គម្រោង LASED II រៀបចំកិច្ចប្រជុំសរុបលទ្ធផលបេសកកម្មលើកទី៤របស់ធនាគារពិភពលោក

រាជធានីភ្នំពេញ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មលើកទី៤របស់ធនាគារពិភពលោក ដើម្បី​គាំទ្រការអនុវត្តគម្រោង​ (LASED II) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ​នៅសាលប្រជុំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ៩កើត​ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចុះបេសកកម្មរបស់​ធនាគារ​ពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោង LASED II និងលទ្ធផលនៃការចុះបេសកកម្ម​ពិនិត្យ​ទីតាំងសម្រាប់រៀបចំជាដីសម្បទានសង្គមកិច្ចនៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

ឯកឧត្តម ង៉ាន់ ចំរើន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់មន្ត្រីអនុវត្តគម្រោង LASED II ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ព្រមទាំងដៃគូ អភិវឌ្ឍន៍ផ្សេងៗដែលបានសហការគ្នាអនុវត្តការងារសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រ និង ខ្វះខាតដីរហូតទទួលបានលទ្ធផលផ្លែផ្កាដូចសព្វថ្ងៃនេះ ជាពិសេសធនាគារពិភាពលោកដែលតែងតែ គាំទ្រ និងផ្តល់នូវកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថារហូតមកដល់ពេលនេះការអនុវត្តគម្រោងសម្រេច លទ្ធផលបាន​ប្រមាណជាង៥០% ធៀបនឹងផែនការក្នុងរយៈពេល៥ឆ្នាំ។ ​

លោកស្រី ចំរើន មុទិតា ប្រធានក្រុមបេសកកម្ម និងជាប្រធានគ្រប់គ្រងគម្រោង LASED II នៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង LASED II កន្លងមក ហើយ លោកស្រី​បានបន្ថែមថា ផ្អែកលើលទ្ធផលជាវិជ្ជមានដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រីក្រ គ្មានដី ឬមានដីតិចតួចដែលគម្រោង LASED ក្នុងដំណាក់កាលសាកល្បង និងក្នុងជំហាន២​នេះ ធនាគារពិភពលោកបានប្តេជ្ញាក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់នូវហិរញ្ញប្ប ទាន​បន្ថែមទៀត ដើម្បីពង្រីកការអនុវត្តគម្រោងនេះនៅក្នុងខេត្តគោលដៅថ្មីមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។

តាមការគ្រោងទុក ធនាគារពិភពលោកនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៩០ លានដុល្លារ អាមេរិកបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តអនុវត្តគម្រោង LASED ជំហាន៣ ដើម្បីបន្ត គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការរៀបចំ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬមានដីតិចតួច ដើម្បីសង់លំនៅឋាន និងបង្កបង្កើនផលសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពលរដ្ឋក្រីក្រ ទាំងនោះ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់