រដ្ឋបាល​មូលដ្ឋាន និង​​ការប្រែប្រួល​អាកាស​ធាតុ

ភាពរាំងស្ងួតអូសបន្លាយ បានធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ លោកស្រី ឆោម ចន្ធូ ជួបនូវការលំបាកយ៉ាងខ្លាំង។ លោកស្រីនិងអ្នកភូមិផ្សេងទៀតដែលរស់នៅក្នុងឃុំលំពង់ ស្រុកបាទី បានចំណាយពេលជាមធ្យមចំនួន៩ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅដងទឹក ប៉ុន្តែបើប្រៀបធៀបការធ្វើដំណើរមករាជធានីភ្នំពេញត្រឹមតែ៩០នាទីប៉ុណ្ណោះតាមរថយន្ត។ 

ភាពរាំងស្ងួតអូសបន្លាយ បានធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ លោកស្រី ឆោម ចន្ធូ ជួបនូវការលំបាកយ៉ាងខ្លាំង។ លោកស្រីនិងអ្នកភូមិផ្សេងទៀតដែលរស់នៅក្នុងឃុំលំពង់ ស្រុកបាទី បានចំណាយពេលជាមធ្យមចំនួន៩ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅដងទឹក ប៉ុន្តែបើប្រៀបធៀបការធ្វើដំណើរមករាជធានីភ្នំពេញត្រឹមតែ៩០នាទីប៉ុណ្ណោះតាមរថយន្ត។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្ត្រីជាម្ដាយដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះ ត្រូវក្រោកពីដំណេកនៅម៉ោង៤ព្រឹក ដើរទៅដងទឹកអណ្ដូងដែលនៅជិតបំផុតមុនពេលដែលអ្នកផ្សេងទៅដល់។ ប្រសិនបើទៅដល់អណ្ដូងយឺត គាត់ត្រូវឈរតម្រង់ជួរយ៉ាងវែងជាមួយអ្នកភូមិផ្សេងទៀតដែលកំពុងត្រូវការទឹកដូចគ្នា ឬក៏អណ្ដូងត្រូវអស់ទឹកក៏មាន។ បន្ទាប់ពីបានចំណាយពេលប្រហែល៣ម៉ោងរួចមក គាត់ក៏យួរទឹកចំណុះប្រមាណ១៥លីត្រ ត្រលប់ទៅផ្ទះវិញនៅម៉ោង៧ព្រឹក។ លោកស្រី ចន្ធូ តែងតែទៅដងទឹកបីដងក្នុងមួយថ្ងៃ នៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច សម្រាប់ប្រើប្រាស់ក្នុងផ្ទះ។

ជីវិតរបស់គាត់ក៏មិនខុសពីស្ត្រីមេផ្ទះដទៃទៀតដែរ ដែលត្រូវរកទឹកសម្រាប់គ្រួសារ ខណៈដែលប្តីរបស់ពួកគេត្រូវចេញទៅធ្វើការរកកម្រៃដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១២មក ជីវិតស្ត្រីមេផ្ទះទាំងនោះត្រូវបានផ្លាស់ប្ដូរ នៅពេលដែលគម្រោងសាកល្បងមួយ ដែលបច្ចុប្បន្នគម្រោងនេះបានក្លាយជាគំរូអនុវត្តក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត គឺគម្រោងសាងសង់ស្រះទឹកសហគមន៍បន្សាំការប្រែប្រួលអាកាសធាតុ។

ប្រជាជនកម្ពុជាត្រូវបានគេស្គាល់ថា ជាអ្នកដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រជាជនទូទាំងពិភពលោក។ រដូវភ្លៀងមិនទៀងទាត់ និងគ្រោះរាំងស្ងួតអូសបន្លាយរយៈពេលវែង បានបណ្ដាលឲ្យខូចខាតដំណាំ ប៉ះពាល់ដល់ប្រជាជនជាង២លានគ្រួសារ ដែលពឹងផ្អែកលើរបរកសិកម្ម ឲ្យធ្លាក់ទៅក្នុងការជំពាក់បំណុល និងភាពក្រីក្រ។ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅមានកម្រិត។

ក្នុងឆ្នាំ២០១២ កម្មវីធី Local Climate Adaptive Living (LoCAL) បានត្រួសត្រាយផ្លូវមុនគេបង្អស់តាមរយៈគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (Local Governments and Climate Change) ដែលសម្របសម្រួលអនុវត្តដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានជំនួយបច្ចេកទេសពីអង្គការ UNCDF និងជំនួយថវិកាពីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុ (Cambodian Climate Change Alliance) ។  ឃុំចំនួន១៥ នៃស្រុកបាទី ស្រុកបុរីជលសារ និងក្រុងដូនកែវ នៃខេត្តតាកែវ ត្រូវបានជ្រើសរើសអនុវត្តគម្រោងសាកល្បង លើកដំបូងបង្អស់ លើការគាំទ្រការអនុវត្តគម្រោងបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

កម្មវិធីនេះបានបើកឱកាសឲ្យមន្ត្រីនៃរដ្ឋបាលថ្នាក់ស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានជួបជុំគ្នា កសាងផែនការយុទ្ធសាស្ត្របន្សាំការប្រែប្រួលអាកាសធាតុ។ ភាពជាអ្នកដឹកនាំរបស់រដ្ឋបាលមូលដ្ឋាន បានរកឃើញថាគ្រោះរាំងស្ងួតអូសបន្លាយ និងកាន់តែធ្ងន់ធ្ងរទៅៗ គឺជាបញ្ហាប្រឈមយ៉ាងសំខាន់សម្រាប់ប្រជាជនក្នុងឃុំលំពង់ទាំងមូល ដោយសារតែកង្វះខាតប្រភពទឹកប្រើប្រាស់។

ដូច្នេះហើយយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានលើកឡើងនូវគម្រោងសាងសង់ស្រះទឹក ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនេះ។ បន្ទាប់ពីចាត់អាទិភាពនៅថ្នាក់ស្រុករួចមក គម្រោងសាងសង់ស្រះទឹកសហគមន៍របស់ឃុំលំពង់ បានទទួលថវិកាគាំទ្រពីមូលនិធិបន្សាំការប្រែប្រួលអាកាសធាតុ រួមជាមួយមូលនិធិឃុំ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះមិនមែនត្រឹមតែស្រះទឹកត្រូវបានសាងសង់ និងពង្រឹងភាពធន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្តលើប្រព័ន្ធកសាងផែនការ និងថវិការបស់ឃុំ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាងប្រាំឆ្នាំកន្លងផុតទៅហើយ លោកស្រី ឆោម ចន្ធូ នៅតែរីករាយ នៅពេលដែលគាត់និយាយអំពីស្រះទឹកទំហំ ៦០ម X ៣៤ម ដែលស្ថិតនៅចម្ងាយប៉ុន្មានរយម៉ែត្រពីភូមិរបស់គាត់។ គាត់មិនចំណាយពេល៩ម៉ោងក្នុងមួយថ្ងៃទៅដងទឹកដូចមុនទៀតទេ គាត់បានយកពេលវេលានេះទៅប្រកបរបរអាជីវកម្មខ្នាតតូច គឺក្រងអំបោសលក់ទៅទីផ្សារជិតផ្ទះរបស់គាត់។ ប្រជាពលរដ្ឋនៅក្នុងភូមិពេលនេះមិនត្រឹមតែមានទឹកគ្រប់គ្រាន់សម្រាប់ផឹក ចម្អិនអាហារ និងបោកគក់ប៉ុណ្ណោះទេ  ប៉ុន្តែពួកគាត់អាចមានទឹកគ្រប់គ្រាន់ដើម្បីសង្គ្រោះសំណាប និងស្រោចស្រពសួនបន្លែនៅរដូវរាំងស្ងួតផងដែរ។ ប្រាក់ចំណូលបន្ថែមពីការប្រកបរបរអាជីវកម្មខ្នាតតូច និងទទួលផលដំណាំប្រសើរជាងមុន បានបង្កើនគុណភាពជីវិត និងអ្នកភូមិពេលនេះមានភាពរីករាយ។

យើងបានសួរគាត់ថា គាត់ដែលចំណាយពេល៣ម៉ោងទៅដងទឹកអណ្ដូងទៀតទេបន្ទាប់ពីស្រះទឹកបានកសាងរួច? លោកស្រី ឆោម ចន្ធូ បានសើច ហើយគ្រវីក្បាល ឆ្លើយថា “មិនដែលទេ” ។ អ្នកភូមិម្នាក់ទៀត ឈ្មោះ នឹម ផុន អាយុ៧១ឆ្នាំ បានរៀបរាប់ពីភាពរីករាយរបស់អ្នកជិតខាងរបស់គាត់ អំពីជីវិតដែលមានការផ្លាស់ប្ដូររបស់អ្នកភូមិចាប់តាំងពីពេលស្រះទឹកបានសាងសង់ ជាហេតុធ្វើឲ្យទឹកមុខរបស់ពួកគាត់ពោរពេញដោយស្នាមញញឹមជានិច្ច។ “អ្នកភូមិទាំងអស់មានការរីករាយជាខ្លាំង ជាពិសេសគឺស្ត្រីនៅក្នុងភូមិ ដោយសារពួកគាត់មិនចាំបាច់ដើរទៅដងទឹកឆ្ងាយដូចមុនទៀតទេ”។

នៅពេលដែលស្រុកបាទីបានអនុវត្តគម្រោងសាងសង់ស្រះទឹកបានល្អ  ស្រុកក៏ទទួលបានថវិកាលើកទឹកចិត្តបន្ថែមពីលើថវិកាដែលមានស្រាប់ជារង្វាន់នៃការអនុវត្តកិច្ចការល្អ។  រដ្ឋបាលឃុំ និងស្រុក បានសម្រេចចូលរួមមូលនិធិឃុំ និងស្រុករបស់ខ្លួន រួមជាមួយនិងមូលនិធិបន្សាំអាកាសធាតុវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រលើការបន្សាំទៅនឹងអាកាសធាតុរបស់សហគមន៍។ នេះក៏មានន័យថាបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានការគិតពីមធ្យោបាយដែលល្អបំផុត ដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។ ឃុំលំពង់បានប្រើគំរូនេះ ដើម្បីកសាងស្រះទឹកចំនួន៨បន្ថែមទៀត និងនៅឆ្នាំ២០១៧នេះ ឃុំគ្រោងនឹងសាងសង់អាងស្តុកទឹកចំនួន២បន្ថែមទៀត។

ក្នុងការថែទាំនិងរក្សានិរន្តរភាពនៃសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ បានបង្កើតនូវគណៈកម្មការថែទាំស្រះទឹក ដែលគណៈកម្មការនេះមានតួនាទីថែរក្សានូវអនាម័យ ជួសជុល និងថែទាំស្រះទឹក។ គណៈកម្មការបានកៀរគរថវិកាសាងសង់ជណ្ដើរនៅមាត់ទឹក ។ លោក នឹម ផុន សង្ឃឹមថា នៅពេលខាងមុខ ពួកគេនឹងអាចសាងសង់របងជុំវិញអាងស្តុកទឹក ដើម្បីការពារសត្វ និងកុមារតូចៗ។ ភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាហេតុផលនៃភាពជោគជ័យរបស់គម្រោង។

បច្ចុប្បន្នលេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ បានអនុវត្តនៅក្នុងឃុំចំនួន៦១ នៃស្រុក ក្រុងចំនួន៨ ក្នុងខេត្តបាត់ដំបង និងខេត្តតាកែវ ក្រោមជំនួយថវិកាពីទីភ្នាក់ងារដើម្បីការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត និងជំនួយបច្ចេកទេសពីអង្គការ UNCDF ក្នុងការសាងសង់សមិទ្ធផលរូបវន្តបន្សាំការប្រែប្រួលអាកាសធាតុ។ ដូចជាការសាងសង់ផ្លូវលំជនបទធន់នឹងទឹកជំនន់  រហូតដល់ប្រព័ន្ធស្រោចស្រពជាដើម។ ទាំងនេះគឺជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍អំពីការប្រែប្រួលអាកាសធាតុ។ នៅថ្ងៃអនាគតការកសាងផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងត្រូវបានពង្រីកការអនុវត្តនៅទូទាំងប្រទេស៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់