​វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ស្រុកស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម

កំពង់ចាម៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម អញ្ជើញជាអធិបតីក្នុងពិធីបើក​វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ស្រុកស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ជូនដល់មន្ត្រី​ទទួលបន្ទុកអនុវត្តការងារគណនេយ្យភាពសង្គមមកពីស្រុកមួយចំនួននៃខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម។ អញ្ជើញចូលរួមនៅក្នុងពិធីនេះក៏មាន​វត្តមាន​របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រីជា​តំណាងមកពីមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងអង្គការដៃគូនានាដែលកំពុងអនុវត្ត​ការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៨០រូប។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានអំពី “ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាព​សង្គម​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” ដល់គ្រូបង្គោលការងារ​គណនេយ្យភាពសង្គមថ្នាក់ស្រុក ដើម្បីមានសមត្ថភាពអាចបណ្តុះបណ្តាលបន្តដល់អង្គភាពផ្តល់សេវា ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល ការពង្រឹងសមត្ថភាព និងការប្រមូល​មេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។

គួរកត់សម្គាល់ថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) បានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងដោយផ្តោតលើយុទ្ធសាស្ត្រគន្លឹះចំនួន៥ រួមមាន (១) ព័ត៌មាន៖ ការលើកកម្ពស់តម្លាភាព និងភាបងាយទទួលបានព័ត៌មានអំពីស្តង់ដារ ថវិកា និងការបំពេញការងារ (២) ការត្រួតពិនិត្យតាមដាន៖ ការសម្របសម្រួលឱ្យមានការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋទៅលើសកម្មភាព និងការផ្តល់សេវាមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៣) ការងារថវិកា៖ ការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋអំពីថវិកា (៤) ការសម្របសម្រួលការចូលរួម៖ ការគាំទ្រដល់តួអង្គនានា និងការកសាងសមត្ថភាពដល់តួអង្គទាំងនោះ ដើម្បីសម្របសម្រួល និងការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចដំណើការនានានៃគណនេយ្យភាពសង្គម និង (៥) ការសិក្សារៀនសូត្រស្វែងយល់៖ ការប្រមូលមេរៀន បទពិសោធន៍ដែលបានមកពីអន្តរាគមន៍នានានៅមូលដ្ឋាន ដើម្បីប្រែក្លាយបទពិសោធន៍ទាំងនេះដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងការបំពេញការងារអង្គការសង្គមស៊ីវិលនានា។

ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមត្រូវបានដាក់ចេញជា​ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី១ ដោយបានអនុវត្តចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ​នៅលើសេវារដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា នៅក្នុងស្រុកគោលដៅចំនួន៩៨ និងខេត្តចំនួន១៨។ ​ការអនុវត្តផែនការគណនេយ្យភាពសង្គមដំណាក់កាលទី២ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលនឹងត្រូវអនុវត្តនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំនិងសង្កាត់ទូទាំងប្រទេស និងពង្រីកវិសាលភាពសេវាមកលើរដ្ឋបាលក្រុង ស្រុក ខណ្ឌ សង្កាត់ និងសេវាផ្សេងៗទៀតស្របនឹងការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅឆ្នាំ២០១៩នេះ ស្រុកចំនួន៨ ក្នុងចំណោមស្រុកទាំង៩របស់ខេត្តកំពង់ចាមបានចាប់ផ្តើមអនុវត្តការងារគណនេយ្យភាពសង្គម ដោយផ្តោតលើសេវារដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សាទាំងអស់៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់