ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តការងារគណនេយ្យភាពសង្គម» ដល់មន្ត្រីពាក់ព័ន្ធនានានៃក្រសួងអប់រំ

រាជធានីភ្នំពេញ៖ សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី «ការ​អនុវត្ត​ការងារ​គណ​នេយ្យ​ភាព​សង្គម» ​​ត្រូវ​បាន​រៀបចំ​ឡើងដោយ​ក្រសួងអប់រំ ​យុវជន និង​កីឡា សហការជាមួយ​លេខាធិការដ្ឋាន​ គ.ជ.អ.ប ក្រោម​អធិបតី​ភាព​​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ក្នុង​គោលបំណង​​បង្កើន​ការ​យល់​ដឹង​អំពី​ផែន​ការ​យុទ្ធ​សាស្រ្ត​ ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ផ្សព្វ​ផ្សាយ​​​អំពី​លទ្ធ​ផល​ការងារ​របស់​អង្គភាព​ផ្តល់​សេវា​ក្នុង​វិស័យ​អប់​រំ​នៅ​តាម​សាលាបឋមសិក្សា​ ពិសេស​ចូលរួម​ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​វិស័យ​អប់រំ​តាម​រយៈ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​បាន​ប្រព្រឹត្ត​ទៅ​​នៅ​សាលប្រជុំ​អគារ​រដ្ឋបាល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨។​

​ឯកឧត្តមបណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា មាន​​ប្រសាសន៍​ផ្តោត​សំខាន់​ទៅ​លើវិសាល​ភាព​នៃ​ការ​អនុវត្ត​ ដោយ​គួរ​ពិចារណា​ពង្រីក​ឲ្យ​បាន​គ្រប់​ ២៥​ខេត្ត​ រាជធានី និង​អនុវត្ត​តាម​បែប​គ្រប់គ្រង​សលាស្តង់ដារ (School Best Management) ពោល​គឺ​​ឈរលើគោលការណ៍បីរួមមាន៖ ស្វ័យភាព គណនេយ្យភាព និង​លទ្ធផល​សិក្សា​របស់​សិស្ស​ល្អ​។

បន្ទាប់​ពី​ប្រសាសន៍​បើក​សិក្ខាសាលា​រួច ឯក​ឧត្តម​ ជាម​ ប៉េអា អគ្គនាយករងនៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ និង​ជាប្រធាន​អង្គភាព​ត្រួត​ពិនិត្យ​ វាយតម្លៃ​ និង​ព័ត៌មាន​នៃ​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប បាន​ធ្វើ​បទបង្ហាញ​អំពី​ កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ ក្រោម​ប្រធាន​បទ​សំខាន់ៗ​ដូចជា៖ សាវតា​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សមិទ្ធ​ផល​កម្មវិធី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការងារ​គណនេយ្យ​ភាព​សង្គម និង​ពិភាក្សា​អំពី​សូចនាករសំខាន់​ៗ​ក្នុង​ទម្រង់​ស្រង់​ទិន្នន័យ​។

កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​​ គឺ​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ដែល​ផ្តោត​លើ​ការរៀបចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​ ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ តាម​គោល​ការណ៍​រដ្ឋ​បាល​ឯកភាព​ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។ សាវតា​នៃ​កំណែ​ទម្រង់មាន​ដូច​តទៅ៖

  • ឆ្នាំ​២០០១ ច្បាប់​ស្តី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ឃុំ សង្កាត់​ និង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់
  • ឆ្នាំ​២០០២ ​ការ​ផ្លាស់​ប្តូរ​ជា​ប្រវត្តិ​សាស្ត្រ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល​ឃុំ សង្កាត់​
  • ឆ្នាំ​២០០៥ ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ
  • ឆ្នាំ​២០០៨ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ការ​បង្កើ​ត​ច្បាប់​រៀបចំអង្គការ
  • ឆ្នាំ​២០០៩ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ ស្រុក​ ខណ្ឌ​ និង​រៀបចំ​រចនា​សម្ព័ន្ធ​ និង​ប្រព័ន្ធ​គ្រប់​គ្រង​ឡើង​វិញ
  • ឆ្នាំ​២០១០ កម្មវិធី​ជាតិ​រយៈពេល​១០ឆ្នាំ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ធ្វើ​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​សម្រាប់​ការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ​ដោយ​ផ្តោត​លើ​សមាសធាតុ​សំខាន់​ៗ​ចំនួន​ប្រាំ៖ (១)ការ​គ្រប់​គ្រងកិច្ច​ដំណើរ​ការ​​កំណែ​ទម្រង់​ (២)ការ​លើក​កម្ពស់​គណនេយ្យ​ភាព​តាមបែប​ប្រជាធិប​តេយ្យ​ ​(៣)ការ​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ (៤)ការ​ផ្តល់​សេវា និង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​(៥)​វិមជ្ឈការ​ហិរញ្ញវត្ថុ។

ការ​ងារ​គណនេយ្យ​ភាព​សង្គម​ជា​លទ្ធ​ផល​រំពឹង​ទុក​មួយ​នៃ​សមិទ្ធផល​អភិបាល​កិច្ច​ល្អ​របស់​កម្មវិធី​ជាតិ​។ គណនេយ្យ​ភាព​សង្គម​ គឺ​ជាដំ​ណើរការ​នៃ​ការ​ផ្សារភ្ជាប់​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុម​ប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិដែល​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ចូល​រួម​ផ្តល់​យោបល់​ដល់​ការ​បំពេញ​ការងារ​របស់​ក្រុម​ប្រឹក្សា​ និង​អង្គភាព​ផ្តល់​សេវា​នានា​នៅ​មូលដ្ឋាន។ គោលបំណង​នៃ​ការ​អនុវត្តការ​ងារ​គណនេយ្យ​ភាព​សង្គម​ គឺដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជា​ពលរដ្ឋ​ចូល​រួម​ពង្រឹង​ការ​ចាត់​ចែង​ការ​ប្រើ​ប្រាស់​ថវិកា និង​លើក​កម្ពស់​ការ​បំពេញការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ​២០១៧ មុខងារ​សរុប​ចំនួន​១៤ ដែល​ត្រូវ​បាន​ប្រគល់​ និង​ធ្វើ​ប្រតិ​ភូកម្ម​ទៅ​ឱ្យ​​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ​ដែល​ក្នុង​នោះ​មាន​វិស័យ​អប់​រំ​ផងដែរ។ មុខងារទាំងនោះ​មាន​ចំនួន ៤ ដែល​ក្រសួង​អប់រំ​បាន​ប្រគល់​រួមមាន៖ ការអប់រំ​កុមារតូច ការអប់រំ​បឋមសិក្សា ការអប់រំ​ក្រៅ​ប្រព័ន្ធ និង​ការ​គ្រប់​គ្រង​មត្តេយ្យ​សិក្សា​សហគមន៍៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់