វគ្គបណ្តុះបណ្តាលស្តីពី ការងារគណនេយ្យភាពសង្គមដល់គ្រូ​បង្គោលថ្នាក់ខេត្ត និងគ្រូបង្គោល​ថ្នាក់ស្រុក

តាកែវ៖ នៅថ្ងៃទីអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមការងារអនុវត្តផែនការ​​​​យុទ្ធសាស្រ្ត​គណនេយ្យ​ភាពសង្គម​​​នៅថ្នាក់ក្រោម​ជាតិ នៃលេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការងារគណនេយ្យសង្គមដល់គ្រូបង្គោល​ថ្នាក់ខេត្ត និងគ្រូបង្គោល​ថ្នាក់ស្រុក នៅក្នុងសាលប្រជុំសាលាខេត្តតាកែវ ក្រោម​អធិបតីភាពឯកឧត្តម ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស។

សមាសភាពអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលមានចំនួនសរុប ៧៨រូប រួមមាន តំណាងលេខា​ធិការ​ដ្ឋាន គ.ជ.អ.ប អភិបាលខេត្តទទួលបន្ទុក លោក លោកស្រីប្រធាន​​មន្ទីរ លោក លោកស្រីប្រធានការិយាល័យ​ជំនាញពាក់ព័ន្ធ និងតំណាងអង្គការសង្គមស៊ីវិល។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង​​​ផ្តល់ចំណេះដឹងជាមូលដ្ឋាន អំពី “ផែនការ​​យុទ្ធសាស្រ្តស្តីពី ការងារគណនេយ្យ​ភាពសង្គម​​​សម្រាប់ការ​​​អភិឌ្ឍតាម​បែបប្រជាធិបេតយ្យ​​​នៅថ្នាក់ក្រោម​ជាតិ” ដល់​​ក្រុមការងារ​​​គណនេយ្យភាព​​សង្គម​ថ្នាក់ខេត្ត​​ និង​​​គ្រូឧទ្ទេស​​​ ថ្នាក់ស្រុក ដើម្បីមានលទ្ធភាព​​​​​បណ្តុះបណ្តាល​​​បន្ត​ទៅ​​​ដល់​​​អង្គភាពផ្តល់សេវាអំពី “ផែនការ​​​​អនុវត្ត​​​​គណនេយ្យភាព​សង្គម​​​​សម្រាប់ការអភិវឌ្ឍតាម​បែបប្រជា​ធិបតេយ្យ​​​​នៅថ្នាក់ក្រោម​ជាតិ” ដោយផ្តោ​​តការ​​​យកចិត្តទុកដាក់​​​​​ទៅលើ​​​ការពង្រឹង​​​​​ភាពងាយ​​​ទទួលបាន​​ព័ត៌មាន​​​​នានា និងព័ត៌មាន​​​ថវិកា ការត្រួតពិនិត្យតាម​​​​ដានដោយ​​​ប្រជាពលរដ្ឋ ការ​សម្របសម្រួល និងការ​ពង្រឹងសមត្ថភាព និងការប្រមូល​​​​មេរៀនបទពិសោធន៍​​​ និងការត្រួតពិនិត្យតាមដាន។

សិក្ខាកាម​ទាំងអស់​បានស្វែងយល់ពីមេរៀនមួយចំនួន រួមមាន ផែនការ​​​យុទ្ធសាស្រ្ត​​​គណនេយ្យភាព​​សង្គម​សម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ ផែនការ​​អនុវត្ត​​គណនេយ្យភាពសង្គម តួនាទី និងភារកិច្ចផែ្នកផ្គត់ផ្គង់ កញ្ចប់ព័ត៌មាន​សម្រាប់ប្រជាពលរដ្ឋ ប្រព័ន្ធទិន្នន័យ​​​គណនេយ្យភាពសង្គម ដំណើរការត្រួតពិនិត្យតាមដាន​​​ដោយ​​ប្រជាពលរដ្ឋ ការគាំទ្រ និងការតាមដាន​​​​ការអនុវត្តផែន​ការ​សកម្មភាព​​​​រួម ស្តីពី ការងារគណនេយ្យភាព​​​​សង្គម ជាដើម។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែ​​​មីនា ឆ្នាំ២០១៩៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់