គ.ជ.អ.ប អនុម័តផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាល​ទី​៣ (ផអ៣ទី៣) នៃ​កម្មវិធី​ជាតិ

ភ្នំពេញ ២៧ តុលា ២០១៧៖ គណៈកម្មាធិការជាតិសម្រាប់​ការ​អភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ  (គ.ជ.អ.ប) បានសម្រេចអនុម័តផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តពង្រឹង​ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឍការឲ្យកាន់តែប្រសើរឡើង។

ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិដែលមាន​កម្រាស់ជាង ១០០ទំព័រ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី ១៤ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក្នុងសាលប្រជុំក្រសួងមហាផ្ទៃ​ ក្រោមអធិបតីដឹកនាំដ៏ខ្ពង់ខ្ពស់របស់​សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយ​មាន​ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាសមាជិករបស់ គ.ជ.អ.ប និងឯកឧត្តម លោកជំទាវដែលជាតំណាងក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ផអ៣ទី៣ មានគោលបំណងបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានស្វ័យភាព និងគណនេយ្យ​ភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរថែម​ទៀត។ ដើម្បីសម្រេចគោលបំណងនេះ ផអ៣ទី៣ មានកំណត់គោលដៅមួយចំនួន រួមមាន ១). ពង្រឹង​ការគ្រប់គ្រងការងារកំណែទម្រង់របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ២). ពង្រឹងអភិបាលកិច្ចល្អរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). លើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃ​ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ៤). ជំរុញការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តួចផ្តើមគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារ​ជា​អាណត្តិទូទៅ មុខងារដែលបានផ្ទេរ និងមុខងារដទៃទៀត ៥). បង្កើនធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់​ក្រោមជាតិ និង ៦). ពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងការផ្តល់សេវា​និងការអភិវឌ្ឍមូលដ្ឋាន។

លើសពីនេះទៀត ផអ៣ទី៣ បានកំណត់អំពីសមាសភាគ សមិទ្ធផលរំពឹងទុក  លទ្ធផលរំពឹងទុក​សកម្មភាព​​ចម្បងៗ ចំណុចដៅ និងស្ថាប័នទទួលខុសត្រូវក្នុងការអនុវត្តយ៉ាងច្បាស់លាស់ ក្នុងនោះ ​រួមមាន សមាសភាគចំនួន សមិទ្ធផលរំពឹងទុកចំនួន ១៦ លទ្ធផលរំពឹងទុកចំនួន ៤៤ និងសកម្មភាពចំនួន ១៧៨ ។

សរុបជារួម លទ្ធផលនៃផអ៣ទី៣ ចែកចេញជា ៤ប្រភេទ រួមមាន ១). លទ្ធផលសម្រាប់​ការអនុវត្ត​កម្មវិធី​ថ្នាក់ជាតិ គឺសកម្មភាពនានាដែលអនុវត្តដោយថ្នាក់ជាតិក្នុងការលើកកម្ពស់​កិច្ចអភិវឌ្ឍ​មូលដ្ឋាន និង​វិមជ្ឈការ។ ២). លទ្ធផលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺអភិបាលកិច្ច ការគ្រប់គ្រង និងការផ្តល់សេវា​សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ៣). លទ្ធផលសម្រាប់​ប្រជាពលរដ្ឋ គឺការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការសាធារណៈ និងកិច្ចការនយោបាយ និងការលើក​កម្ពស់​សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះគឺជាលទ្ធផលនៃការជះឥទ្ធិពល ឬផលប៉ះពាល់នៅ​មូលដ្ឋានរបស់កម្មវិធីផអ៣ទី៣។ និង ៤). លទ្ធផលសម្រាប់ដៃគូពាក់ព័ន្ធផ្សេងៗ រួមមាន ការចូលរួម​របស់សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់អភិបាលកិច្ច ការកៀរគរធនធាន ការបំពេញ​ការងារ​​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការរួមគ្នាក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋានក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះគឺជាលទ្ធផលក្នុងកម្រិតសមិទ្ធ​ផលរំពឹងទុកនៃកម្មវិធីផអ៣ទី៣។

សូម​បញ្ជាក់​ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ១០ឆ្នាំ របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​បែងចែក​ជា ៣ដំណាក់​កាល​សម្រាប់​ការអនុវត្ត រួមមាន ផែនការអនុវត្ត៣ឆ្នាំ (២០១១-២០១៤) ដំណាក់កាលទី១ (ផអ៣ ទី១) ផ្ដោត​លើ​ការ​អភិវឌ្ឍ​គោល​នយោបាយ ការ​រៀបចំ​ឡើងវិញ​នូវ​​រចនា​​សម្ព័ន្ធ ប្រព័ន្ធ និង​នីតិវិធី​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ, ផអ៣ ដំណាក់​កាលទី២ (២០១៥-២០១៧) ផ្ដោត​លើ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​កែ​លម្អ​គុណភាព​សេវា និង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ដំណាក់​កាល​​ចុងក្រោយ ផអ៣ ដំណាក់កាលទី៣ (២០១៨-២០២០) គឺ​ផ្ដោត​លើ​ការ​បន្ត​ជំរុញ និង​ពង្រឹង​ការ​ទទួល​ខុសត្រូវ និង​ស្វ័យភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​​ផ្ដល់​សេវា និង​ការ​អភិវឌ្ឍមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់អំពី គុណតម្លៃ និងតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលមូលដ្ឋានតាមបែបវិមជ្ឈការក្នុងការលើកម្ពស់សិទ្ធិ​របស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់