កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការចុះអភិបាលការងារគណនេយ្យភាពសង្គម នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការចុះអភិបាលការងារគណនេយ្យភាពសង្គម ដែលប្រព្រឹត្តទៅនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជា ៩០នាក់។

អង្គភាពផ្តល់សេវាទាំងបីចំនួន១៨ ត្រូវបានចុះអភិបាលតាមបែបគាំទ្រ ដែលរួមមាន៖ ឃុំចំនួន៨ (ឃុំបាគង កណ្តែក កន្ទ្រាំង មានជ័យ រលួស ត្រពាំងធំ បល្ល័ង និងឃុំកំពង់ភ្លុក) មណ្ឌលសុខភាពចំនួន៥ (មណ្ឌលសុខភាពបាគង កណ្តែក មានជ័យ ត្រពាំងធំ និងមណ្ឌលសុខភាពបល្ល័ង) និងសាលាបឋមសិក្សាចំនួន៥ (សាលាបឋមសិក្សាវត្តខ្សាច់ ត្រពាំងពោធិ ជាស្មាន់ ត្រពាំងធំ(តាម៉ុន) និងសាលាបឋមសិក្សាកំពង់ភ្លុក)។

ជាកិច្ចចាប់ផ្តើម លោក ម៉ក់ សំភារ អភិបាលស្រុកប្រាសាទបាគង បានថ្លែងមតិស្វាគមន៍ដោយរៀបរាប់ពីការចាប់ផ្តើមសាកល្បងដំបូងតាំងពីឆ្នាំ២០១៥ លើឃុំគោលដៅចំនួន៣នៃស្រុកនេះ ឯឃុំចំនួន៦ទៀតបានអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០១៦មក។

ឯកឧត្តម ជាម ប៉េអា បានមានមតិសំណេះសំណាលផ្តោតទៅលើសារៈសំខាន់នៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយថាលទ្ធផលចុងក្រោយនៃការអនុវត្តការងារនេះ គឺការពេញចិត្តរបស់ប្រជាពលរដ្ឋ ពោលគឺតួអង្គផ្តល់សេវាធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ តួអង្គផ្តល់សេវាអនុវត្តហើយទទួលខុសត្រូវទៅតាមមុខងារ និងស្តង់ដារការងាររបស់ខ្លួនចំពោះប្រជាពលរដ្ឋ។

បញ្ហា​​មួយចំនួន​ត្រូវ​បាន​រកឃើញ​ក្រោយ​ពី​ការចុះ​អភិបាលរួម​មាន៖ (១)ការងារ​គ្រប់គ្រង​ និង​ទុក​ដាក់​ឯកសារការងាររបស់រដ្ឋបាលឃុំ​ភាគច្រើន​នៅ​មានកម្រិត​នៅ​ឡើយ (២)​ការ​បិទ​ផ្សព្វ​ផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ (I4C) នៃ​អង្គភាព​ផ្តល់​សេវា​ទាំង​បី​បាន​បិទ​ផ្ទាំង​I4C ប៉ុន្តែ​មិន​ទាន់​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេសនៅឡើយ និង​(៣)គ្រប់​ឃុំ​ទាំង​អស់​មិន​បាន​ប្រជុំ​ក្រុម​ប្រឹក្សា​ទៀង​ទាត់​ទេ (១២ដង/១ឆ្នាំ) ហើយ​ភាគច្រើន​គ្មាន​កំណត់​ហេតុ។

អង្គភាព​ផ្តល់​សេវា​ភាគច្រើន​បានលើក​សំណូមពរថា៖ ស្នើ​សុំ​បណ្តុះ​បណ្តាល​ការងារ​គណនេយ្យ​ភាព​សង្គម​ឡើងវិញ និង​ស្នើសុំ​ថ្នាក់​ស្រុក​ ខេត្ត​ និង​ថ្នាក់​ជាតិ​ចុះ​ជួយ​ពង្រឹង​ការងារ​ថ្នាក់​ឃុំឱ្យ​បានទៀងទាត់៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់