អនុសាសន៍សំខាន់ចំនួន ២ចំនុច​ពាក់ព័ន្ធ​កំណែ​ទម្រង់​វិស័យ​សុខាភិបាល​នៅ​មូលដ្ឋាន ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីបិទ​សន្និបាត​សុខាភិបាល​ប្រចាំ​ឆ្នាំ​លើក​ទី៣៩ កាល​ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨

កាល​ពី​រសៀលថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៩ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍​ចំនួន ៥ចំនុច​ពាក់​ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​ដើម្បី​​ឱ្យ​កាន់​តែមានប្រសិទ្ធភាពខ្ពស់។ ក្នុ​ង​ចំណោម​អនុសាសន៍​ទាំង ៥ចំនុចមាន​២ចំនុច​ផ្តោត​ទៅ​លើ​​​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យសុខាភិបាលនៅមូលដ្ឋាន ដែល​រួមមាន៖ (១) ត្រូវពង្រឹងសមត្ថភាពនិយ័តកម្មរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងសុខាភិបាលបានធ្វើប្រតិភូកម្មមុខងារនិយ័តកម្មនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាលនៅលើទីផ្សារសុខភាពក្នុងកាលៈទេសៈដែលសេវាសុខាភិបាលឯកជនកំពុងរីកលូតលាស់យ៉ាងខ្លាំង និង​ (២) បង្កើតសកម្មភាពផ្សព្វផ្សាយព័ត៌មាន និង​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានយល់ជ្រួតជ្រាប ជាពិសេសពាក់ព័ន្ធទៅនឹងសុខភាព អនាម័យ មូលនិធិសមធម៌ អំពីការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ គឺត្រូវពង្រឹងយន្តការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានអនុលោមតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ ដែលមានគោលបំណងលើកកម្ពស់ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ក៏ដូចជាការលើស្ទួយគុណភាពនៃជីវិតរស់នៅរបស់ប្រជាជន។

ដោយឡែក​អនុសាសន៍​ ៣ចំនុចទៀតមានដូចជា៖ (៣) ត្រូវពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាលទាំងប៉ុស្ត៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់ប្រភេទ និងមន្ទីរពេទ្យនានាដើម្បីឲ្យមានគុណភាពខ្ពស់។ លើកកម្ពស់អប់រំសតិអារម្មណ៍ មន្ត្រីបុគ្គលិក សុខាភិបាល ប្រតិបត្តិល្អតាមក្រមសីលធម៍វិជ្ជាជីវៈ និងឥរិយាបទសមរម្យជាមួយប្រជាពលរដ្ឋ។ (៤) ត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកធនធានមនុស្សក្នុងវិស័យសុខាភិបាលតាមនីតិវិធីអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ស្ថាប័នដោយបង្កើនផលិតភាពនៃការផ្តល់សេវាទាំងបរិមាណនិងគុណភាព ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់មន្ត្រីសាធារណៈដោយរាប់បញ្ចូលទាំងមន្ត្រីសុខាភិបាលដូចជាការ បង្កើនបៀវត្ស បង្កើនប្រាក់ឧបត្ថមដល់មន្ត្រី សាធារណៈជាស្ត្រីពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជាដើម។ ត្រូវមានការបែងចែកគ្រូពេទ្យរបស់យើងរវាងតំបន់ជនបទ និងទីក្រុងឲ្យមានតុល្យភាព រួមទាំងវិនិយោគអគារសុខាភិបាល និងបច្ចេកវិទ្យាសុខាភិបាលឲ្យចំគោលដៅផងដែរ។ ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ផ្តល់អាគារស្នាក់នៅជូនដល់គ្រូពេទ្យផងដែរ និង (៥) ​ដើម្បីទទួលបាននូវការងារនិយ័តកម្មនេះគឺត្រូវធានាថាសេវាសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋត្រូវឈរលើនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌ខ្ពស់។ ដូចច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹកយន្តការត្រួតពិនិត្យ និងវាយតំលៃមួយជាក់លាក់ដើម្បីធានាឲ្យប្រជាពលរដ្ឋដែលបានចំណាយលើការថែទាំសុខភាពទទួលបានមកវិញនូវគុណប្រយោជន៍ផ្នែកសុខភាពពោលគឺ ទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់