ប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាល

ខេត្តកំពង់់ធំ៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់់ធំ និងមន្ត្រីពាក់ព័ន្ធនានានៅក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៧៧៦គ្រួសារ ស្មើនឹង១.៣៥១ប័ណ្ណ និងសម្ពោធសមិទ្ធផលនានានៅក្នុងទីតាំងសម្បទានដីសង្គមកិច្ចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ដែលស្ថិតនៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជា សុផារ៉ា បានកោតសរសើរចំពោះអាជ្ញាធរខេត្ត កំពង់ធំដែលបានខិតខំថែរក្សាដីរបស់រដ្ឋបានត្រឹមត្រូវ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងមានតម្រូវការពិតប្រាកដ។ ឯកឧត្តមក៏បានកោតសរសើរផងដែរចំពោះមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មានបាតុភាពណាមួយកើតឡើងដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយពីប្រជាពលរដ្ឋឡើយ។
ផ្អែកតាមរបាយការណ៍បានបង្ហាញថា បន្ទាប់ពីបានទទួលដីរហូតមកដល់បច្ចុប្បន្នមានសម្បទានិកចូលតាំងទីលំនៅសរុបចំនួន៧២៨គ្រួសារស្មើនឹង៩៩% នៃគ្រួសារសរុបចំនួន៧៣១ និងមានគ្រួសារចំនួន៦៧៣ ស្មើនឹង៨៦% នៃគ្រួសារសរុបចំនួន៧៧៩ បានបង្កបង្កើនផលលើដីកសិកម្មសរុបចំនួន៤៨៥ហិកតា ស្មើនឹង២៦% នៃផ្ទៃដីសរុបដែលបានបែងចែកចំនួន១.៧០២ហិកតា។ ក្នុងនោះ សម្បទានិកបានបង្កបង្កើនផលរួមមានដំណាំប្រចាំឆ្នាំដូចជា ស្រូវចំនួន១០៣ហិកតា ដំឡូងមីចំនួន១០ហិកតា សណែ្តកចំនួន២ហិកតា និងដំណាំផ្សេងៗចំនួន១៦ហិកតា និងដំណាំរយៈពេលវែងដូចជា កៅស៊ូចំនួន៣៤ហិកតា ស្វាយចំនួន១៣ហិកតា ស្វាយចន្ទីចំនួន៣២៣ហិកតា និងដំណាំផ្សេងៗទៀតចំនួន១៩ហិកតា។

ទន្ទឹមនឹងនោះ ឯកឧត្តម ជា សុផារ៉ា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចូលតាំងទីលំនៅរបស់ប្រជាពលរដ្ឋដែលមានរហូតដល់ទៅ៩៩% ដែលនេះគឺជាអត្រាខ្ពស់បំផុតដែលបណ្តាខេត្តផ្សេងៗកំពុងអនុវត្តការផ្តល់សម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចត្រូវយកជាគំរូសម្រាប់អនុវត្តនៅក្នុងដែនដីរបស់ខ្លួន។

ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះថា មិនត្រូវបញ្ចាំ ឬលក់ដូរដីនេះឡើយ ព្រោះវាជាអាយុជីវិតរបស់បងប្អូន ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាប្រសើរជាងយកដីទៅបញ្ចាំ ឬលក់។ ក្នុងន័យនេះ ឯកឧត្តមជា សុផារ៉ា ក៏បានសំណូមពរដល់់អាជ្ញាធរពាក់ព័ន្ធថា “ខ្ញុំមិនចង់ឱ្យមេភូមិបញ្ជាក់ទេ…គាត់នឹងខឹងយើងតែមួយភ្លែត តែគាត់នឹងដឹងគុណយើងវិញថា កុំតែបានការផ្តល់យោបល់ប្រឹក្សា នោះគាត់នឹងបាត់ដី”។ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ការអនុវត្តគម្រោងថា “គម្រោងយើងនេះខ្ញុំគិតថាអ៊ីចេះ គិតថាយើងធ្វើជាអ្នកផ្តល់ប្រឹក្សាឱ្យបងប្អូនសម្បទានិកទាំងនៅខេត្តគោលដៅទាំងប៉ុន្មានទៀត គាត់មានអីការលំបាក យើងមានលេខទូរស័ព្ទ គាត់សួរមកយើងឆ្លើយទៅគាត់វិញ។ ជួនកាលកាលលំបាករបស់គាត់ យើងអាចសម្របសម្រួលបាន”។

សម្បទានិកដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ មានចំនួន៧៧៦គ្រួសារ ស្មើនឹង១.៣៥១ប័ណ្ណ ដោយក្នុងមួយគ្រួសារបានទទួលដីលំនៅឋានទំហំ ៣០x៤០ម៉ែត និងដីកសិកម្មទំហំពី១,៥ ទៅ៣,៥ហិកតា អាស្រ័យទៅតាមចំនួនសមាជិកគ្រួសារ។
នៅក្នុងពិធីនោះ គណៈអធិបតីក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវទីតាំងសាធារណៈចំនួន១៧កន្លែងដែលមានជាអាទិ៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន សាលារៀន មណ្ឌលសុខភាព អាគារសហគមន៍ ផ្លូវជនបទ និងអណ្តូងទឹកផងដែរ។

គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ត្រូវបានរៀបចំឡើងដោយយោងតាមបទពិសោធន៍អនុវត្តសាកល្បងរបស់គម្រោង LASED ក្នុងការផ្តល់ដីដល់គ្រួសារក្រីក្រ និងកសាងហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍ថ្មីទាំងនោះ។ គម្រោង LASED II មានរយៈពេល៥ឆ្នាំ (២០១៦ ដល់ ២០២១) ហើយអនុវត្តដោយក្រសួងចំនួនបីនៅថ្នាក់ជាតិរួមមាន អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារថ្នាក់ក្រោមជាតិចំនួន៥ខេត្តរួមមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ គម្រោងនេះស្ថិតក្រោមហិរញ្ញប្បទានឥណទានតាមរយៈកម្ចីហិរញ្ញវត្ថុគម្រោងវិនិយោគ (IPF) ក្នុងថវិកាចំនួន២៦,៨៦លានដុល្លារអាមេរិក គ្របដណ្តប់លើទីតាំងចំនួន១៤កន្លែង ក្នុងឃុំគោលដៅចំនួន១២ឃុំ ស្រុកគោលដៅចំនួន៧ស្រុក លើផ្ទៃដីចំនួន១៧.០៤៤,៨០ហិចតា ដែលមានប្រជាពលរដ្ឋទទួលផលចំនួន៥.១៤១គ្រួសារ ស្មើនឹង ២៥.១៦០នាក់។

  

   

  

   

   

  

   

   

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់