ជំនួបពិភាក្សាបច្ចេកទេសរបស់ប្រធាន គ.គ.អ.ស ជាមួយ USAID និង WB អំពីយន្តការគាំទ្រការងារអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាពសង្គម

រាជធានី​ភ្នំពេញ៖ ជំនួបពិភាក្សាបច្ចេកទេសរវាង​ ឯកឧត្តម​ ងី ច័ន្ទ្រផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​ប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) ជាមួយទីភ្នាក់ងារសហរដ្ឋអារិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និង​ ក្រុម​ការងារ​ធនាគារ​ពិភពលោក (WB) អំពីយន្តការគាំទ្រការងារអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។

នៅ​ក្នុងជំនួប​នេះតំណាង​ USAID បាន​ជម្រាប​ជូន​ ឯកឧត្តម​ ងី ច័ន្ទ្រផល​ ឱ្យបាន​​ជ្រាប​អំពី​គម្រោង​ផ្តួចផ្តើម​គំនិត​សម្រាប់គណនេយ្យភាព​សង្គមនៅ​កម្ពុជា (ISAC) ដែលជា​​គម្រោង​ថ្មីមួយ​នឹង​ត្រូវ​អនុវត្ត​ដោយ​ដៃគូរបស់​ USAID ហើយ​វាដើរស្របទៅនឹង​ការងារ​អនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​ (ISAF) ដែល​កំពុងអនុវត្តនាពេល​បច្ចុប្បន្ន​។ គម្រោង​ ISAC ជា​មជ្ឍមណ្ឌល​ប្រជា​ពលរដ្ឋ​ដោយ​ផ្តល់​​ការ​បណ្តុះ​បណ្តាល​ដល់​ស្ត្រី​ និង​យុវជន​ដើម្បី​ចូលរួម​​ជាមួយ​រដ្ឋបាលថ្នាក់​មូលដ្ឋានក្នុង​ការ​​អភិវឌ្ឍ​លើ​វិស័យអប់រំ សុខាភិបាល កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងសន្តិសុខស្បៀងជាដើម។ សូម​បញ្ជាក់​ថា គម្រោង​ ISAC របស់​ USAID នេះ​ទាន់​ត្រូវ​បាន​​សម្រេច​ចុង​ក្រោយ​ឲ្យ​អនុវត្ត​នៅ​ឡើយទេ។

ស្រប​ជាមួយ​គ្នានេះ​ដែរ ​ ឯកឧត្តម​ ងី ច័ន្ទ្រផល ប្រធាន​ គ.គ.អ.ស បានលើក​ឡើង​ពី​បច្ចុប្បន្ន​នៃ​ការ​ងារ​អនុវត្តផែន​ការ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​ (ISAF) ថា ISAF ដំណាក់​កាល​ទី១ត្រូវ​បាន​បញ្ជប់​ដោយ​ជោគជ័យ (ឆ្នាំ​២០១៦-២០១៨) ដោយ​ទទួល​បាន​​​បទពិសោធន៍ល្អ​ៗ និង​រៀន​សូត្រ​ពី​បញ្ហា​ប្រឈមនានា​សម្រាប់​​អនុវត្តដំណាក់​កាលបន្តទៀត​។ មក​ដល់​ពេល​នេះ ISAF ដំណាក់​ទី២ (ឆ្នាំ​២០១៩-២០២៣) បាន​និង​កំពុង​អនុវត្ត​​ដោយ​មាន​ការ​គាំទ្រពី WB។

ជា​ចុង​ក្រោយ​ ឯកឧត្តម​ ងី ច័ន្ទ្រផល បានស្នើ និង​ផ្តល់​អនុ​សាសន៍​ទៅ​កាន់​ទីភ្នាក់​ងារ​ USAID រួមមាន​៖

  • វាជាការ​ប្រសើរ​ប្រសិនបើទីភ្នាក់ងារ USAID អាចជួយ​គាំទ្រផ្នែកផ្គត់ផ្គង់ (Supply Side)
  • ចូលរួម​គាំទ្រគម្រោង ISAC របស់ទីភ្នាក់​ USAID
  • គម្រោង​ ISAC មិន​ត្រូវ​ពាក់​ព័ន្ធ​នឹង​នយោបាយទេ​
  • ISAF ដំណាក់កាលទី 2 ត្រូវ​ការ​ការផ្តល់​ការ​បណ្តុះ​បណ្តាល​ទាំង​​ផ្នែកផ្គត់ផ្គង់ និងផ្នែក​តម្រូវការ
  • USAID អាចចូលរួម​ធ្វើជាអ្នកអង្កេត​របស់ គ.គ.អ.ស ដូចជា ធនាគារពិភពលោក, សហភាពអឺរ៉ុប …៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់