សិក្ខាសាលា ស្តីពី «ឌីជីថល និង​នាវានុវត្តន៍​ដើម្បី​សេវា​សាធារណៈ​កាន់​តែ​ប្រសើរ​ឡើង» តាមរយៈ​ការអនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យភាពសង្គម

រាធានីភ្នំពេញ៖ នារសៀលថ្ងៃ ពុធ ៦រោច ខែមាឃ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាអុន ម៉ាអូណាត ប្រធានគ្រប់គ្រងគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជា​​ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប. តំណាងឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានលេខាធិការដ្ឋាន​ គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា​​ ស្តីពី «ឌីជីថល និងនាវានុវត្តន៍​ដើម្បី​សេវា​សាធារណៈ​កាន់​តែប្រសើរ​ឡើង​» តាមរយៈ​ការអនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យ​ភាពសង្គម នៅ​សណ្ឋាគារសាន់វេ ភ្នំពេញ ដែលបាន​សហការរៀបចំដោយ​លេខាធិការដ្ឋាន គ.ជ.អ.ប. និង​អង្គការទស្សនៈពិភពលោក (WVI) ដោយមាន​សមាសភាព​អញ្ជើញចូលរួមមកពី តំណាងសហគមន៍អឺរ៉ុប (EU)​​ តំណាងស្ថានទូតអូស្រ្តាលី ផ្នែកការបរទេស និងពាណិជ្ជកម្ម (DFAT) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) តំណាង​មូលនិធិកុមាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNICEF) តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ-កម្ពុជា (UNDP) តំណាងអង្គការអន្តរជាតិរួមមាន៖ CARE, Save the Children, GIZ, PACT, BBC Media Action, iDE តំណាងអង្គការដៃគូអនុវត្ត​ FHI360, API, RACHA, Star Kampuchea និងអ្នកពាក់ព័ន្ធ​នានា​ប្រមាណជា ៧០រូប។

សិក្ខាសាលានេះ មាន​គោលបំណង​​ដើម្បីជំរុញការផ្សព្វផ្សាយ ការចូលរួម តាមដានត្រួតពិនិត្យ ពីប្រជាពលរដ្ឋឱ្យបានទូលំទូលាយ មានលក្ខណៈងាយស្រួល ចំណេញពេលវេលា ថវិកា តាមរយៈការ​បង្កើនការផ្សព្វផ្សាយទាំងបែបប្រពៃណី និងបែបទំនើប ដោយការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។

ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយប្រើប្រាស់នូវបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) លោក ម៉ាអុន ម៉ាអូណាត បាន​ស្នើ​ដល់​ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអនុវត្ត ដូចខាងក្រោម៖

គាំទ្រក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យដើម្បីបន្ថែមលក្ខណៈពិសេសថ្មីៗ (Features) មួយ​ចំនួន​ទៀត​ដែល​ស្រប​ទៅ​នឹង​ដំណើរការ​អនុវត្តការងារ​គណនេយ្យភាពសង្គម​ឲ្យកាន់តែប្រសើរឡើង។​

គួរអនុវត្តតាមយន្តការរួមមួយដែលផ្នែកតម្រូវការបាន និងកំពុងអនុវត្ត។​ អង្គការ​ដៃគូអនុវត្ត ត្រូវអនុវត្ត​តាម​សៀវភៅ​ប្រតិបត្តិការ និង​ឯកសារណែនាំ នៃ​ការត្រួតពិនិត្យ និង​វាយតម្លៃ របស់ផ្នែកតម្រូវការ រួមមួយ និងអនុស្សារណៈនៃការយោគយល់គ្នា ព្រមទាំងឯកសារគតិយុត្តជាធរមាននានា។

អង្គការសង្គមស៊ីវិល គួរយកចិត្តទុកដាក់ទៅលើនិរន្តរភាពនៃប្រព័ន្ធទិន្នន័យ នៅពេលដែលគម្រោង ឬ​ស្ថាប័នរបស់ខ្លួន ចប់​ឬ​ពុំ​មាន​ការគាំទ្រ​ពី​ដៃ​គូអភិវឌ្ឍន៍​បន្តទៀត។

ការសម្រប​សម្រួល ការចែករំលែកព័ត៌មាន និងការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងចំណោម​អ្នកពាក់ព័ន្ធ ជា​កត្តា​​សំខាន់​ដើម្បី​យើង​បង្កើត​បាន​នូវ​ប្រព័ន្ធទិន្នន័យ​គណនេយ្យភាពសង្គម​ប្រកប​ដោយសុខដុមនីយកម្ម។

លើកទឹកចិត្តដល់អង្គការដៃគូរ ផ្នែកតម្រូវការសិក្សាស្វែងយល់ពីប្រព័ន្ធគណនេយ្យភាពសង្គមដែល​មាន​ស្រាប់ ដើម្បី​បន្សី​គ្នា​នៅ​ពេល​រៀបចំ​ធ្វើ​ប្រព័ន្ធទិន្នន័យ​ដែល​មាន​ពាក់ព័ន្ធ​ការងារគណនេយ្យភាពសង្គម៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់