ការ​ចុះ​សិក្សា និង​ប្រមូល​ព័ត៌មាន​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​ក្នុង​ស្រុក​មោង​ឫស្សី ស្រុក​បវេល និង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង

 

បាត់បាត់ដំបង ១៥ សីហា ២០១៧៖ កាលពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការជាមួយកម្មវិធីសហភាពអឺរ៉ុបដើម្បីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR) បានចុះធ្វើការសិក្សា និងប្រមូលព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនបីក្នុងខេត្តបាត់ដំបងរួមមាន ក្រុងបាត់ដំបង ស្រុកមោងឫស្សី និងស្រុកបវេល

បាត់បាត់ដំបង ១៥ សីហា ២០១៧៖កាលពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការជាមួយកម្មវិធីសហភាពអឺរ៉ុបដើម្បីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR) បានចុះធ្វើការសិក្សា និងប្រមូលព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនបីក្នុងខេត្តបាត់ដំបងរួមមាន ក្រុងបាត់ដំបង ស្រុកមោងឫស្សី និងស្រុកបវេល ដែលនៅក្រុង ស្រុកទាំងបីនេះការិយាល័យច្រកចេញចូលតែមួយត្រូវបាន បង្កើតឡើងរួចហើយ។ កម្មវិធី EU DAR ជាកម្មវិធីដែលទទួលបានការគាំទ្រថវិកាដោយក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋសហព័ន្ធអាលឺ្លម៉ង់ (BMZ) និងការគាំទ្រថវិកាបន្ថែមដោយសហភាពអឺរ៉ុប។ កម្មវិធី នេះអនុវត្តដោយអង្គការ GIZ។

 

 

ក្នុងអំឡុងពេលនៃការចុះការសិក្សា និងប្រមូលព័ត៌មាននេះ ក្រុមការងារបានជួបសម្ភាសន៍ជាមួយប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ អភិបាល អភិបាលរងទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយ និងនាយករដ្ឋបាលក្រុង ស្រុកទាំងបីខាងលើ។ ការចុះប្រមូលព័ត៌មាននេះ ធ្វើឡើងស្របតាមការសម្រេចរបស់គណៈកម្មការគ្រប់គ្រងកម្មវិធី EU DAR ក្នុងការចាប់ផ្ដើមអនុវត្តសាកល្បងនូវប្រព័ន្ធគ្រប់គ្រងគុណផលនៅតាមបណ្តាការិយាល័យច្រកចេញចូលតែមួយជាដៃគូរបស់កម្មវិធី EU DAR ជាមុនសិន។

 

គោលបំណងសំខាន់នៃការចុះប្រមូលព័ត៌មាននេះគឺដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការរបស់ការិយាល័យច្រកចេញចូលតែមួយ ក៏ដូចជាអំពីការអនុវត្តនូវឧបករណ៍នានាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងគុណផលនៅក្នុងការិយាល័យនេះ។ ការចុះប្រមូលព័ត៌មាននេះ អាចជួយដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ (ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ) និងកម្មវិធី EU DAR ឲ្យយល់កាន់តែប្រសើរ អំពីតម្រូវការគាំទ្រចាំបាច់នានាដល់ប្រតិបត្តិការនៃការិយាល័យច្រកចេញចូលតែមួយ និងការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងគុណផលនៅបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិជាដៃគូរបស់កម្មវិធី EU DAR ។

 

ការសិក្សា និងប្រមូលព័ត៌មាននេះផ្ដោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ (១) អំពីការបង្កើត និងដំណើរការនៃការិយាល័យច្រកចេញចូលតែមួយ (២) អំពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅក្នុងការិយាល័យច្រកចេញចូលតែមួយ (ចំនួនបុគ្គលិក ផែនការការងាររបស់បុគ្គលិក និង/ឬរបស់ការិយាល័យ វត្តមាន ផែនការតម្រូវការបុគ្គលិកប្រចាំឆ្នាំ ការពិពណ៌នាមុខតំណែង ការវាយតម្លៃគុណផលការងាររបស់បុគ្គលិក ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក)  (៣) អំពីការផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាលដោយការិយាល័យច្រកចេញចូលតែមួយ (៤) អំពីការសម្របសម្រួលជាមួយមន្ទីរ និងការិយាល័យជំនាញ (៥) អំពីការធានាគុណភាពសេវាដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយ (៦) អំពីបញ្ហាប្រឈម និង (៧) អំពីតម្រូវការការគាំទ្រ។

 

តាមរយៈការជួបសម្ភាសរវាងក្រុមការងារជាមួយការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុកទាំងបីបានបង្ហាញឲ្យឃើញថា ការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានច្រើន ជួយកាត់បន្ថយពេលវេលា ភាពស្មុគស្មាញ ថវិកា និងភាពមិនប្រក្រតីនានា ក៏ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គដល់ការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព និងភាពរលូនជូនប្រជាពលរដ្ឋផងដែរ ក្នុងនោះរួមមានសេវានៃវិស័យមួយចំនួននៅពុំទាន់ត្រូវបានធ្វើប្រតិភូកម្មមកឲ្យការិយាល័យច្រកចេញចូលតែមួយនៅឡើយ ដែលតម្រូវឲ្យអ្នកមកទទួល  សេវាត្រូវស្វែងរកសេវាប្រភេទនេះពីផ្នែក ឬស្ថាប័នផ្សេងៗទៀត ដែលនេះជាកត្តាធ្វើឲ្យអ្នកស្នើសុំសេវា ឬប្រជាពលរដ្ឋមានភាពរារែក ឬមិនចង់មកស្នើសុំសេវាបែបនេះនៅការិយាល័យច្រកចេញចូលតែមួយ។

 

ទន្ទឹមនឹងនេះ នៅមានបញ្ហាប្រឈមជារួមមួយចំនួនដែលលើកឡើងដោយការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុកទាំងបីពាក់ព័ន្ធទៅនឹងការខ្វះមន្ត្រីសម្រាប់បំពេញការងារទាំងនៅជួរមុខ និងជាពិសេសជួរក្រោយដោយសារមន្ត្រីភាគច្រើនមិនបានមកបំពេញការងារជាប់លាប់ ដោយមូលហេតុទីលំនៅឆ្ងាយ។

 

លើសពីនេះទៀត ក្រុមការងារសង្កេតឃើញថាការផ្សព្វផ្សាយអំពីការិយាល័យច្រកចេញចូលតែមួយ ឬ អំពីសេវាដែលផ្ដល់ដោយការិយាល័យនេះនៅពុំទាន់បានទូលំទូលាយ ជាពិសេសសម្រាប់ការិយាល័យដែលទើបនឹងបង្កើតថ្មី ក៏ដូចជាការខកខានក្នុងការផ្សព្វផ្សាយបន្ថែម និងបន្តពីសំណាក់ការិយាល័យដែលបានដំណើរការពីមុនៗមក។

 

ការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុកទាំងបីគួរបង្កើនការយកចិត្តទុកដាក់បន្ថែមលើការតាមដានត្រួតពិនិត្យពីភាពពេញចិត្តរបស់អ្នកមកទទួលសេវា។ តាមការអនុវត្តកន្លងមក កិច្ចការនេះជាការទទួលខុសត្រូវរបស់ការិយាល័យប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែការិយាល័យនេះហាក់មានពុំសូវមានអន្តរទំនាក់ទំនងជាមួយការិយាល័យច្រកចេញចូលតែមួយដើម្បីចែករំលែក ឬផ្លាស់ប្ដូរព័ត៌មានពីលទ្ធផលដែលទទួលបានពីការស្ទង់មតិ ឬការផ្ដល់យោបល់ត្រឡប់របស់ប្រជាពលរដ្ឋ ដើម្បីកែលម្អ និង/ឬ ពង្រឹងការផ្ដល់សេវានៅឡើយ។

 

ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍បុគ្គលិក ក្រុមការងារសង្កេតឃើញថាការរៀបចំការពិពណ៌នាមុខតំណែង ការរៀបចំផែនការការងារប្រចាំខែ ឬប្រចាំឆ្នាំរបស់បុគ្គលិក ឬរបស់ការិយាល័យ និងរៀបចំផែនការបណ្ដុះបណ្ដាលសម្រាប់បុគ្គលិក នៅពុំទាន់បានអនុវត្តពេញលេញនៅឡើយ។

ការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុកទាំងបីក៏បានបង្ហាញពីតម្រូវការគាំទ្រមួយចំនួនផងដែរ រួមមានការគាំទ្រដើម្បីជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការផ្ដល់សេវារដ្ឋបាលដោយការិយាល័យនេះ ការគាំទ្រ និងកិច្ចសហការល្អពីមន្ទីរ ឬការិយាល័យជំនាញ ការគាំទ្រក្នុងការផ្ដល់បុគ្គលិកបន្ថែមដល់ការិយាល័យ និងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីជាដើម។

តាមរយៈការចុះសិក្សា និងប្រមូលព័ត៌មាននេះ បង្ហាញឲ្យឃើញថាការិយាល័យច្រកចេញចូលតែមួយចាំបាច់ត្រូវមានការគាំទ្របច្ចេកទេស និងធនធានពីថ្នាក់ជាតិបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសេវាដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់