កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍមូលដ្ឋានកាន់តែល្អប្រសើរ

កំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការជា​​​​កំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារៈ​សំខាន់របស់​រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់​លើការរៀបចំឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដោយឈរលើ​គោលការណ៍នៃ​រដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែប​ប្រជា​ធិបតេយ្យ។កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់​​​សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ​របស់ប្រជា​ពលរដ្ឋ និង​ រួមចំណែក​កាត់បន្ថយភាពក្រីក្រ​ប្រកបដោយប្រសិទ្ធភាព។

ដើម្បីឱ្យកំណែ​ទម្រង់វិមជ្ឈការ និងសហវិមជ្ឈការទទួលបាន​ជោគជ័យ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង​កិច្ចដំណើរនេះ គឺជាធាតុផ្សំមួយយ៉ាងសំខាន់មិនអាចខ្វះបាន។ ការចូលរួម​ពីប្រជាពលរដ្ឋប្រៀបបានដូចជាត្រី​វិស័យមួយសម្រាប់ចង្អុលបង្ហាញផ្លូវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អាច​ធ្វើសេចក្តីសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ឈានទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ  ឫការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍមូលដ្ឋាន ព្រោះបាន​បង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកៀកជិតប្រជាពលរដ្ឋ បង្កើនការទទួល​ខុសត្រូវ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ការចូលរួមរបស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោកបន្ថែមថា ការចូលរួមពីពលរដ្ឋក្នុងកំណែទម្រង់វិមជ្ឈការ និង​វិសហ​​​​មជ្ឈការ​នេះ គឺជាមធ្យោបាយមួយយ៉ាង​សំខាន់សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បី​អាចទទួលបានព័ត៌មាន​នានាអំពីតម្រូវការ បញ្ហា​ប្រឈម បំណងប្រាថ្នា បទពិសោធន៍ គំនិត​យោបល់​ពីប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការ​របស់ពលរដ្ឋ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នលេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កំពុងសហការជាមួយនឹង​កំណែ​ទម្រង់​ពីរផ្សេងទៀត គឺកំណែ​ទម្រង់រដ្ឋបាល​សាធារណៈ និងកំណែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ ដើម្បីរៀបចំកែសម្រួលនូវរចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ​​​បាលថ្នាក់ស្រុក ដោយធ្វើ​សមាហរណ​កម្ម​ការិល័យជំនាញនានារបស់ក្រសួងនៅថ្នាក់ស្រុកចូលទៅក្នុងរចនា​សម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ក្នុងគោលបំណងប្រែក្លាយរដ្ឋបាលក្រុង ស្រុកឱ្យទៅជារដ្ឋបាលមូលដ្ឋាន​ច្បាស់លាស់មួយដែល​មានសក្តានុ​ពល ដែលអាចប្រមូលផ្តុំទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូន​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាព»។

ជាផ្នែកមួយនៃការបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព កាន់តែកៀកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចអនុម័តអនុក្រឹត្យលេខ២៨៥ ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោម​ជាតិ ក្នុងការប្រើប្រាស់នូវសិទ្ធិអំណាចសម្រាប់អនុវត្តមុខងារជាជម្រើសរបស់ខ្លួន សំដៅលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌ ឆ្លើយតបតម្រូវការរបស់​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ដោយឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដៅវិស័យជាអាទិភាពសំខាន់ៗមួយចំនួន ដើម្បីការអភិវឌ្ឍ​មូលដ្ឋានក្នុងដំណើរការកែទម្រង់ប្រព័ន្ធវិមជ្ឈការ  និងសហវិមជ្ឈការ។ វិស័យទាំងនោះ រួមមាន វិស័យកសិកម្ម អប់រំ         បរិស្ថាន   សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធារាសាស្ត្រ សង្គមកិច្ច និងសេដ្ឋកិច្ចជាដើម។

ដើម្បីចូលរួមចំណែក ក្នុងដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់នៃខេត្តពោធិ៍សាត់ បានរួមចំណែកយ៉ាង​សកម្មក្នុងការអភិវឌ្ឍ លើវិស័យជាអាទិភាព​នៅ​មូលដ្ឋានរបស់ខ្លួន ដូចជា វិស័យសង្គមកិច្ចនៅ​មូលដ្ឋាន ក្រុមប្រឹក្សាក្រុងបានបង្កើត​គណៈកម្ម​ការ​ទទួល​បន្ទុក​កិច្ចការនារី និងកុមារ​ឃុំ ដើម្បី​ជួយដោះស្រាយបញ្ហាស្រ្តី និងកុមារ​តាមមូលដ្ឋាន។

លោក ប៊ុង តាំងឡាយ ​អភិបាលរង​ក្រុងពោធិ៍សាត់មានប្រសាសន៍ថា៖ «ស្ត្រីក្រីក្រ​ដែលខ្វះលទ្ធភាពគឺយើង​ជួយ​ឧបត្ថម្ភគាត់ ដូចជា​ ការមកសម្រាលកូននៅមណ្ឌលសុខភាព។ មួយ​វិញទៀតយើងមាន​កម្មវិធីរបស់រដ្ឋាភិបាល គឺ​ការ​ប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណនេះគឺមាន​ផល​ប្រយោជន៍​​ច្រើន ជាពិសេស​ទាក់ទងនឹង​សុខភាព ពេល​គាត់មានបញ្ហាសុខភាព គាត់ទៅទទួល​សេវាតាម​ពេទ្យ​រដ្ឋ គឺមិនមានការបង់ប្រាក់​ឡើយ។ មួយវិញ​ទៀត​​ប័ណ្ណសមធម៌នេះ ក៏អាចប្រើសម្រាប់ការ​អនុ​គ្រោះ ឬក៏ការលើកលែងថ្លៃសេវារដ្ឋបាល​ផ្សេងទៀត​នៅ​​តាមសង្កាត់ និងក្រុង»។

ចំពោះ ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងក្រុងពោធិ៍សាត់វិញ សង្កាត់ទាំង៧ សុទ្ធតែបានទទួលកម្មវិធី​បណ្តុះបណ្តាលបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុ ដែលកម្មវិធីនេះគាំទ្រដោយរាជរដ្ឋាភិបាល។ លោក ប៊ុង តាំងឡាយ បន្ថែមថា ការតបណ្តាញអគ្គិសនី និងទឹកស្អាតក្នុងក្រុងពោធិ៍សាត់បានពង្រីកទៅដល់ទីប្រជុំជន ដើម្បីបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋនៅទីនោះ។

តាមរយៈការអភិវឌ្ឍលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច លោកអភិបាលរងក្រុងពោធិ៍សាត់បង្ហាញ​ការតាំងចិត្ត​យ៉ាងដូច្នេះថា៖ «ជាផែនការទៅថ្ងៃអនាគត គឺការលើកកម្ពស់វិស័យសង្គមកិច្ចយើងនៅតែបន្តធ្វើ និងធ្វើឱ្យបាន​កាន់តែ​ប្រសើរ តាមរយៈការពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ ដោយសារតួនាទីរបស់យើងគឺយើងអនុវត្ត​តាម  តួនាទីភារកិច្ច។ អីចឹង! រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែសម្លឹងមើលក្នុងការផ្ទេរមុខងារ គឺយើងផ្ទេរមុខងារ​ដែលបច្ចុប្បន្នមានក្រសួងអប់រំ និងក្រសួងសុខាភិបាលដែលបានចេញអនុក្រឹត្យស្តីពីការផ្ទេរមុខងារហ្នឹង ហើយ​​​ក្រសួងអប់រំមានការផ្ទេរមុខងារអប់រំកុមារតូចមកដល់រដ្ឋបាលក្រុង។ ចំណែកក្រសួងសុខាភិបាល​ក៏បាន​ផ្ទេរ​មុខងារការគ្រប់គ្រងមណ្ឌលសុខភាពមកឱ្យថ្នាក់មូលដ្ឋាន ដែលកិច្ចការនេះសុទ្ធតែជាយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិ​បាល ​ក្នុងការបង្ខិតសេវាក៏ដូចជា ការលើកកម្ពស់គុណភាពសេវាដល់ប្រជាពលនៅមូលដ្ឋានផងដែរ»។

ជាក់ស្តែង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ​នៅឆ្នាំ២០១៨ រួមមានផ្លូវលំចំនួនពីរខ្សែ មួយខ្សែជាផ្លូវក្រាលគ្រួសក្រហមប្រវែង១.៨០០ម៉ែត និងមួយខ្សែទៀតក្រាលដីសប្រវែង​១.៣០០ម៉ែត ព្រមទាំងបានជីកស្រះតាមសហគមន៍បានចំនួន១៤ស្រះ។ ទាំងនេះ គឺជាសមិទ្ធផលដែលកើត​ចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាឃុំមេទឹក ដោយបានសិក្សាពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងភូមិ។ នេះបើតាមការគូសបញ្ជាក់ពីលោក ឈាវ គុច ដែលជាមេឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ឈាវ គុច ៖«គម្រោងផ្លូវ​ដែល​យើង​ត្រូវធ្វើហ្នឹង យើងបានប្រមូល​ប្រជាពលរដ្ឋមក​ប្រជុំ​សិក្សា​ផលប៉ះពាល់​ដីធ្លី ផលដំណាំគាត់ ដូច្នេះពេល​គាត់​​ឯកភាពយើងចាប់ផ្តើមសិក្សាតែម្តង។ ភាគ​ច្រើន​ពេលប្រជុំតែងតែ​លើកយក​បញ្ហាហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ ជីក​ស្រះ ស្តារប្រឡាយ ដែលគាត់លើក​ផុលផុសច្រើន។ សព្វថ្ងៃ​ប្រជាពលរដ្ឋចង់​បានច្រើន តែថវិការបស់យើងមានតិចតួចមិនអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការទាំងអស់បាននោះឡើយ»។

ជាកសិករមួយរូបរស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក កែវ ខេង និយាយថា បច្ចុប្បន្ន​ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិមាន​ការអភិវឌ្ឍ​ល្អប្រសើរជាងមុន បន្ទាប់ពីអាជ្ញាធរឃុំ​បានយកចិត្ត​ទុកដាក់​ដោះស្រាយរាល់សំណើ និង​សេចក្តីត្រូវការ​របស់​ពលរដ្ឋ។ លើសពីនេះ លោក កែវ ខេង ចង់ឱ្យ​ក្រុម​ប្រឹក្សាឃុំមេទឹក ជួយស្តារ ប្រឡាយ និងជុសជុល​ផ្លូវលំដែល​មានស្រាប់ ដើម្បីបម្រើ​សេចក្តី​ត្រូវការ​នៃការងារកសិកម្ម និងការដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កំពុងធ្វើដំណើរលើផ្លូវគ្រួសក្រហមមួយខ្សែសំដៅទៅស្រែរបស់ខ្លួន អ្នកស្រី ម៉ៅ គង់ ប្រជាពលរដ្ឋរស់នៅ​ភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និយាយថា អ្នកស្រីតែងតែចូលរួមប្រជុំពីការអភិវឌ្ឍភូមិឃុំតាម​ការកោះអញ្ជើញរបស់មេឃុំ។ អ្នកស្រី ម៉ៅ គង់៖ «បើអត់បានចូលរួមប្រជុំ ខ្ញុំអត់បានលើកពីបញ្ហា​ក្នុង​ភូមិខ្លួនឯងទេ ដូចថាយើងត្រូវការអី អីចឹង! តែបើខ្ញុំ​ចូលរួមប្រជុំទៅ យើងលើកជាបញ្ហាទៅ គាត់អាច​ផ្តល់វិញថាការយើង​សំណូមពរធ្វើនេះ ធ្វើនោះ ឥឡូវវា​អាចបាននៅឆ្នាំ​ណាៗវិញ»។

ជុំវិញសារៈសំខាន់នៃការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន​ដល់រដ្ឋបាលថ្នាក់ក្រោមជាតិថា រដ្ឋបាលថ្នាក់ក្រោម​ជាតិត្រូវ​ផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីឱ្យបានដឹងពីការសម្រេចចិត្ត និងសកម្មភាព​នានារបស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ។ លោកបន្តថា រដ្ឋបាល​ថ្នាក់ក្រោមជាតិត្រូវរៀបវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម ដើម្បីឈានទៅ​រក​ដំណោះស្រាយជូនប្រជាពលរដ្ឋ។ មួយវិញទៀតរដ្ឋបាល​ថ្នាក់ក្រោមជាតិ គប្បីចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋតាមផ្ទះ ជាពិសេសក្រុមគ្រួសារក្រីក្រី ដើម្បីបង្កើនទំនាក់ទំនងល្អ​ជាមួយប្រជាពលរដ្ឋ និងត្រូវចេះ​ទទួល​យក​យោបល់ដោយ​មិនរើសអើងបក្សពួក។ ជាចុងក្រោយរដ្ឋបាលថ្នាក់​ក្រោមជាតិ​ត្រូវបង្កើតទំនាក់ទំនង​ល្អជាមួយអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹង​តម្រូវការ​របស់ប្រជាពលរដ្ឋ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់