គម្រោង LASED II រៀបចំវគ្គបណ្តុះបណ្តាលជំនាញថតរូប និងថតវីដេអូដល់មន្ត្រីអនុវត្តគម្រោង

កំពង់ឆ្នាំង៖ ឯកឧត្តម ហ៊ី ណាត អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីសញ្ញាណទូទៅនៃការប្រើប្រាស់ម៉ាស៊ីនថតរូប និងរបៀប​ថតវីដេអូខ្លី ជូនដល់មន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនង និងមន្ត្រីពាក់ព័ន្ធប្រមាណ៣០រូបនៃគម្រោង​ បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

លោក ហួ កុលវ័ន្ត ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនងនៃគម្រោង LASED II បាន​ជម្រាប​ជូនសិក្ខាកាមថា វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យ​ទាក់ទង​របស់គម្រោង LASED II ហើយវគ្គបណ្តុះបណ្តាលនេះគឺជាការរំលឹកឡើងវិញនូវជំនាញថតរូប និងថត វីដេអូ ដែលក្រុមការងារអនុវត្តគម្រោងបានសិក្សាម្តងរួចមកហើយកាលពីឆ្នាំ២០១៨។ លោកបាន បន្ថែមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រីកចំណេះដឹងបន្ថែមទៀតដល់មន្ត្រីអនុវត្តគម្រោង ជាពិសេសមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនង ដើម្បីមានសមត្ថភាពក្នុងការថតរូប និងថតវីដេអូផ្សព្វផ្សាយ ពីវឌ្ឍនភាពរបស់គម្រោង LASED II ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

នៅក្នុងពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលក្នុងឱកាសនោះ ឯកឧត្តម ហ៊ី ណាត បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់មន្ត្រីអនុវត្តគម្រោង ព្រោះ​ការថតរូប និងថតវីដេអូដែលមានភាពទាក់ទាញ និងអាចយកប្រើប្រាស់ជាផ្លូវការបាន​មិនមែនចេះតែ​ថតនោះឡើយ គឺត្រូវមានក្បួន និងប្លង់ថតច្បាស់លាស់។ លើសពីនេះ ឯកឧត្តមក៏បានសំណូមពរ​ឱ្យសិក្ខាកាមត្រូវខិតខំតាមដានការបង្រៀនរបស់គ្រូឧទ្ទេស ហើយនៅពេលត្រឡប់ទៅវិញត្រូវអនុវត្តឱ្យ​បានច្រើន និងត្រូវរៀបចំរក្សាទុករាល់រូបភាពដែលថតបាន ដើម្បីជាឯកសារសម្រាប់គម្រោង និងប្រើប្រាស់ក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ នៅថ្ងៃទី១ សិក្ខាកាមនឹងបានសិក្សា និងអនុវត្តផ្ទាល់ការថតរូប ហើយនៅថ្ងៃទី២ សិក្ខកាមនឹងបានសិក្សា និងអនុវត្តផ្ទាល់ការថតវីដេអូ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់