វេទិកា​​ចែក​រំលែក​មេរៀន​បទ​ពិសោធន៍​លើក​ទី២ស្តីអំពី «​ការ​អនុវត្ត​ផែនការ​គណនេយ្យ​ភាព​សង្គម»

ភ្នំពេញ ១១ សីហា ២០១៧៖ វេទិកាចែករំលែកមេរៀនបទពិសោធន៍លើកទី២ស្តីអំពី «ការអនុវត្តផែនការគណនេយ្យភាពសង្គម» ត្រូវបានរៀបចំឡើងដោយ អង្គការមូលនិធិអាស៊ី សហការជាមួយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី …

ភ្នំពេញ ១១ សីហា ២០១៧៖ វេទិកាចែករំលែកមេរៀនបទពិសោធន៍លើកទី២ស្តីអំពី «ការអនុវត្តផែនការគណនេយ្យភាពសង្គម» ត្រូវបានរៀបចំឡើងដោយ អង្គការមូលនិធិអាស៊ី សហការជាមួយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។

គោលបំណងសំខាន់ៗនៃវេទិកានេះរួមមាន៖ (១)ពិភាក្សាអំពីរបកគំហើញដំបូងនៃការចុះមូលដ្ឋានលើកទីពីររបស់ក្រុមការងាររៀនសូត្រ (២)ដើម្បីអនុញ្ញាតឲ្យដៃគូអនុវត្ត I-SAF ចែករំលែកមេរៀនដែលរៀនសូត្របាននិងធ្វើបច្ចុប្បន្នភាពអំពីការអនុវត្ត និងការច្នៃប្រឌិត ដើម្បីដាក់ចូលក្នុងរបាយការណ៍លើកទី២ និង (៣)ដើម្បីបង្កើតយុទ្ធសាស្ត្រស្ដីពីរបៀបដោះស្រាយបញ្ហាផ្សេងៗដែលទាក់ទងនឹងនិរន្តរភាពទាំងខាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់។

 

លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិដែលជាតំណាងអង្គការសង្គមស៊ីវិល មានមតិបើកកម្មវិធីដោយផ្តោតទៅលើការជំរុញការពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើក០៦ចំណុចដូចជា៖ (១)លើកលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ (២)ការផ្តល់ការគាំទ្របន្ថែមដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ទាំងការបណ្តុះបណ្តាល និងការគាំទ្រផ្សេងៗទៀត (៣)ពន្លឿនការផលិត និងចែកចាយនូវផ្ទាំងព័ត៌មាន និងPost-on ការបិទផ្សាយ និងការថែរក្សា (៤)ពង្រឹងបន្ថែមទៀតលើការបណ្តុះបណ្តាល ឬការយល់ដឹង ក៏ដូចជាការចូលរួមរបស់មន្ត្រីថ្នាក់មូលដ្ឋាន រួមទាំងមន្ត្រីផ្នែកសុខាភិបាល និងអប់រំជាពិសេសសមាជិកក្រុមប្រឹក្សាឃុំថ្មី (៥)ការពង្រឹងយន្តការគាំទ្រក្នុងការអនុវត្តផែនការសកម្មភាពរួច (JAAP) ជាពិសេសពាក់ព័ន្ធនឹងតួនាទីរបស់គណៈកម្មាធិការJAAP និងថវិកាចាំបាច់សមស្រប និង (៦)ជជែកពិភាក្សាពីការងារគណនេយ្យភាពសង្គមនឹងត្រូវអនុវត្តបែបណាបន្ទាប់ពីដំណាក់កាលទីមួយនេះចប់ទៅ។

 

គួរបញ្ជាក់ថាការអនុវត្តផែនការគណនេយ្យភាពសង្គមនេះតាំងពីដើមឆ្នាំ២០១៦មកដល់ពេលនេះ បានសម្រេចការងារជាច្រើនតួយ៉ាង ប្រជាពលរដ្ឋទទួលបានចំណេះដឹងស្តីអំពីសិទ្ធិសេរីភាពការទទួលបានព័ត៌មានទូទៅ ថវិកា សេវាកម្ម និងការចូលរួមរបស់ពួកគាត់ក្នុងដំណើរការអភិវឌ្ឍន៍នៅក្នុងស្រុកគោលដៅចំនួន៩៨បានកាន់តែប្រសើរ។ លើសពីនេះប្រជាពលរដ្ឋបានចូលរួមវាយតម្លៃលើការផ្តល់សេវារបស់សាលាបឋមសិក្សា មណ្ឌលសុខភាព និងឃុំ សង្កាត់ក្នុងស្រុកគោលដៅ។ ជាងនេះទៅទៀតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋបានធ្វើការងាររួមគ្នាក្នុងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយបរិយាប័ន តាមរយៈការកសាងនូវផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមរួមគ្នា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់