស្រ័យទាក់ទង​រវាង​ប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

មុន​នឹង​បញ្ចប់​​ លោ​ក​ ជេដ្ឋ គីម​ជុង​ តំណាង​​ឲ្យ​ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប បាន​ផ្តល់នូវអនុ សាសន៍មួយចំនួនខាងក្រោម៖
១. សហការជាមួយអង្គការអុកស្វាមនៅកម្ពុជា វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) អង្គការCADDP និងអង្គការEpicArts​​ និងអង្គការសង្គមស៊ីវិលទាំងអស់ក្នុងការអនុវត្តផែនការគណនេយ្យភាពសង្គម និងកិច្ចគាំពារសង្គមតាមរយៈ​ការលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ​ជាពិសេស​ជនពិការនិងជនងាយរងគ្រោះ ដើម្បីអោយពួកគេបានចូលរួមពេលលេញក្នុងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ជាពិសេសការដាក់ពិន្ទុដោយប្រជាពលរដ្ឋ និងធ្វើផែនការ​សកម្មភាព​រួមស្តីពីការងារគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់ការផ្តល់​សេវានៅរដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា​ សេវារដ្ឋបាលក្រុង ស្រុក ​ខណ្ឌ​របស់ខ្លួន។
២. បន្តចងក្រងមេរៀនបទពិសោធន៍ល្អៗ រួមទាំងការរីកចម្រើន និងបញ្ហាប្រឈមនានា។
៣. បញ្ជូលផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមទៅ​ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំ​រំកិលប្រចាំឆ្នាំរបស់​ឃុំ សង្កាត់ ស្រុក ខណ្ឌ​ មណ្ឌលសុខភាព និងសាលាបឋមសិក្សារបស់ខ្លួន។
៤. ពង្រឹងកិច្ចសហប្រតិ្តបត្តិការ សម្រមសម្រួល ក្នុងចំណោមអង្គការសង្គមស៊ីវិល ជាពិសេសអង្គការ​ទស្សនៈ​ពិភពលោក និងវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)​ ដើម្បីលើកកម្ពស់​ការចូលរួមរបស់ជនពិការ ប្រជាពលរដ្ឋក្រីក្រ ក្រុមយុវជន អ្នកផ្ទុកមេរោគអេដស៌ ជំងឺអេដស៍ និង ជនងាយរងគ្រោះនានា ចូលរួមពេលលេញក្នុងសកម្មភាពរបស់គម្រោង ដែលគម្រោងនេះនឹង​រួមចំណែកបំពេញបន្ថែមលើការអនុវត្តគម្រោងគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈ​ពិភពលោកដែលបានជំនួយថវិកាពីសហភាពអ៊ឺរ៉ុបក្នុងខេត្តតាកែវទាំងមូល និងខេត្តផ្សេងមួយចំនួនទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់