សម្បទានិកក្នុងឃុំទីពោបានទទួលគ្រាប់ពូជសណ្តែកខៀវ កូនស្វាយចន្ទីរ និងផ្លូវគ្រួសក្រហមថ្មីពីគម្រោង LASED II

ខេត្តកំពង់ធំ៖ ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) បានអញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជសណ្តែកខៀវ កូនស្វាយចន្ទី បើកការដ្ឋានភ្ជួរដីកសិកម្ម និងការដ្ឋានកែលម្អផ្លូវដីសទៅជាផ្លូវគ្រួសក្រហមនៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០១៨។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអនុវត្តគម្រោង LASED II នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលសាលាខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរវិស័យពាក់ព័ន្ធក្នុងខេត្ត រួមជាមួយនឹងប្រជាពលរដ្ឋសរុបប្រមាណជាង៣០០នាក់។

ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ជម្រាបទៅប្រជាពលរដ្ឋនៅក្នុងពិធីនោះថា ការចែកជូនបងប្អូនប្រជាពលរដ្ឋនូវគ្រាប់ពូជសណ្តែកខៀវ​ កូនស្វាយចន្ទីរ ព្រមទាំងការកែលម្អផ្លូវដីសឱ្យទៅជាផ្លូវគ្រួសក្រហមនៅក្នុងភូមិ និងការភ្ជួររាស់ជូនបងប្អូនប្រជាកសិករដែលជាសម្បទានិកនៅពេលនេះមានគោលបំណងក្នុងការបន្តគាំទ្រដល់សម្បទានិកទាំងអស់ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលដែលបានចែកជូនដល់បងប្អូនដែលមានជីវភាពក្រីក្រ គ្មានដីធ្លីសម្រាប់សង់ផ្ទះសម្បែង និងធ្វើកសិកម្ម។ ការបន្តជួយគាំទ្រនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងមន្ត្រីអនុវត្តគម្រោងផ្ទាល់សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សម្បទានិក និងធ្វើឱ្យគុណភាពជីវិតរបស់សម្បទានិកកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានសំណូមពរដល់សម្បទានិកទាំងអស់ត្រូវខិតខំថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធដែលគម្រោងបានកសាងជូនកន្លងមក ត្រូវប្រើប្រាស់ដីលំនៅឋាន និងដីកសិកម្មក្នុងការបង្កបង្កើនផលតាមរយៈការដាំបន្លែ ដាំដើមផ្លែឈើហូបផ្លែ ដាំដើមឈើមានតម្លៃ និងចិញ្ចឹមសត្វ ហើយត្រូវបញ្ជៀសឱ្យបាននូវការយកបណ្ណកម្មសិទ្ធិដីធ្លីដែលទើបទទួលបានទៅដាក់បញ្ចាំ ឬលក់ដូរ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្អូន។ លើសពីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យសម្បទានិកទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នាផងដែរ។

នៅក្នុងពិធីនោះ សម្បទានិកចំនួន៧៧៦គ្រួសារ បានទទួលនូវកូនស្វាយចន្ទីរចំនួន១២៣ដើម និងគ្រាប់ពូជសណ្តែកខៀវចំនួន១៥គីឡូក្រាម ក្នុងមួយគ្រួសារ។

គួររំលឹកថា ឃុំទីពោ ជាឃុំមួយក្នុងចំណោមឃុំទាំង ១២ ដែលត្រូវបានអនុវត្តទាំងក្នុងគម្រោង LASED ជំហានសាកល្បង និងគម្រោង LASED II ចាប់ពីឆ្នាំ ២០០៨។ ឃុំទីពោមានពីរតំបន់គឺ ឃុំទីពោតំបន់ ១ មានសម្បទានិកសរុបចំនួន ៤៧៩គ្រួសារ ស្មើនឹង ២.១៤២នាក់ លើ​ផ្ទៃ​ដីទំហំ ១.៥០៨ ហិកតា និងឃុំទីពោតំបន់២ មានសម្បទានិក​សរុប​ចំនួន ៣០០គ្រួសារ ស្មើនឹង ១.៤០៥នាក់ លើ​ផ្ទៃ​ដីទំហំ ១.៣៣៥,៤៤ ហិកតា។ ក្រៅពីការទទួលបានដីលំនៅឋាន និងដីកសិកម្ម គម្រោងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវមេគ្រួសក្រហម ផ្លូវដីស អាងស្តុកទឹក ប្រឡាយទឹក អណ្តូងទឹក អាគារសហគមន៍ សាលារៀន អាគារស្នាក់នៅរបស់គ្រូបង្រៀន និងគិលានុប្បយិកា ប៉ុស្តិ៍សុខភាព វត្តអារាម ។ល។ ព្រមទាំងបានផ្តល់នូវការបណ្តុះបណ្តាលពីរបៀបចិញ្ចឹមសត្វ និងដាំបន្លែ ដើម្បីបម្រើដល់សេចក្តីត្រូវការក្នុងការធ្វើចរាចរណ៍ និងដឹកកសិផល និងបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់សម្បទានិក។ ពិសេសជាងនេះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨​ សម្បទានិកដែលបានបំពេញគ្រប់លក្ខខណ្ឌដែលកំណត់ដោយច្បាប់ចំនួន៧៧៦គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាន់កាប់ និងប្រើប្រាស់ដីរបស់ខ្លួនដោយស្របច្បាប់៕

  

  

  

  

    

  

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់