ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប បន្តចុះគាំទ្រលើការអនុវត្តប្រព័ន្ធតាមដានវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ និងត្រៀមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងការប្រកាសដេញថ្លៃគម្រោងក្រុង ស្រុក ខណ្ឌ(BID/ DMK)

ខេត្តកែប៖ ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោកប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ តំណាងឲ្យអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំក្រុមការងារចុះតាមដានគាំទ្រលើប្រព័ន្ធតាមដានវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ(DMK) និង ប្រព័ន្ធគ្រប់គ្រងការប្រកាសដេញថ្លៃគម្រោងក្រុង ស្រុក ខណ្ឌ (BID)។
 
ការចុះតាមដានគាំទ្រប្រព័ន្ធខាងលើនេះ មានគោលបំណងដើម្បីផ្តល់នូវចំណេះដឹងបន្ថែមនូវបទពិសោធន៍ថ្មីៗ និងទទួលបានព័ត៌មានជាធាតុចូលសំខាន់ៗ សម្រាប់ប្រព័ន្ធគ្រប់គ្រងការប្រកាសដេញថ្លៃគម្រោងក្រុង ស្រុក ដែលត្រៀមដាក់ឲ្យអនុវត្តជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជំរុញឲ្យកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនេះ ទទួលបានជោគជ័យសម្រាប់ជាប្រយោជន៍ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។
 
សមាសភាពចូលរួមពី លោកនាយរងរដ្ឋបាលខេត្ដ អភិបាលរងស្រុក ប្រធាន និងអនុប្រធានអង្គភាពលទ្ធកម្ម ក្រុង ស្រុក និងមន្ត្រីទទួលបន្ទុកប្រព័ន្ធទិន្នន័យ(DMK) ថ្នាក់ក្រុង ស្រុកទាំងអស់ នៃរដ្ឋបាលខេត្តកែប សរុបចំនួន១៣រូប ស្ត្រី ១រូប៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់