គម្រោង LASED II ខេត្តកំពង់ធំប្រគល់សម្ភារៈគាំទ្រការចូលតាំងទីលំនៅជូនសម្បទានិកនៅឃុំដូង

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ស័ង្កសី និងអង្ករជូនសម្បទានិករបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តជ័យរតនរង្សី (វត្តក្របៅ) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ការប្រគល់នូវអង្ករ និងស័ង្កសីជូនសម្បទានិករបស់គម្រោង LASED II នាពេលនេះគឺជាការបន្តគាំទ្រ និងជួយកាត់បន្ថយនូវការលំបាករបស់សម្បទានិកក្នុងអំឡុងពេលដែលសម្បទានិកចាប់ផ្តើមចូលទៅតាំងទីលំនៅលើដីសម្បទានសង្គមកិច្ចនៅឃុំដូងដែលរាជរដ្ឋាភិបាលបានរៀបចំបែងចែកជូននាពេលកន្លងមក។ តាមរយៈការទទួលបានស័ង្កសី និងអង្ករនាពេលនេះ ឯកឧត្តមបានសំណូមពរឱ្យសម្បទានិកបន្តចូលទៅសង់ជម្រកស្នាក់នៅ និងត្រូវចាប់ផ្តើមដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីបន្តកសាងជីវភាពឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។

គួរបញ្ជាក់ថា នេះជាការចែកជូននូវសម្ភារៈគាំទ្រដល់កិច្ចដំណើរការចូលតាំងទីលំនៅរបស់សម្បទានិករបស់គម្រោង LASED II បន្ទាប់ពីគម្រោងបានចែកជូននូវសម្ភារៈកសិកម្ម គ្រាប់ពូជបន្លែ និងកូនឈើហូបផ្លែនាពេលកន្លងមក។

តាមផែនការ នាពេលខាងមុខ គម្រោងនឹងបន្តចែកជូននូវសម្ភារៈមួយចំនួនទៀតដូចជា អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ដើម្បីបន្តគាំទ្រដល់សម្បទានិកក្នុងការចូលទៅតាំងទីលំនៅដំបូង។ លើសពីនេះ គម្រោងក៏នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព ។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីឱ្យសម្បទានិកមានមុខរបរ និងបន្តលើកស្ទួយជីវភាពរបស់ខ្លួន។ ទន្ទឹមនឹងនោះ គម្រោងក៏នឹងផ្តល់ទុនបង្វិលប្រមាណជា ២៨០$ ជូនសម្បទានិកក្នុងមួយគ្រួសារ ដើម្បីចាប់ផ្តើមបង្កបង្កើនផល ឬបង្កើតមុខរបររបស់ខ្លួន។

ជារួម រាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ ដើម្បីប្រែក្លាយពីគ្រួសារដែលគ្មានដី និងខ្វះខាតដីទាំងនោះ ទៅជាគ្រួសារដែលមានដីលំនៅដ្ឋាន និងមានដីសម្រាប់ផលិតកម្មកសិកម្មប្រកបដោយភាពបៃតង និងពីគ្រួសារក្រីក្រ ទៅជាគ្រួសារដែលមានជីវភាពធូរធារប្រកបដោយសុភមង្គល និងក្តីសង្ឃឹមទៅអនាគត។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់