វគ្គបណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រុង ស្រុក ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាពសង្គម​នៅ​ខេត្ត​ព្រះវិហារ

ខេត្ត​ព្រះវិហារ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ​មករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញ​ជាអធិបតីភាពក្នុង​ពិធីបើកវគ្គបណ្តុះ​បណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​ ស្តីពី​ការ​អនុវត្ត​​ការងារ​គណនេយ្យភាពសង្គម  ​រៀចំ​ដោយ​រដ្ឋបាលខេត្តព្រះវិហារ សហការ​សម្រប​សម្រួល​ជាមួយ​​ក្រុមការងារគណនេយ្យ​ភាព​សង្គម​​ថ្នាក់ជាតិ​ ដឹកនាំដោយ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប. ​ដែលទទួលបានការគាំទ្រពីធនាគារពិភពលោក (WB)។

វគ្គបណ្តុះបណ្តាលនេះ មាន​ការចូលរួម​ពី​ លោក​ លោកស្រី​ នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អភិបាលរងក្រុង ស្រុកទាំង៨ អង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព និង​សាលាបឋមសិក្សា) តំណាង​អង្គការ​ WVI និង​អ្នក​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត​ ប្រមាណជា​ ៧០រូប​​។ ​

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង​ ផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការ​យុទ្ធសាស្ត្រ​ស្តីពីការ​ងារ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​» ដល់គ្រូ​បង្គោល​ថ្នាក់​ខេត្ត​ និង​ថ្នាក់ក្រុង ស្រុក ដើម្បី​មានលទ្ធភាព​បណ្តុះ​បណ្តាល​បន្ត​ទៅ​ដល់​អង្គភាព​ផ្តល់សេវា​ អំពី​ «ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​សម្រាប់​​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ» ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការពង្រឹង​ភាព​ងាយស្រួល​ទទួល​បានព័ត៌មាន​នានា និង​ព័ត៌មាន​ថវិកា ការ​ត្រួត​ពិនិត្យ​តាម​ដាន​ដោយ​ប្រជាពលរដ្ឋ​ ការ​សម្រប​សម្រួល​ និង​ការ​ពង្រឹង​សមត្ថភាព​ និង​ការ​ប្រមូល​មេរៀន​បទពិសោធន៍​ និង​ការ​ត្រួត​ពិនិត្យ​តាមដាន។

លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប. បានជម្រាបជូនថា៖ នៅឆ្នាំ២០២១នេះ ការអនុវត្តផែនការអនុវត្តគណនេយ្យភាព សង្គមដំណាក់ កាលទី២ នឹងអនុវត្តក្នុងរដ្ឋបាលស្រុកគោលដៅចាស់ចំនួន០៧ និងពង្រីកការអនុវត្ត នៅក្រុងព្រះវិហារ នៃខេត្តព្រះវិហារបន្ថែមទៀត ដូច្នេះការអនុវត្តការងារគណនេយ្យភាពសង្គមគឺ គ្របដណ្តប់គ្រប់រដ្ឋបាលក្រុង ស្រុក និងអង្គភាពផ្តល់សេវា (រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៅក្នុងរដ្ឋបាលខេត្តព្រះវិហារ។

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង​ខេត្ត​ បាន​មានប្រសាសន៍ផ្តាំផ្ញើទៅគ្រូបង្គោលទាំងអស់​ សូម​មេត្តាយកចិត្តទុកដាក់តាមដានស្តាប់​នូវមេរៀន​នីមួយៗ ស្តីពីការអនុវត្តគណនេយ្យភាពសង្គម ដើម្បីជាទុនដ៏សំខាន់ សម្រាប់យកទៅបង្រៀនបន្តដល់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពដើម្បីអចអនុវត្តការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​នេះ នឹងត្រូវ​​​រៀបចំរយៈពេល ០២​ថ្ងៃ​ ដោយ​ផ្តោត​លើ​មេរៀន​សំខាន់ៗដូច​ខាង៖

  • មេរៀនទី១៖ ផែន​ការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ
  • មេរៀន​ទី២៖ ផែន​ការអនុវត្ត​គណនេយ្យ​ភាព​សង្គម
  • មេរៀនទី៣៖ តួនាទី និង​ភារកិច្ច​ផ្នែក​ផ្គត់​ផ្គង់
  • មេរៀនទី៤៖ តួនាទី និង​ភារកិច្ច​ផ្នែក​តម្រូវការ​
  • មេរៀន​ទី៥៖ កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ
  • មេរៀនទី៦៖ ប្រព័ន្ធ​ទិន្នន័យ​គណនេយ្យ​ភាព​សង្គម
  • មេរៀន​ទី៧៖ ដំណើរការ​ត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ
  • មេរៀន​ទី៨៖ ការ​គាំទ្រ និង​ការ​តាមដាន​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​ដោយ​គណៈ​កម្មាធិការ​ JAAP
  • មេរៀនទី៩៖ ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​​បរិស្ថាន​ និង​សង្គម​
  • មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃ​គម្រោង​ ISAF
  • ការ​រៀបចំ​ផែនការ​សម្រាប់​ការ​អនុវត្ត​៕

#ISAFCambodia #ISAF #ISAF2 #DDReform #DandDRefrom #NCDD #NCDDCambodia #NCDDS #NP #NPII

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់