គម្រោង LASED II ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុដល់មន្ត្រីអនុវត្តគម្រោង

រាជធានីភ្នំពេញ៖ លោក ម៉ាអុន ម៉ាអូណាត ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ LASED IIអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោង LASED II ជូនដល់មន្ត្រីហិរញ្ញវត្ថុ បេឡាករ ជំនួយការរដ្ឋបាល និងហិរញ្ញវត្ថុ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងប្រាំខេត្តគោលដៅរួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ និងក្រចេះ។ នៅថ្ងៃអង្គារ ៦រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំបណ្ណាល័យ គ.ជ.អ.ប។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ម៉ាអុន ម៉ាអូណាត ប្រធានសម្របសម្រួលគម្រោងបានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះគឺមានសារៈសំខាន់ណាស់សម្រាប់ពង្រឹង និងពង្រីកចំណេះដឹងដល់មន្ត្រីអនុវត្តគម្រោងទាំងអស់ ទាំងមន្ត្រីរាជរដ្ឋាភិបាល ទាំងមន្ត្រីកិច្ចសន្យា និងទីប្រឹក្សា ដើម្បីបន្តធានារក្សាប្រសិទ្ធភាព និងភាពសក្តិសិទ្ធក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុរបស់គម្រោង។ ទន្ទឹមនឹងនោះ លោកបានបន្ថែមថា ការបណ្តុះបណ្តាលជំនាញនៅពេលនេះគឺស្របទៅតាមទិសដៅនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅពេលដែលក្រសួង ស្ថាប័នមួយចំនួនបាននិងកំពុងផ្ទេរមុខងារជាបន្តបន្ទាប់ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាងគម្រោង LASED II និងជំនាញការរបស់ធនាគារពិភពលោក។ ក្រៅពីការបណ្តុះបណ្តាល ក្រុមការងារនឹងផ្តោតជាសំខាន់លើការពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយចំពោះការងារលទ្ធកម្ម រដ្ឋបាល និងហិរញ្ញវត្ថុដែលក្រុមការងារបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែងតាមគោលដៅនីមួយៗផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់