វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលពីរថ្ងៃ គឺនៅថ្ងៃចន្ទ៩រោច និងថ្ងៃអង្គារ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩១០ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលប្រជុំ​ក្រុមប្រឹក្សាខេត្តប៉ៃលិន។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដល់អ្នកចូលរួមទាំងអស់ ដើម្បី​មានលទ្ធ​ភាពអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១៨ ដោយផ្តោតការយកចិត្តទុកដាក់​ទៅលើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព​ និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។`

សមាសភាពអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលមានតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាលរងទទួលបន្ទុកគណនេយ្យភាពសង្គម តំណាងទីចាត់ការអង្គភាព មន្ត្រីគណនេយ្យភាពសង្គមថ្នាក់ខេត្ត តំណាងមន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញថ្នាក់ស្រុក និងឃុំពាក់ព័ន្ធ។

ថ្លែងសុន្ទរកថាក្នុងវគ្គបណ្តុះបណ្តាលនោះឯកឧត្ដម ចេង ញ៉ាន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនបានមាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញនូវក្របខ័ណ្ឌ​យុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ ដើម្បីធានាដល់ដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំបង្កើតជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាមូលដ្ឋានគតិយុត្តិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្ដមបានបន្តមានប្រសាសន៍បញ្ជាក់ថា មូលដ្ឋានគតិយុត្តទាំងពីរនេះ បានជួយជម្រុញឱ្យ​មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់លំដាប់នៅថ្នាក់ក្រោមជាតិ ដែលបច្ចុប្បន្នបាននឹងកំពុងដើរតួនាទី ជាតួអង្គអភិបាលកិច្ចតាមបែប​ប្រជាធិបតេយ្យនៅ​មូលដ្ឋាន។​ ប្រការនេះបានតម្រូវឱ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនីមួយៗត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយធានាបាននូវតម្លាភាព និងការលើកស្ទួយការចូលរួមរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ចេង ញ៉ាន ​ បានមានប្រសាសន៍ថា៖”ក្នុងនាមយើងជាមន្ត្រីរាជការ យើងគឺជាអ្នកបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវគិតគូរ រិះរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រផ្សេងៗ ដើម្បីបំរើប្រជាពលរដ្ឋទូទៅប្រកបសមធម៌ មិនមានការរើសអើង និងមានប្រសិទ្ធភាព​។ ចំពោះប្រជាពលរដ្ឋ គឺជាអ្នកទទួលសេវា និងប្រើប្រាស់សេវា មានសិទ្ធិក្នុងការចូលរួម  ផ្តល់យោបល់ ក្នុងករណីណាដែលមន្ត្រីរាជការរបស់យើងបាន ឬមិនបានយកចិត្ត​ទុកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ”។

ឯកឧត្តម ជាម ប៉េអា អគ្គនាយរងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួត​ពិនិត្យវាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថា ការងារ​គណនេយ្យភាព​សង្គម​ គឺជាផ្នែកមួយដ៏សំខាន់​នៃការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ស្របតាម​វប្បធម៌​ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានរបស់រាជរដ្ឋាភិបាល​ ហើយដៃគូ​អភិវឌ្ឍន៍ភាគច្រើនបានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារនេះណាស់។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់​ថា៖“បើតាមការប៉ាន់ប្រមាណតាមកម្មវិធីជាតិរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ខាងមុខនេះយើងនឹងខិតខំកៀរគរ​ថវិកា​ពីដៃគូអភិវឌ្ឍន៍និងរដ្ឋយើងសម្រាប់​វិនិយោគ​មករដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ២ពាន់លានដុល្លារ។ ដូច្នេះរាជរដ្ឋាភិបាលពិតជាមាន​សមត្ថភាព​ក្នុងការ​អនុវត្ត​ការងារនេះ”។

ក្នុងនាមលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមបានបន្តមានប្រសាសន៍លើកទឹកចិត្តរដ្ឋបាលខេត្តប៉ៃលិន​​ឱ្យបន្តការខិតខំអនុវត្តការងារលើកកម្ពស់ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយគុណភាពថែមទៀត។

គួរបញ្ជាក់​ថា ការងារគណនេយ្យភាពសង្គមគឺជាយន្តការដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការ​ទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់​អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាទាំងបីរួមមានរដ្ឋបាលឃុំសាលាបឋមសិក្សានិងមណ្ឌលសុខភាពនៅមូលដ្ឋាន ដោយអនុលោមទៅតាមកម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ដែលមានគោលបំណងលើកកម្ពស់ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឱ្យ​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក៏ដូចជាការលើកស្ទួយគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់