សេចក្តីព្រាងគោលនយោបាយ ស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ត្រូវបាននិងកំពុងពិនិត្យពិគ្រោះយោបល់មុននឹងអនុម័ត

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយ ស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងស្ថាបន័ពាក់ព័ន្ធដទៃទៀត ប្រមាណជិត ៤០រូប។


សេចក្តីព្រាងគោលនយោបាយ ស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ»នេះ មានចក្ខុវិស័យដើម្បីធានាបាននូវការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងសមធម៌សង្គម តាមរយៈការបញ្ជា្របយេនឌ័រទៅគ្រប់ទិដ្ឋភាព និងសកម្មភាពនានានៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ពោលគឺមានគោលបំណងជំរុញ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បន្ទាប់ពីមតិសំណេះសំណាល និងបើកកិច្ចប្រជុំដោយឯកឧត្តម ង៉ាន់ ចំរើន រួចមក លោក ខោល យុទ្ធលី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញខ្លឹមសាររួមនៃសេចក្តីព្រាងគោលនយោបាយនេះ។

បន្ថែមពីលើនេះ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបញ្ជាក់ជូនបន្ថែមថាទម្រង់នៃសេចក្តីព្រាងគោលនយោបាយនេះ គឺស្របទៅគោលការណ៍ណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានតាក់តែងពីមាតិការួមមាន៖ សេចក្តីផ្តើម សនិទានភាព ចក្ខុវិស័យ គោលបំណង គោលដៅ វិសាលភាព យុទ្ធសាស្ត្រ ការអនុវត្ត ការត្រួតពិនិត្យ និងវាយតម្លៃ សេចក្តីសន្និដ្ឋាន និងសន្ទានុក្រម។
មួយវិញទៀត ឯកឧត្តម ចាន់ សុធា ក៏បានបញ្ជាក់បន្ថែមថាគោលដៅធំៗចំនួន៥នៃគោលនយោបាយនេះគឺស្របទៅនឹងកម្មវិធីជាតិនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (១០ឆ្នាំ)ដែលរាជរដ្ឋាភិបាលអនុម័តសម្រាប់ការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងផែនការអនុវត្តបីឆ្នាំទាំងបីដំណាក់កាល ដែលឆ្លើយតបនឹងសមាសភាគគោលធំៗចំនួន៥រួមមាន៖ (១)ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ (២)ការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ (៣)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស (៤)ការផ្តល់សេវា និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង (៥)វិមជ្ឈការហិរញ្ញវត្ថុ។

មុននឹងបញ្ចប់ឯកឧត្តម ចាន់ សុធា បានផ្តាំផ្ញើទៅឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលជាអ្នកតំណាងឲ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តជួយពិនិត្យ និងផ្តល់ធាតុចូលបន្ថែម ដើម្បីឲ្យការតាក់តែងគោលនយោបាយនេះសមស្របនឹងការអនុវត្តក្នុងស្ថានភាពជាក់ស្តែង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់