វគ្គបណ្តុះ​បណ្តាល​ ស្តីពី​ការ​អនុវត្ត​​​ផែនការ​​យុទ្ធសាស្ត្រ​​គណនេយ្យភាពសង្គម​ដល់​គ្រូ​​បង្គោល​​ថ្នាក់​​ខេត្ត ក្រុង ស្រុក​ នៅ​​ខេត្ត​​កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃ អង្គារ ១២រោច ខែអស្សុជ ឆ្នាំ​ឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២១ លេខាធិការដ្ឋាន​ គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះ​បណ្តាលដល់​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​ ស្តីពី​ការ​អនុវត្តផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាពសង្គមនៅ​ខេត្ត​កំពង់ឆ្នាំង ​ដែលដឹកនាំដោយ លោក ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប. ដោយទទួល​បាន​ការគាំទ្រ​មូលនិធិបរធនបាលកិច្ចពីធនាគារពិភពលោក(WB) និងមាន​ការចូលរួម​ពីមន្ត្រី​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​​នៃខេត្ត​កំពង់ឆ្នាំង និងខេត្តកំពង់ធំ​ តំណាង​អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI-360) ​ តំណាងអង្គការស្តារកម្ពុជា និង​អ្នក​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត​ ប្រមាណជា​ ៤០រូប។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាម​វិធានការ​​សុវត្ថិភាព ការពារ Covid-19 ​​៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល។ ​

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ​ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការ​យុទ្ធសាស្ត្រ​ស្តីពីការ​ងារ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​» ដល់គ្រូ​បង្គោល​ថ្នាក់​ខេត្ត​ និង​ថ្នាក់ក្រុង ស្រុក ដើម្បី​មានលទ្ធភាព​បណ្តុះ​បណ្តាល​បន្ត​ទៅ​ដល់​អង្គភាព​ផ្តល់សេវា​ អំពី​ «ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​សម្រាប់​​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ» ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការពង្រឹង​ភាព​ងាយស្រួល​ទទួល​បានព័ត៌មាន​នានា និង​ព័ត៌មាន​ថវិកា ការ​ត្រួត​ពិនិត្យ​តាម​ដាន​ដោយ​ប្រជាពលរដ្ឋ​ ការ​សម្រប​សម្រួល​ និង​ការ​ពង្រឹង​សមត្ថភាព​ និង​ការ​ប្រមូល​មេរៀន​បទពិសោធន៍​ និង​ការ​ត្រួត​ពិនិត្យ​តាមដាន។

លោក ជេដ្ឋ គីមជុង បានស្នើទៅសិក្ខាកាមទាំងអស់ឱ្យ​យកចិត្ត​ទុកដាក់​តាមដាន​ស្តាប់​នូវ​មេរៀន​នីមួយៗ​ ដើម្បី​ជាទុន​ដ៏សំខាន់សម្រាប់​យកទៅ​បង្រៀន​បន្ត​ដល់​រដ្ឋបាល​ឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បី​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​នេះ ប្រកប​ដោយ​គុណភាព​ និង​ប្រសិទ្ធភាព។

សូមបញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​នេះ ត្រូវបាន​​​រៀបចំរយៈពេល០៣​ថ្ងៃ​ ដោយ​ផ្តោត​លើ​មេរៀន​សំខាន់ៗដូច​ខាង៖

  • មេរៀនទី១៖ ផែន​ការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​​​នៅ​ថ្នាក់​ក្រោម​ជាតិ
  • មេរៀន​ទី២៖ ផែន​ការអនុវត្ត​គណនេយ្យ​ភាព​សង្គម
  • មេរៀនទី៣៖ តួនាទី និង​ភារកិច្ច​ផ្នែក​ផ្គត់​ផ្គង់
  • មេរៀនទី៤៖ តួនាទី និង​ភារកិច្ច​ផ្នែក​តម្រូវការ​
  • មេរៀន​ទី៥៖ កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ
  • មេរៀនទី៦៖ ប្រព័ន្ធ​ទិន្នន័យ​គណនេយ្យ​ភាព​សង្គម
  • មេរៀន​ទី៧៖ ដំណើរការ​ត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ
  • មេរៀន​ទី៨៖ ការ​គាំទ្រ និង​ការ​តាមដាន​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​ដោយ​គណៈ​កម្មាធិការ​ JAAP
  • មេរៀនទី៩៖ ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​​បរិស្ថាន​ និង​សង្គម​
  • មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃ​គម្រោង​ ISAF
  • ការ​រៀបចំ​ផែនការ​សម្រាប់​ការ​អនុវត្ត​៕

#ISAFCambodia #ISAF #ISAF2 #DDReform #DandDRefrom #NCDD #NCDDCambodia #NCDDS #NP #NPII

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់