គម្រោង LASED II រៀបចំកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០១៨

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១​ ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព ជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅឆមាសទី២ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីគ្រប់គ្រងគម្រោងនៃស្ថាប័នជាតិទាំងបីរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីមន្ត្រីគ្រប់គ្រង និងអនុវត្តគម្រោងនៅថ្នាក់ខេត្តគោលដៅទាំង៥រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ សរុបប្រមានជាង​៧០រូប។

នៅក្នុងពិធីបើកកិច្ចប្រជុំនោះ លោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ចំពោះអ្នកអនុវត្តគម្រោងទាំងអស់ ដើម្បីបានដឹងពីវឌ្ឍនភាព បញ្ហាប្រឈម និងរួមគ្នាដោះស្រាយរាល់ភាពអសកម្មនានា សំដៅធ្វើឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យតាមផែនការដែលបានគម្រោងទុក។ លោកបានបន្ថែមថា ការអនុវត្តសកម្មភាពផ្សេងៗរបស់គម្រោងត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀតលើផលប៉ះពាល់ផ្នែកបរិស្ថាន ដើម្បីឱ្យរាល់ការអភិវឌ្ឍនានារបស់គម្រោងប្រកបដោយចេរភាព និងបរិស្ថានល្អ។

បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ស្ថាប័នគ្រប់គ្រង និងអនុវត្តគម្រោងទាំងនៅថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED II បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តគម្រោងគ្រប់ជាន់ថ្នាក់ដែលបានចូលរួមអនុវត្តគម្រោងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆមាសទី១កន្លងមកនេះ។ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រីអនុវត្តគម្រោងទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តសកម្មភាពនានានៅឆមាសទី២ ដើម្បីឱ្យសម្រេចទៅតាមផែនការដែលបានគ្រោងទុក។

នៅឆ្នាំ២០១៨នេះ គម្រោង LASED II បានរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំចំនួនជាង ១១,៥ លានដុល្លារអាមេរិក និងទទួលបានការឯកភាពពីដៃគូអភិវឌ្ឍន៍ឱ្យប្រើប្រាស់ថវិកានេះនៅចុងខែកុម្ភៈ ឆ្នាំ២០១៨។ គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៨ គម្រោងបានប្រើប្រាស់ថវិកាចំនួនជាង២,៥ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ២១% នៃថវិកាដែលបានគ្រោងប្រចាំឆ្នាំ ក្នុងការអនុវត្តសកម្មភាពការងារស្របទៅតាមផែនការដែលបានគម្រោងទុក។

  

  

  

  

  

      

  

    

  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់