គម្រោង LASED II រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការណែនាំអនុវត្តគម្រោងនៅខេត្តក្រចេះ និងត្បូងឃ្មុំ

ខេត្តក្រចេះ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី ​ការណែនាំអនុវត្តគម្រោង (PIM) ជូនដល់មន្ត្រីអនុវត្តគម្រោងនៅក្នុង​ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ នាថ្ងៃព្រហស្បតិ៍-សុក្រ ១០-១១ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០១៨ នៅសាលមហោស្រពខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះមាន​ការអញ្ជើញចូលរួមពីតំណាងនៃ​អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការដ្ឋាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមាន​ការចូលរួមពីប្រធានគ្រប់គ្រងគម្រោងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ និងមន្ត្រីមកពីមន្ទីរវិស័យ​ពាក់ព័ន្ធនៃខេត្តទាំងពីរ ព្រមទាំងទីប្រឹក្សាជាតិ និងថ្នាក់ក្រោមជាតិសរុបប្រមាណជាង៧០រូប។

គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលស្តីពី ការណែនាំអនុវត្តគម្រោង (PIM) គឺដើម្បីបង្កើនការយល់ដឹង និង​ប្រសិទ្ធ​ភាព​ក្នុងការអនុវត្តគម្រោង​របស់ក្រុមការងារថ្នាក់ក្រោមជាតិ ក្នុងខេត្តគោលដៅទាំង៥ ឱ្យបាន​យល់ដឹងកាន់តែច្បាស់អំពី៖

(១) ​គោលការណ៍សំខាន់ៗក្នុងសៀវភៅអនុវត្តគម្រោង

(២) ​នីតិវិធីសំខាន់ៗតាមជំនាញ និងផ្នែកនីមួយៗ

(៣) រចនាសម្ព័ន្ធគ្រប់គ្រង​ និងការទទួលខុសត្រូវក្នុងការអនុវត្តគម្រោង

នៅក្នុងវគ្គបណ្តុះនេះ ក្រុមការងារថ្នាក់ជាតិ​បានធ្វើបទ​បង្ហាញ​ដល់​ក្រុម​ការងារ​អនុវត្ត​​គម្រោង​នៅថ្នាក់​ខេត្ត ដោយផ្សាភ្ជាប់រវាងទ្រឹស្តី និងគោលការណ៍ណែនាំក្នុងសៀវភៅស្តីពីការអនុវត្តគម្រោង ជាមួយនឹងការអនុវត្តជាក់ស្តែងកន្លងមក ដោយផ្តោតបន្ថែមទៅលើបច្ចេក​ទេសសំខាន់ៗតាម​ផ្នែកនីមួយៗ​​ ដើម្បីបង្កើនការយល់​ដឹង​លើ​ជំនាញ​របស់ខ្លួន។ លើសពីនេះ វគ្គបណ្តុះបណ្តាលក៏បាន​បែងចែកក្រុមពិភាក្សា​ ដើម្បីសែ្វងរកចំណុចល្អ និងចំណុចដែលត្រូវកែសម្រួល ឬសំណូមពរកែសម្រួល​ផ្នែក​ណា​មួយនៅក្នុងសៀវភៅណែនាំអនុវត្តគម្រោង ដើម្បីងាយស្រួលក្នុងការអនុវត្តបន្តទៀត៕

សូមបញ្ជាក់ថា បន្ទាប់ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ត្រូវបានចាប់ផ្តើមអនុវត្តកាលពីខែសីហា ឆ្នាំ ២០១៦។ ក្រុមការងារអនុវត្តគម្រោងនៅថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិបានចាប់ផ្តើម និងអនុវត្ត​សកម្មភាពទៅតាមគោលបំណងអភិវឌ្ឍន៍គម្រោង (PDO) និងសូចនាករដូចមានក្នុង​សៀវភៅណែនាំអនុវត្តគម្រោង គោលការណ៍ណែនាំ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ហើយដើម្បី​បង្កើន​ប្រសិទ្ធភាពនៃការអនុវត្ត គម្រោង LASED II បានលើកផែនការសកម្មភាពក្នុងឆ្នាំ២០១៨ ដើម្បីផ្តល់ការបណ្តុះបណ្តាលស្តីពីណែនាំអនុវត្ត តាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង (PIM)” ដល់ក្រុមការងារថ្នាក់ក្រោម​ជាតិទាំង ៥ ខេត្ត ដោយក្នុងនោះក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ធំបានទទួលបណ្តុះបណ្តាលនេះកាលពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨ ហើយខេត្តត្បូងឃ្មុំ និងខេត្តក្រចេះបានទទួលការបណ្តុះបណ្តាលនៅពេលនេះ រីឯខេត្ត​កំពង់ស្ពី និងខេត្តកំពង់ឆ្នាំង នឹងទទួលបានវគ្គបណ្តុះបណ្តាលនាពេលខាងមុខ៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់