វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីហិរញ្ញវត្ថុសហគមន៍ របស់គម្រោង LASED II

ក្រុមការងារផ្នែកហិរញ្ញវត្ថុរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីហិរញ្ញវត្ថុសហគមន៍ ជូនដល់អ្នកសម្របសម្រូលការអភិវឌ្ឍសហគមន៍ និងកសិកម្មរបស់គម្រោង ចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

អញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ម៉ាអុន ម៉ាអូណាត ប្រធានសម្របសម្រួលគម្រោង LASED II មានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីហិរញ្ញវត្ថុសហគមន៍ ជូនដល់អ្នកសម្របសម្រូលការអភិវឌ្ឍសហគមន៍ និងកសិកម្ម នាពេលនេះ គឺដើម្បីឱ្យអ្នកសម្របសម្រួលទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធី និងការអនុវត្តនីតិវិធីហិរញ្ញវត្ថុសហគមន៍ ដើម្បីធានាជួយគាំទ្រ ដល់កិច្ចដំណើរការអនុវត្តនីតិវិធីហិរញ្ញវត្ថុរបស់សហគមន៍លទ្ធកម្ម។ លោក ម៉ាណូណាត បានបន្ថែមថា ការដាក់ឱ្យមានលទ្ធកម្មសហគមន៍ គឺជាការអនុវត្តនូវគោលនយោបាយវិមជ្ឈការ ព្រោះកាលពីការអនុវត្តគម្រោង LASED ជំហានសាកល្បង ការងារលទ្ធកម្មរបស់គម្រោងត្រូវបានធ្វើតែនៅថ្នាក់ជាតិ និងថ្នាក់ឃុំតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងការអនុវត្តគម្រោង LASED II នេះគឺការអនុវត្តការងារលទ្ធកម្មត្រូវបានប្រគល់ដល់ថ្នាក់សហគមន៍ ដើម្បីបង្កើត និងបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍របស់ខ្លួន បង្កើត និងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ និងបង្កើនការទទួលខុសត្រូវក្នុងការរួមចំណែកថែរក្សានូវសមិទ្ធផលដែលបានកសាងនៅក្នុងសហគមន៍របស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ខេត្តក្រចេះបានចុះហត្ថលេខាលើកិច្ចសន្យាអនុវត្តគម្រោងលទ្ធកម្មសហគមន៍ជាមួយនឹងសហគមន៍លទ្ធកម្មចំនួន៥ នៅក្នុងឃុំសំបុក ឃុំចង្ក្រង់ ឃុំថ្មី និងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ និងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីអនុវត្តលទ្ធកម្មសហគមន៍ក្នុងការធ្វើលូ ដាំស្មៅ និងដាំបង្គោលព្រំសហគមន៍។

សហគមន៍លទ្ធកម្ម កើតចេញពីការចងក្រងជាសហគមន៍ដែលមានសមាសភាពទាំងអស់ជាសម្បទានិកដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED II។ តាមផែនការ គម្រោងគ្រោងបង្កើតឱ្យមានសហគមន៍លទ្ធកម្មចំនួន១៤នៅក្នុងទីតាំងទាំង១៤របស់គម្រោង ដើម្បីអនុវត្តការងារលទ្ធកម្មសហគមន៍ដែលជាការបង្កើតនូវភាពជាម្ចាស់ក្នុងការកសាង និងថែរក្សាសមិទ្ធផលនានារបស់គម្រោង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សម្បទានិកតាមរយៈការអនុវត្តការងារលទ្ធកម្មសហគមន៍ដែលទទួលបានការចុះកិច្ចសន្យាពីគម្រោង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់