កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង​លទ្ធផល​សង្ខេប​ស្ដីពី​ការ​ចុះ​ទស្សនកិច្ច​សិក្សា​ការងារ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន ការ​គ្រប់គ្រង​សហគមន៍​ផលិតផល​កសិកម្ម និង​ទីផ្សារ​នៅ​ខេត្ត​ស៊ីសាកេត ព្រះ​រាជាណាចក្រ​ថៃ

ប្រទេស​ថៃ ០១ ធ្នូ ២០១៧៖ កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​លទ្ធផល​សង្ខេប​ស្ដីពី​ការ​ចុះ​ទស្សនកិច្ច​សិក្សា​ការងារ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន ការ​គ្រប់គ្រង​សហគមន៍ ផលិតផល​កសិកម្ម និង​ទីផ្សារ​នៅ​ខេត្ត​ស៊ីសាកេត ព្រះ​រាជាណាចក្រថៃចាប់ពីថ្ងៃទី២៧ ខែ​វិច្ឆិកា​ ដល់ ថ្ងៃទី០១ ធ្នូ ២០១៧ ក្រោម​អធិបតីភាព​លោក Sarayut Keawkulpreeda អភិបាលរង​ខេត្ត​ស៊ីសាកេត និង​ចូលរួម​ដោយ​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត។

សម្រាប់​រយៈពេល​ដ៏មានតម្លៃ​ចំនួន​០៣​ថ្ងៃ​ក្នុង​ទស្សនកិច្ច​នៅ​ព្រះ​រាជា​ណាចក្រ​ថៃ​ក្រុម​គណៈប្រតិភូ​បាន​ទទួល​ជួប​បដិសណ្ឋារកិច្ច និង​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅកាន់​ស្រុក​ចំនួន០៥​រួមមាន៖ ស្រុក​កានថាឡាក់ ស្រុក​កាន់ថារ៉ារ៉ុម ស្រុក​រ៉ាស៊ីសាឡៃ ស្រុក​ឃុនហាន និង​ស្រុកផៃប្រ៊ឹង។

ក្រុម​ប្រតិភូ​បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ស្រុក​កាន់​ថាឡាក់​ដែល​ទទួល​បាន​បទពិសោធន៍​ល្អៗ​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន ការ​ធ្វើ​អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ ការ​គ្រប់គ្រង​ដីធ្លី ភារកិច្ច​ប្រមូល​ពន្ធដារ និង​ទំនាក់ទំនង​ព្រំដែន។ល។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​ក្រុម​ប្រតិភូ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋបាល​ឃុំ​សៀ​ណាម ស្រុក​កាន​ថារ៉ារ៉ុម ដើម្បី​ស្វែងយល់ និង​រៀន​សូត្រ​នូវ​បទ​ពិសោធន៍​ល្អៗ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាលឃុំ ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ។ល។

ក្រោម​ការ​ដឹកនាំ​គណៈប្រតិភូ​ដោយ ​ឯកឧត្តម ជាម ប៉េអា ប្រធាន​គណៈប្រតិភូ​កម្ពុជា បាន​ជំរុញ​ឲ្យ​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ទទួល​បាន​លទ្ធផល​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​សមាជិក សមាជិកា គណៈប្រតិភូ​ទាំង​ការ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន ការងារ​គ្រប់គ្រង​សហគមន៍ ផលិតផល​កសិកម្ម និង​ទីផ្សារ។

ឯកឧត្ដម​ប្រធាន​គណៈប្រតិភូ​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ដូច​ខាង​ក្រោម៖

១). សូម​បន្ត​ការ​គាំទ្រ​ផ្តល់​ឱកាស​ដល់​ប្រជាកសិករ​នៅ​ជិត​ព្រំដែន​បាន​មក​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​កសិកម្ម​នេះ​ ដើម្បី​បង្កើន​ចំណេះ​ដឹង​បន្ថែម
២). សូម​លោក​អភិបាល​ខេត្ត​មេត្តា​បន្ត​ការ​គាំទ្រ​ធានា​សុវត្ថិភាព​ដល់​កម្មករ​កម្មាការិនី​ដែល​មក​ប្រកបរបរ​ចិញ្ចឹម​ជីវភាព​នៅ​ព្រះ​រាជាណាចក្រ​ថៃ
៣). សូម​រក្សា​ការ​ផ្តល់​ព័ត៌មាន​ចែករំលែក​នូវ​ព័ត៌មាន​ផ្សេងៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ប្រជាជាតិ​អាស៊ាន
៤). យើង​ពិត​ជា​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ប្រសិន​បើ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី​មាន​បំណង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់