ការអនុវត្តការងារគណនេយ្យភាពសង្គមត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវិទ្យុក្រោមប្រធានបទ “តើអ្វីជាការអនុវត្តការងារគណនេយ្យភាពសង្គម?” ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅស្ថានីយ៍វិទ្យុបាយ័ន។

នៅក្នុងកិច្ចពិភាក្សាផ្សាយផ្ទាល់នោះ ឯកឧត្តម ជាម ប៉េអា បានជម្រាបជូនប្រិយមិត្តអ្នកស្តាប់កម្មវិធីវិទ្យុថា “គណនេយ្យភាពសង្គម គឺជាដំណើរការផ្សារភ្ជាប់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ សំដៅគាំទ្រ ដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការបំពេញការងាររបស់អ្នកផ្តល់សេវាឱ្យកាន់តែមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់”។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ការអនុវត្តគណនេយ្យភាពសង្គមបាន​នឹងកំពុងផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖

  • ធ្វើឱ្យមានការផ្លាស់ប្តូរ ឬការឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋ
  • លើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋ និងតំណាងរបស់ប្រជា​ឱ្យចូលរួមផ្តល់យោបល់ដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ
  • ធ្វើឱ្យការផ្ដល់សេវា និងការបែងចែកធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមាន​ប្រសិទ្ធភាព តម្លាភាព ​គណនេយ្យភាព និងសមធម៌
  • លើកកម្ពស់សិទ្ធិអំណាចប្រជាពលរដ្ឋ តាមរយៈការបង្កលក្ខណៈឱ្យពួកគាត់មានការយល់ដឹង កាន់តែ​ច្រើនឡើងអំពីសិទ្ធ និងការទទួលខុសត្រូវ របស់ខ្លួនក្នុងការប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលថ្នាក់​ក្រោមជាតិ និង
  • កែលម្អសេវា និងបង្កើន​មូលធនសង្គម។

ឯកឧត្តមក៏បានបញ្ជាក់ថែមទៀតថា ការអនុវត្តគណនេយ្យភាពសង្គមត្រូវបានអនុវត្តជា២ផ្នែកគឺផ្នែក​ផ្គត់ផ្គង់ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ​ និងផ្នែកតម្រូវការដែលអនុវត្តដោយប្រជាពលរដ្ឋតាមរយៈ​អង្គការសង្គមស៊ីវិល ​ក្នុងគោលបំណង​ធ្វើឱ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព មានការចូលរួម និងមានការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្រៅពីការជម្រាបជូននូវព័ត៌មានសំខាន់មួយចំនួនខាងលើ ឯកឧត្តមក៏បានឆ្លើយតបចំពោះសំណួរមួយ​ចំនួនរបស់ប្រិយមិត្តអ្នកស្តាប់ដែលបានទូរស័ព្ទសួរសំណួរក្នុងកម្មវិធីនោះផងដែរ។​

 

ឯកសារពាក់ព័ន្ធ

គណនេយ្យភាព

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់