ការចុះអភិបាលការអនុវត្តការងារគណនេយ្យភាពសង្គមនៅស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប ចុះធ្វើការសិក្សាស្វែងយល់ពីបញ្ហាប្រឈម វឌ្ឍនភាព និងជួយគាំទ្រការរៀបចំផែនការសកម្មភាព និងថវិកានៃការអនុវត្តគណនេយ្យភាពសង្គម និងពិគ្រោះសាកល្បងពីការតាមដានការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (I-SAF) ទៅលើសេវាទាំងបីនៃឃុំចាន់សែន ឃុំក្សេមក្សាន្ត និងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០១៨។

ឃុំទាំងបីខាងលើជាឃុំគោលដៅក្នុងចំណោម១៥ឃុំនៃស្រុកឧដុង្គដែលអនុវត្តការងារគណនេយ្យភាពសង្គម ដោយមានអង្គការ RACHA ជាដៃគូសម្របសម្រួលផ្នែកតម្រូវការ។

លទ្ធផលការងាររបស់ឃុំចំនួន ១៥ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៧ មានដូចតទៅ៖ (១)ស្ថានភាពនៃការបញ្ចូលទិន្នន័យគណនេយ្យភាពសង្គមតាមស្រុកគោលដៅក្នុងស្រុកឧដុង្គបាន ១០០% (២)ចំពោះការបិទព័ត៌មានបាន ៩០% និង(៣)ការប្រជុំពិគ្រោះយោបល់តាមភូមិក្នុងឃុំក៏បាន ៩០%។ ចំណែកការចេញសំបុត្រអាត្រានុកូលដ្ឋានបាន ៨០% កំឡុង៣ថ្ងៃ។

គួរបញ្ជាក់ថា I-SAF ជាយន្តការដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាទាំងបី (ឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព)នៅមូលដ្ឋានអនុលោមតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ ដែលមានគោលបំណងលើកកម្ពស់ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ក៏ដូចជាការលើស្ទួយគុណភាពនៃជីវិតរស់នៅរបស់ប្រជាជន៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់