ទស្សនកិច្ច​សិក្សាស្វែងយល់​ពីការអនុវត្ត​ការងារគណនេយ្យភាព​សង្គម​នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃ​វែង

ខេត្ត​ព្រៃ​វែង៖ នៅ​ពីថ្ងៃទី ០៨-០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ងី ច័ន្រ្ទផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​​គណៈកម្មាធិការ​គ្រប់​គ្រង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​ (គ.គ.អ.ស) បាន​ដឹកនាំ​សមាជិក សមាជិកា ប្រតិភូ​ទីភ្នាក់​ងារ​សហប្រតិបត្តិ​ការ​សម្រាប់​កិច្ច​អភិវឌ្ឍ​ន៍​របស់​ប្រទេស​ស្វីស (SDC)​ និង​ដៃ​គូ​អភិវឌ្ឍ​ន៍​នានា ​ចុះ​សិក្សា​ស្វែង​យល់​រៀនសូត្រ​ពី​ដំណើរ​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ទាំង​ផ្នែក​ផ្គត់​ផ្គង់ និង​ផ្នែក​តម្រូវការ​ដែល​បាន​នឹង​កំពុង​អនុវត្ត​ជាក់​ស្តែង​នៅ​មូលដ្ឋាន​ និង​​​​ផ្តល់​អនុសាសន៍​ជា​គន្លឹះ​ដើម្បី​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការងារ​កាន់​តែ​ប្រសើរ​ឡើង។

ជាក់ស្តែង​មាន​ស្រុកគោលដៅចំនួន៩៨ នៃខេត្តចំនួន១៨​ផ្តោតលើការផ្តល់សេវារដ្ឋបាលឃុំចំនួន៨២៧ មណ្ឌលសុខភាពចំនួន៦០៥  និងសាលាបឋមសិក្សាចំនួន.១០៨ ក្នុងការផ្តល់នូវព័ត៌មានអំពីសិទ្ធិ ស្តង់ដារការងារ ថវិកា ការបំពេញការងារ និងព័ត៌មាននានាដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ គណៈប្រតិភូ បានជួបប្រជុំពិភាក្សានៅថ្នាក់ខេត្ត។ ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ដែលជាតំណាងរបស់ឯកឧត្តមអភិបាលខេត្ត បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមានវត្តមានក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅខេត្តព្រៃវែង។ តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តព្រៃវែង។ក្នុងនោះផងដែរមន្រ្តីបង្គោលគណនេយ្យភាពសង្គមខេត្តបាន​ធ្វើបទបង្ហាញជូនគណៈប្រតិភូ ដើម្បីស្វែងយល់ពីសាវតារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ នៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តព្រៃវែង។ ស្របពេលជាមួយគ្នានេះដែរក៏មានការលើកជាសំណួរមួយចំនួន ពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស  និងធនាគារពិភពលោកផងដែរ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សានេះ គណៈប្រតិភូ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្រ្តីរដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍នានា​ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធបានអញ្ជើញទៅពិនិត្យការបិទផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋនៅអង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដែលស្ថិតក្នុងដែនរដ្ឋបាលឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជួបជាមួយបុគ្គលិកអង្គភាពផ្តល់សេវាទាំងបី។

 

ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កម្មវិធីទស្សនកិច្ចសិក្សានេះ​ បានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលស្រុកពាមរក៍ ដោយមានមតិស្វាគមន៍ដោយ លោកស្រីអភិបាល នៃគណៈអភិបាលស្រុកពាមរក៍ និងមានបទបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសកម្មភាព និងថវិការបស់រដ្ឋបាលស្រុក ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គម។

 

បន្ទាប់ពីការប្រជុំពិភាក្សានេះចប់ គណៈប្រតិភូ ដៃគូអភិវឌ្ឍន៍នានា និងអ្នកពាក់ព័ន្ធអញ្ជើញចុះទៅសាលាបឋមសិក្សាបន្លិចប្រាសាទ នៃឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ដើម្បីធ្វើការសិក្សាស្វែងយល់ជាក់ស្តែងពីកិច្ចប្រជុំរួមនៅមូលដ្ឋានរវាងអង្គភាពផ្តល់សេវាទាំងបី និងតំណាងប្រជាពលរដ្ឋ ដើម្បីលើកឡើងនូវមតិយោបល់ បញ្ហាប្រឈម  ទាក់ទងនឹងការផ្តល់សេវា និងចាត់សកម្មភាពអាទិភាពសម្រាប់កសាងផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAP)។

 

រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ គណៈប្រតិភូ និងអ្នកពាក់ព័ន្ធ បានជួបពិភាក្សាជាមួយគណៈកម្មាធិការផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAPC) នៃឃុំបន្លិចប្រាសាទ ដើម្បីស្វែងយល់ពីសកម្មភាពប្រជុំរបស់ JAAPC សកម្មភាពអាទិភាពនៃ JAAP ដែលបានអនុវត្ត និងមិនបានអនុវត្តកាលពីឆ្នាំ២០១៧ និងបញ្ហាប្រឈមនៃការអនុវត្ត JAAP។ ក្រោយពេលបញ្ចប់ការជួបពិភាក្សាជាមួយ JAAPC រួចមកគណៈប្រតិភូ និងអ្នកពាក់ព័ន្ធបានអញ្ជើញទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្លឹបកុមារសហគមន៍ដែលជាអ្នកទទួលផលពីការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃការអនុវត្តការងារគណនេយ្យភាពសង្គម។

ការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងរដ្ឋបាលខេត្តព្រៃវែង នឹងបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត ក្នុង​ការ​លើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទរវាងអ្នកផ្តល់សេវា និងប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរនូវឥរិយាបថអវិជ្ជមាននានា។ ចំពោះ​ប្រជាពលរដ្ឋវិញ ទទួលបានព័ត៌មានពីសិទ្ធិ ស្តង់ដារបំពេញការងារ ដើម្បីចូលរួមយ៉ាងសកម្មក្នុងពិនិត្យ តាមដាន ចាត់ចែងនូវថវិការបស់រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់ខ្លួន៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់