កិច្ចប្រជុំបូកសរុប​លទ្ធផលដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការពិនិត្យពាក់កណ្តាល​អាណត្តិគម្រោង LASED II

គម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំ​កិច្ចប្រជុំបូកសរុប​លទ្ធផលដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការពិនិត្យពាក់កណ្តាល​អាណត្តិគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) និងការ​រៀបចំគម្រោង LASED III របស់ក្រុមបេសកកម្មធនាគារពិភពលោក ក្រោមអធិបតីភាពឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថេង ច័ន្ទសង្វារ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុវត្ត​គម្រោង LASED II ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានខិតខំអនុវត្តគម្រោងនាពេល​កន្លង​មក ដោយទទួលបាននូវលទ្ធផលជាទីពេញចិត្តក្នុងការជួយលើកកម្ពស់ជីវភាពសម្បទានិក ​តាមរយៈ​ការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចសម្រាប់សង់លំនៅឋាន និងប្រកបរបរកសិកម្ម។

លោកស្រី ចំរើន មុទិតា អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍជនបទ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ប្រចាំធនាគារពិភពលោក ក៏បានសម្តែងនូវភាពរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​នៃការអនុវត្តគម្រោងគិតចាប់ពីឆ្នាំ២០១៦ រហូតមកដល់ពាក់កណ្តាលអាណត្តិនេះ។ ជាពិសេស តាមរយៈ​ការចុះបំពេញបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការពិនិត្យពាក់កណ្តាលអាណត្តិ​គម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) លោកស្រី និងក្រុមការងារ​បានសង្កេតឃើញថា ជីវភាពរបស់សម្បទានិករបស់គម្រោង LASED II មានភាពកាន់តែរីកចម្រើន​ពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។

ក្រៅពីការជជែកពិភាក្សាអំពីលទ្ធផលនៃដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោង និងការ​ពិនិត្យពាក់កណ្តាលអាណត្តិគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) កិច្ចប្រជុំនេះក៏បានជជែកពិភាក្សាផងដែរអំពីផែនការសកម្មភាពក្នុងការរៀបចំឯកសារ​ពាក់ព័ន្ធនានាដាក់ជូនទៅធនាគារពិភពលោក ដើម្បីពិនិត្យ និងសម្រេចក្នុងការផ្តល់​ហិរញ្ញប្បទាន​សម្រាប់អនុវត្តគម្រោង LASED III ដើម្បីបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងចែក​ជូនដីសម្បទាន​សង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីសង់លំនៅឋាន និងធ្វើកសិកម្ម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់