អ្នកសារព័ត៌មានទទួលបានការយល់ដឹងបន្ថែមអំពីការអនុវត្តគម្រោង LASED II នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំ៖ នៅថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់​អ្នកសារព័ត៌មានជាតិសំខាន់ៗនៅក្នុងប្រទេសកម្ពុជាទៅកាន់ទីតាំងដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បី (១) បង្កើនការយល់ដឹងដល់អ្នកសារព័ត៌មានអំពី​គោលបំណង និងវឌ្ឍន​ភាព​នៃគម្រោង LASED II (២) ផ្សព្វផ្សាយពីលទ្ធផលគម្រោង និងភាពរីកចម្រើន​របស់អ្នកទទួល​ដីសម្បទាន និង (៣) បង្កើតការ​គាំទ្រ​ពី​សាធារណៈជន និងអ្នកពាក់ព័ន្ធដល់ដំណើរការ​អនុវត្តគម្រោង តាមរយៈការផ្សព្វផ្សាយ​របស់បណ្តាញ​សារព័ត៌មាន។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅថ្ងៃទីមួយនេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រុមការងារគម្រោង LASED II ថ្នាក់ជាតិ និងខេត្តកំពង់ឆ្នាំបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់គម្រោង LASED II ទាំងមូល និងអំពីវឌ្ឍនភាពរបស់គម្រោង LASED II នៅខេត្តកំពង់ឆ្នាំង ដល់អ្នកសារព័ត៌មានដើម្បីឱ្យអ្នកសារព័ត៌មានបានយល់ដឹងពីសាវតា វឌ្ឍនភាព និងការខិតខំប្រឹងប្រែងរបស់គម្រោងក្នុងការបន្តជួយអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផលដែលបានទទួលដីលំនៅឋាន និងដីកសិកម្មពីគម្រោង LASED II។ ក្រៅពីការស្តាប់បទបង្ហាញ អ្នកសារព័ត៌មានក៏បានសួរសំណួរ ថតរូប និងថតវីដេអូទៅកាន់​មន្ត្រីអនុវត្តគម្រោង ដើម្បីស្វែងយល់បន្ថែមទៀតអំពីការអនុវត្តគម្រោង ក៏ដូចជាការរីកចម្រើនរបស់សម្បទានិកដែលទទួលបានដីប្រើប្រាស់ និងដើម្បីចងក្រងព័ត៌មានសម្រាប់ផ្សព្វផ្សាយនៅពេលចប់ដំណើរទស្សនកិច្ចសិក្សានេះផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៨។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមអ្នកសារព័ត៌មាន និងក្រុមការងារអនុវត្តគម្រោងនឹងបន្តដំណើរទៅកាន់ទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED II ដែលស្ថិតនៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅទីនោះ ក្រុមអ្នកសារព័ត៌មាននឹងបានជួបជាមួយអ្នកទទួលផល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើបទសម្ភាសន៍ ថតរូប និងថតវីដេអូអំពីការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់អ្នកទទួលផលទាំងនោះ។

ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ គឺជាផ្នែក​មួយនៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងរបស់គម្រោង LASED II ដែលដើរតួនាទី​យ៉ាងសំខាន់ក្នុង​ការ​ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងចែករំលែកព័ត៌មានដល់ក្រុមការងារអនុវត្តគម្រោង អ្នកទទួលផល និងអ្នកពាក់ព័ន្ធនានា។ សូមរង់ចាំអានអត្ថបទបន្ទាប់!

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់