កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការចុះអភិបាលការងារគណនេយ្យភាពសង្គម នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ លោក ជេដ្ឋ គីមជុង តំណាងឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគ.ជ.អ.ប បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការចុះអភិបាលការងារគណនេយ្យភាពសង្គមដែលប្រព្រឹត្តទៅនៅសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពរបស់ឯកឧត្តម អោម ចន្ថាអភិបាលរងខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមប្រមាណ១១០នាក់។

អង្គភាពផ្តល់សេវាទាំងបី(រដ្ឋបាលឃុំ មណ្ឌលសុខភាព សាលាបឋមសិក្សា)សរុបចំនួន៣៣ ត្រូវបានចុះអភិបាលតាមបែបគាំទ្រដែលរួមមាន៖ ឃុំចំនួន១៣(ឃុំសឿ ឫស្សីក្រោក តាឡំ គោកបល្ល័ង្គ បន្ទាយនាង អូរប្រាសាទ សំបួរ ភ្នំតូច រហាត់ទឹក ចំណោម បត់ត្រង់ គយម៉ែង និងឃុំស្រះរាំង)។

សាលាបឋមសិក្សាចំនួន០៩(សាលាបឋមសិក្សាជើងចាប សំបួរ បឹងត្រស់ ចំការចេក ចំណោម រហាត់ទឹក តាឡំ ឫស្សីក្រោក និងសាលាបឋមសិក្សាគំរូ)។ មណ្ឌលសុខភាពចំនួន១១ (មណ្ឌលសុខភាពឬស្សីក្រោក១ ឬស្សីក្រោក២ តាឡំ គោកបល្ល័ង្គ ភ្នំតូច ចំណោម បត់ត្រង់ រហាត់ទឹក គយម៉េង ស្រះរាំង និងមណ្ឌលសុខភាពតាអន)។

ជាកិច្ចចាប់ផ្តើម លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរីបានថ្លែងមតិស្វាគមន៍ និងរាយការណ៍អំពីការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមក លោកយល់ឃើញថា៖ ​ការ​ងារ​នេះ​បានទទួលទាំងចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាពផ្តល់សេវាទាំងបីដែលទាមទារនូវការយកចិត្តទុកដាក់បន្ថែម និងហ៊ានទទួលយកនូវចំណុចខ្វះចន្លោះដើម្បីកែលម្អការអនុវត្តការងារគណនេយ្យភាពសង្គមឲ្យកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀតលោកក៏មានប្រសាសន៍ជំរុញដល់គ្រប់ រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សាជាពិសេសមន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ឃុំទាំងអស់ជាតួអង្គសម្របសម្រួលផ្ទាល់ ដោយ​ជំរុញ និងគាំទ្រធ្វើយ៉ាងណាឲ្យមានការបិទផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C) ការបិទផ្សាយទិន្ន័យលទ្ធផលការងារ(Post-On)ជាសាធារណៈ និងបើកចំហរព័ត៌មានថវិកា គ្រប់វិស័យទាំងបីឲ្យកាន់តែទូលំទូលាយជូនប្រជាពលរដ្ឋ។

លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន បានមានមតិសំណេះសំណាល ដោយផ្តោតសំខាន់លើការយកចិត្តទុកដាក់បំពេញការងារគណនេយ្យភាពសង្គមដោយទាមទារអោយអង្គភាពផ្តល់សេវាទាំងបីខិតខំស្វែងយល់បន្ថែមអំពីតួនាទីភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានមតិចាប់អារម្មណ៍លើលទ្ធផលដែលបានរកឃើញដោយវាយតម្លៃខ្ពស់នូវរបកគំហើញពីចំណុចខ្វះខាតជាក់ស្តែងរបស់អង្គភាពផ្តល់សេវាទាំងបី។ លើសពីនេះទៅទៀតឯកឧត្តមបានមានប្រសាសន៍ថា៖ ថ្ងៃនេះជាឱកាសល្អរបស់មន្រ្តីពាក់ព័ន្ធទាំងថ្នាក់ខេត្ត ស្រុក និងឃុំក្នុងការសិក្សារៀនសូត្រ និងកែលម្អចំណុចខ្វះខាតទាំងអស់នោះនឹងត្រូវទទួលយកថានេះជាកំហុសយើងទាំងអស់គ្នាមិនមែនជាកំហុសមន្រ្តីណាម្នាក់នោះទេ។ ជាទីបញ្ចប់ឯកឧត្តមបានសំណូមពរ និងលើកទឹកចិត្តដល់មន្រ្តីពាក់ព័ន្ធឱ្យខិតខំជំរុញកិច្ចការងារគណនេយ្យភាពសង្គមបន្ថែមទៀតដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់