មុខមាត់ថ្មីលើដីសង្គមកិច្ចរបស់គម្រោង LASED II

ក្នុងវ័យប្រមាណ៦០ឆ្នាំ អ្នកស្រី វ៉ាន់ ស៊ីន កំពុងរង់រស់នៅជាមួយស្វាមី និងកូនប្រុសស្រីចំនួន ៧នាក់ នៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ គ្រួសាររបស់គាត់ចាត់ទុកថាជាគ្រួសារដ៏ធំមួយ ប៉ុន្តែ​អ្នកស្រី និងស្វាមីមិនមានដីគ្រប់គ្រាន់សម្រាប់សង់លំនៅដ្ឋានសមរម្យ និងដីសម្រាប់ធ្វើស្រែចម្ការ ​ដើម្បី​ចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់គាត់ឡើយ។

ដោយមានការបញ្ជាក់ពីអាជ្ញាធរដែនដី រួមផ្សំនឹងភាពក្រីក្រពិតជាក់ស្តែងរបស់គ្រួសារអ្នកស្រី អ្នកស្រីត្រូវបានវិនិច្ឆ័យ និងត្រូវបានជ្រើសរើសជាគ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ចពី គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) នូវដីកសិកម្មទំហំ៣ហិកតា និងដីលំនៅដ្ឋានទំហំ ៣០x៤០ម៉ែត្រ។ ក្រោយពីទទួលបានដីសម្រាប់បង្កបង្កើនផល និងសង់លំនៅដ្ឋានមក អ្នកស្រី ស្វាមី និងកូនៗរបស់គាត់បានខិតខំរួមកម្លាំងគ្នាធ្វើស្រែចម្ការលើដីកសិកម្មនោះ និងបានចិញ្ចឹមគោ មាន់ ទា ព្រមទាំងប្រកបរបរលក់តិចតួចនៅផ្ទះ។ ដោយសារមានជំនាញជាជាងកាត់ដេរ អ្នកស្រី វ៉ាន់ ស៊ីន បានទិញម៉ាស៊ីនដេរមួយគ្រឿងសម្រាប់ដេរ និងប៉ះខោអាវ ដែលអាចរកចំណូលបានប្រមាណពី៥ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។

ដោយសារការព្យាយាម អំណត់ អត់ធន និងការរួមកម្លាំងគ្នារបស់សមាជិកគ្រួសារគាត់ មិនយូរប៉ុន្មានអ្នកស្រី វ៉ាន់ ស៊ឺន មានលទ្ធភាពអាចសង់ផ្ទះ​មួយខ្នងទំហំ៧x១២ម៉ែត្រ សម្រាប់គ្រួសារ កូនៗ និងចៅៗរបស់គាត់រស់នៅ។ លើសពីនេះ អ្នកស្រីក៏បានបែកគំនិតទិញសត្វគោសម្រាប់ចិញ្ចឹមបន្ថែម និងប្រវាស់ឱ្យអ្នកភូមិ ដើម្បីយកកូនទុកគ្រាន់លក់ដូរដោះស្រាយជីវភាព និងទិញសម្ភារៈចាំបាច់មួយចំនួនបានទៀតផង។ រីឯកូនៗដែលស្ថិតនៅក្នុងវ័យសិក្សារបស់អ្នកស្រីបានចូលសាលារៀនគ្រប់ៗគ្នា ដែលសាលារៀននោះត្រូវបានសាងសង់ដោយ គម្រោង បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) នៅក្នុងតំបន់អភិវឌ្ឍន៍នោះផងដែរ។ 

អ្នកស្រី វ៉ាន់ ស៊ីន​ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋជាង ៥.០០០ គ្រួសារ  ដែលបានទទួលដីកសិកម្ម និងដីលំនៅ​ដ្ឋានពី គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលគម្រោងនេះមានវិសាលភាពគ្របដណ្តប់លើសហគមន៍ចំនួន១៤ ក្នុងខេត្តចំនួនប្រាំគឺខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ក្រៅពីការផ្តល់ដីលំនៅដ្ឋាន និងដីកសិកម្ម គម្រោងនេះក៏នឹងសាងសង់ ឬជួសជុលផ្លូវក្រាលក្រួសក្រហម ព្រមទាំងផ្តល់សេវាអប់រំ និងសេវាថែទាំសុខភាពឱ្យកាន់តែល្អប្រសើផងដែរ ជាពិសេសផ្តល់ជំនួយដល់គ្រួសារដែលងាយរងគ្រោះ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះសកម្មភាពប្រកបមុខរបរចិញ្ចឹមជីវិត និងសកម្មភាពដែលផ្ដល់អត្ថប្រយោជន៍ដល់ស្រ្តីផងដែរ៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់