កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR)

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ប្រធានលេខាធិការដ្ឋាន គ. ជ.អ.ប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់​វិមជ្ឈការ និងរដ្ឋបាល (EU-DAR)​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​លើកទី៤នៃគណៈកម្មាធិការគ្រប់គ្រងគម្រោង EU-DAR នេះ ដែលបាន​ប្រព្រឹត្តទៅនៅសាល​ប្រជុំ​លេខាធិ​ការដ្ឋាន​ គ.ជ.អ.ប ដោយមានសមាសភាព​ចូលរួមដូចជា៖ តំណាង​ក្រសួងមហាផ្ទៃ តំណាង​ក្រសួង​មុខងារ​សាធារណៈ តំណាង​អភិបាលខេត្ត​កណ្តាល តំណាង​អភិបាលខេត្ត​បាត់ដំបង ថ្នាក់​ដឹក​នាំ​ និង​មន្ត្រីលេខាធិការដ្ឋាន​ គ.ជ.អ.ប និង​តំណាងដៃ​គូអភិវឌ្ឍ (សហភាពអឺរ៉ុប ស្ថាន​ទូត​អាល្លឺម៉ង អង្គការ​GIZ)។

កិច្ចប្រជុំនេះ ត្រូវ​បាន​រៀបចំ​ជា​រៀងរាល់៦ខែម្តង ដើម្បី​ពិនិត្យមើលលើសមិទ្ធផលដែលគម្រោងសម្រេចបាន ក៏ដូចជា​ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហា​ប្រឈមនានា ដែលកំពុងជួបប្រទះនា​ពេល​បច្ចុប្បន្ន​។

តាម​សុន្ទរកថាបើក​របស់​ ឯកឧត្តម​ សក់​ សេដ្ឋា​ បាន​បញ្ជាក់​ជូន​នូវ​សមិទ្ធផល​ ដែល​សម្រេច​បាន​កន្លង​មក​​រួមមាន​៖

(១). គាំទ្រដល់ការរៀបចំ និងការដាក់ឱ្យអនុវត្តសាកល្បងនូវឧបករណ៍ពាក់ព័ន្ធនឹងការគ្រប់គ្រង និង​អភិវឌ្ឍន៍ធនធានមនុស្ស ដូចជាការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ដែលជាប្រធានបទសំខាន់​មួយថ្មី​នៅក្នុងក្របខ័ណ្ឌកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។​

(២). ​នាំយកគោលនយោបាយលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងឧបករណ៍មួយចំនួន ដែលបានរៀបចំនៅថ្នាក់ជាតិ​យក​ទៅអនុវត្តសាកល្បងជាក់ស្តែងនៅតាមរដ្ឋបាលក្រុង ស្រុក គោលដៅនានា។ ការអនុវត្តសាកល្បងទាំងនោះបានផ្តល់ឱកាស និងមធ្យោបាយជាច្រើនដល់រដ្ឋបាលក្រុង ស្រុក គោលដៅ បានឆ្លើយតបទៅនឹងតម្រូវការសេវាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសបានពង្រឹងសមត្ថភាព និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាក្រុង ស្រុក លើការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួន និងការ​ផ្តល់ សេវារដ្ឋបាលនានា តាមយន្តការច្រកចេញចូលតែមួយដោយបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក គោលដៅ អាចស្នើសុំកញ្ចប់ថវិកាពីគម្រោង EU-DAR សម្រាប់អនុវត្តមុខងារជាអាណត្តិទូទៅ ដូចជាការលើក​កម្ពស់សុខភាព និងអនាម័យចំណីអាហារនៅតាមសាលាបឋមសិក្សា បញ្ហាសំរាម ការគាំទ្រសកម្មភាពការងារ មត្តេយ្យសិក្សាសហគមន៍ជាដើម។

(៣).​ បាននិងកំពុងរៀបចំចងក្រងនូវមេរៀន និងបទពិសោធន៍ល្អៗមួយចំនួន ដែល​បានមកពីការរអនុវត្តសាកល្បងទាំងនោះ ជាពិសេសពាក់ព័ន្ធការអនុវត្តមុខងារជាអាណត្តិទូទៅសម្រាប់ផ្សព្វ​ផ្សាយ​បន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត និងសម្រាប់ផ្តល់ជាធាតុចូលដល់ការ​រៀបចំ ឬ​ការកែសម្រួលគោល​នយោបាយលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំនានា និងឧបករណ៍​​ថ្មីៗបន្ថែមទៀត។

ពាក់ព័ន្ធនឹងការអនុវត្តគម្រោង EU-DAR លេខាធិការដ្ឋាន គ.ជ.អ.ប ចង់ឃើញមុខងារ​​ដែលបាន​ផ្ទេរមួយចំនួន​ដូច​ជា​៖ មុខងារក្នុងវិស័យអប់រំ និងសុខាភិបាល ត្រូវបានអនុវត្តសាកល្បងនៅតាមស្រុកដៃគូ​របស់គម្រោង EU-DAR ជាមុនសិន មុនពេលការអនុវត្តនេះ ត្រូវបានពង្រីកវិសាលភាពទៅបណ្តាក្រុង ស្រុក ផ្សេងៗ​ទៀតទូទាំងប្រទេស ​ពីព្រោះ​ការអនុវត្តដំណើរការនេះ​ នៅ​មានបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការពិគ្រោះយោបល់ និងការសម្របសម្រួល​ជាមួយភាគីដែល​ពាក់ព័ន្ធនានាបន្ថែម​​ ដើម្បីធានាឱ្យមានការផ្ទេរ​ជា​ជំហ៊ានៗ​​ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។

ការអនុវត្តគម្រោង EU-DAR មានរយៈពេលខ្លី គឺ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៦ខែ​ទៀត (គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៨) ក្នុងពេលដែលត្រូវមានកិច្ចការសំខាន់ៗ និងចាំបាច់ៗជាច្រើនត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីដកស្រង់ ឬ ប្រមូលមេរៀនបទពិសោធន៍សម្រាប់ផ្សព្វផ្សាយបន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត។ ដូច្នេះ​​លេខាធិការដ្ឋាន គ.ជ.អ.ប ស្នើសុំ​ដល់​តំណាងភាគីផ្តល់ជំនួយនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ BMZ និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជា​សហភាគីផ្តល់មូលនិធិដល់គម្រោង EU-DAR ពិចារណា​លើការពន្យារពេលអនុវត្តគម្រោង EU-DAR ​ដើម្បីឱ្យកម្មវិធីនេះមានពេលវេលាសមល្មមក្នុងការបញ្ចប់កិច្ចការ ដែល​នៅ​សេសសល់របស់ខ្លួន៕​

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់