វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តនីតិវិធីហិរញ្ញវត្ថុសម្រាប់សកម្មភាពគណនេយ្យភាពសង្គមឆ្នាំ២០១៨

រាជធានីភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តនីតិវិធីហិរញ្ញវត្ថុសម្រាប់​សកម្មភាពគ​ណនេយ្យភាពសង្គមឆ្នាំ២០១៨ ដល់មន្ត្រីជំនាញមកពីខេត្តគោលដៅទាំង១៨ ដែលអនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គមឆ្នាំ២០១៨ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃចន្ទ ៩រោច និងថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលប្រជុំលេខា​ធិការដ្ឋាន គ.ជ.អ.ប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅយល់ដឹងពីការរៀបចំ​សកម្មភាព និងផែនការថវិកាទៅក្នុងប្រព័ន្ធទិន្នន័យផែនការបរិក្ខារជាតិ (NAD) ការអនុវត្តនីតិវិធីហិរញ្ញវត្ថុ​​របស់ គ.ជ.អ.ប (ការអនុវត្តការចំណាយ ការស្នើសុំទូទាត់ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ) ការរៀបចំប្រព័ន្ធគណនេយ្យ និងការបិទសេចក្តីសម្រេចរួមឆ្នាំ២០១៧។

សមាសភាពអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលសរុបមានចំនួនប្រមាណ៥០រូប ដែលមានតំណាងមកពីលេខាធិការ​ដ្ឋាន គ.ជ.អ.ប និងតំណាងរដ្ឋបាលខេត្តគោលដៅទាំង​១៨ ដែលអនុវត្តការគណនេយ្យភាពសង្គមនៅឆ្នាំ២០១៨ រួមមាន៖ ខេត្តបន្ទាយមានជ័យ  ​បាត់ដំបង  កំពង់ឆ្នាំង កំពង់ស្ពឺ ​កំពង់ធំ ​កំពត ​កោះកុង ​ក្រចេះ ​មណ្ឌលគិរី ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនៈគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង ប៉ៃលិន និងខេត្តត្បូងឃ្មុំ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់