គម្រោង LASED II គ្រោងថវិកាប្រមាណ១០លានដុល្លារអាមេរិកសម្រាប់អនុវត្តសកម្មភាពនៅឆ្នាំ២០១៩

រាជធានីភ្នំពេញ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំ​កិច្ចប្រជុំ ​ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារ “V” ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោងថ្នាក់ជាតិ ​នៃលេខាធិការដ្ឋានគណៈគម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អគ្គនាយកដ្ឋាន​លំនៅឋាន​នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានកសិកម្មនៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្តទាំង៥ រួមមានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ និងត្បូងឃ្មុំ ព្រមទាំងទីប្រឹក្សា និងក្រុមការងារគម្រោងសរុបប្រមាណ​ជាង​៤០រូប។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គម្រោងមុននឹងដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ពិនិត្យ និងផ្តល់យោបល់ និងដើម្បីបន្ត​ដាក់​ជូនទៅធនាគារពិភពលោកក្នុងការផ្តល់ភាពមិនជំទាស់ ​ដើម្បីឱ្យគម្រោងអាចចាប់ផ្តើមអនុវត្ត​ផែនការសកម្មភាពរបស់ខ្លួនចាប់ពីដើមឆ្នាំ២០១៩ទៅដោយរលូន។

តាមរយៈកិច្ចប្រជុំនេះ សេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់គម្រោង LASED II មានចំនួនសរុបប្រមាណ១០លានដុល្លារអាមេរិក ដោយផ្តោតទៅលើការអនុវត្ត​សកម្មភាព​នៃ​សមាសភាគធំៗចំនួនពីរ គឺ១) ការកែលម្អប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និងមុខរបរចិញ្ចឹមជីវិត និង២) ការគ្រប់​គ្រងគម្រោង៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់