វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តមុខងារជាជម្រើស ឬមុខងារជាអាណត្តិទូទៅរបស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​​ថ្នាក់​​​​ក្រោម​ជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងមហាផ្ទៃ និងមានការគាំទ្រពីគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(EU-DAR) របស់កិច្ចសហប្រតិបត្តការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹក​​ឡើងវិញ ស្តីពីការអនុវត្តមុខងារជាជម្រើស ឬមុខងារជាអាណត្តិទូទៅរបស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ដឹងអំពីទស្សនទាន និងដំណើរការនៃការអនុវត្តមុខងារជាជម្រើសឬមុខងារជាអាណត្តិទូទៅកាន់តែប្រសើរ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំចំនួនបីតំបន់ ៖ លើកទី១ នៅខេត្តសៀមរាប (ចាប់ពីថ្ងៃទី២៦ដល់២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ) លើកទី២ខេត្តបាត់ដំបង(ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ) និងលើកទី៣ នៅរាជធានីភ្នំពេញ(ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ) ដែលមានអ្នកចូលរួមប្រមាណ ៦១០រូប មកពីបណ្តាលរាជធានី ខេត្ត ក្រុង ស្រុក ទូទាំងប្រទេស ។ ក្នុងការថ្លែងបើកវគ្គបណ្តុះបណ្តាលចុងក្រោយ​ដែលប្រព្រឹត្តទៅនៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់ II លោក មុំ ណារ៉ែន អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានស្វាគមន៍​​​លោក​ លោកស្រីតំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរតនាគារខេត្ត និងតំណាង​រដ្ឋបាលក្រុង ស្រុក​ទូទាំងប្រទេសសរុបចំនួនប្រមាណ ២០០រូប ​​ដែលជាសិក្ខាកាម​​​​​​​​​​​​​ចូលរួមវគ្គបណ្តុះបណ្តាលនាឱកាសនេះ។

តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប លោក មុំ ណារ៉ែន បានលើកឡើងពីសារៈសំខាន់​​​​នៃមុខងារ​ជាអាណត្តិទូទៅ និងមុខងារ​ជាជម្រើស​​​​​​ដែលឆ្លើយតបនឹងតម្រូវការរបស់​ប្រជាពលរដ្ឋមូលដ្ឋាន​​ នៅក្នុងដំណើរការ​​កំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ។

អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយបានមានប្រសាសន៍ឱ្យដឹងថា ​​​ការសិក្សា​​រួមគ្នា​​​​​រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមហាផ្ទៃកាលពីចុងឆ្នាំ ២០១៨ បានបង្ហាញឱ្យ​​ឃើញថា ការយល់ដឹ​ង​​​​អំពី មុខងារជាជម្រើស ឬមុខងារ​​​​​ជាអាណត្តិ​​​ទូទៅ របស់​​ក្រុមប្រឹក្សារដ្ឋបាល​​ថ្នាក់ក្រោម​ជាតិ​​​​នៅមានកម្រិតនៅឡើយ ដោយក្រុមប្រឹក្សា​​​​នៃរដ្ឋបាល​ថ្នាក់ក្រោម​ជាតិភាគច្រើនបានអនុវត្តមុខងារជា​​​ជម្រើសដែល​​​​ជាគម្រោងមាន​លក្ខណៈ​​​​ជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយឡែកការអនុវត្តគម្រោង​​​​​ដែលមានលក្ខណៈជាសេវា​​​ហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត​​​មានតិចតួចបំផុត។ លោក មុំ ណារ៉ែនបានមានប្រសាសន៍ថា៖“ការអនុវត្តតួនាទី​​​​ ភារកិច្ច​របស់ក្រុមប្រឹក្សាមិនទាន់​​​​បានសមស្រប​​​​ទៅតាម​​​​​ការកំណត់​​​របស់លិខិតបទដ្ឋានគតិយុត្ត និង​ឯកសារបច្ចេកទេសស្តីពី ការជ្រើសរើស​​​​​ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសនៅឡើយ”។

ឱកាសនេះ លោកបានបញ្ជាក់ថា ដោយបានមើលឃើញបញ្ហាប្រឈមនៅរដ្ឋបាល​ថ្នាក់ក្រោម​ជាតិនេះហើយទើបលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសហការគ្នាជាមួយក្រសួងមហាផ្ទៃ និងមានការគាំទ្រពីគម្រោង EU-DAR របស់ GIZ  ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង​​​ធ្វើឱ្យ​​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​​​​បានយល់ដឹង​​​បន្ថែមទៀតអំពី ទស្សនទានទូទៅ​​ អំពី ការអនុវត្តមុខងារជា​​​​ជម្រើស និងចែករំលែក​​​​​​​បទពិសោធន៍រវាងក្រុង ស្រុក ដែលបានអនុវត្ត​​​មុខងារ​​ជាម្រើសជាមួយក្រុង ស្រុកដែលមិនទាន់​​​បានអនុវត្តសំដៅធ្វើឱ្យ​រដ្ឋបាល​​​ថ្នាក់ក្រោម​ជាតិកាន់តែ​មានសមត្ថភាពក្នុងការអនុវត្ត​​​នូវតួនាទី​​​​​ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងឆ្លើយតប​​​រាល់តម្រូវការ​ចាំបាច់​​​របស់​​​ប្រជាពលរដ្ឋ​​​នៅ​​មូលដ្ឋាន។

សូមជម្រាបជូន វគ្គបណ្តុះបណ្តាលមានគោលបំណងឱ្យសិក្ខាកាម៖

  • យល់ដឹងអំពីទស្សនទាន និងដំណើរការនៃការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ កាន់តែប្រសើរ
  • ទទួលបានបទពិសោធន៍ជាក់ស្តែងនៃការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ
  • កំណត់បានបញ្ហាប្រឈមនានានៃការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ
  • មានគំនិតផ្តួចផ្តើមនិងរៀបចំផែនការសម្រាប់ការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ

សូមជម្រាបជូនផងដែរថា មុខងារជាជម្រើស​ឬមុខងារជាអាណត្តិទូទៅ គឺជាមុខងារដែលមិនមានលក្ខណៈជាកាតព្វកិច្ច ហើយ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​អាចជ្រើសរើសអនុវត្ត ឬ ​មិនអនុវត្ត។ មុខងារជាជម្រើសឬមុខងារជាអាណ្តិទូទៅនៅក្នុងឯកសារបច្ចេកទេសគឺសំដៅលើមុខងារទាំងឡាយណាដែលត្រូវផ្តួចផ្តើមជ្រើសរើសដោយក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមកអនុវត្ត  ហើយមុខងារទាំងនោះចែកចេញជាពីរប្រភេទ ៖ ប្រភេទទី១៖ ជាមុខងារទាំងឡាយណាដែលមិនស្ថិតនៅក្រោមអាណត្តិនៃក្រសួង ស្ថាប័ន្ន មន្ទីរ អង្គភាពណាមួយឡើយ  និងប្រភេទី២៖ មុខងារទាំងឡាយណាដែលស្ថិតនៅក្រោមអាណតិ្តរបស់ក្រសួង ស្ថាប័ន្ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល ប៉ុន្តែក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធមិនទំទាស់ចំពោះក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការជ្រើសរើសយកមកអនុវត្តនូវមុខងារទាំងនោះឡើយ ។ សារៈសំខាន់នៃការអនុវត្តមុខងារជាជម្រើស រួមមាន ពង្រឹងសិទិ្ធអំណាចឆន្ទានុសិទិ្ធរបស់ក្រុមប្រឹក្សា ពង្រឹងគណនេយ្យភាពផ្ទាល់របស់ក្រុមប្រឹក្សា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់