ឯកឧត្ត​ម ជាម ប៉េអា ជំរុញឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ​យកចិត្តទុកលើការគ្រប់គ្រង​ប្រព័ន្ធទិន្នន័យ និងការផ្សព្វផ្សាយព័ត៌មាន

ខេត្តកំពង់ចាម៖ ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន​នៃលេខាធិការគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឯកឧត្តម ជាម ប៉េអា បានជំរុញ​ឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ​យកចិត្តទុកលើការគ្រប់គ្រង​ប្រព័ន្ធទិន្នន័យ និងការផ្សព្វផ្សាយព័ត៌មានទៅ​ក្នុងគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីពង្រឹងការ​ត្រួតពិនិត្យ វាយតម្លៃការងារ និងការផ្សព្វផ្សាយចែករំលែកព័ត៌មានសកម្មភាពការងាររបស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិដល់សាធារណជនឱ្យទូលំទូលាយ និងមាននិរន្តរភាព។

ថ្លែងបើកសិក្ខាសាលា​ស្តីពី ការបណ្តុះបណ្តាល​មន្ត្រីព័ត៌មាន​វិទ្យា​ថ្មីថ្នាក់រាជធានី ខេត្ត នៅថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ជាម ប៉េអា បានក្រើនរម្លឹកដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់ក្រោមជាតិចំនួន ៦៥រូបដែលមានវត្តមានក្នុងវគ្គបណ្តុះ​​បណ្តាលពីសារៈប្រយោជន៍នៃការគ្រប់គ្រងប្រព័ន្ធទិន្នន័យ (Database System)ថា ការគ្រប់គ្រង និងបញ្ជូនទិន្នន័យបានត្រឹមត្រូវទាន់ពេលវេលាពិតជាមានសារៈសំខាន់ណាស់ ពីព្រោះវា​ជួយឱ្យរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិអាច​ចែក​រំលែកព័ត៌មានស្តីពី ការត្រួតពិនិត្យ និងវាយតម្លៃរាល់ផែនការសកម្មភាព ថវិកា និងព័ត៌មាននានាបាន​ឆាប់រហ័សជាប្រចាំ។

ថ្លែងបើកវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងក្នុងសាលប្រជុំនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ឯកឧត្តមប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានបានមានប្រសាសន៍បន្ថែមថា ការគ្រប់គ្រង​ប្រព័ន្ធទិន្នន័យច្បាស់លាស់ជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិងាយស្រួលធ្វើរបាយការណ៍បូក​សរុប​ផែនការសកម្មភាព និងថវិកាដោយគ្រាន់តែធ្វើការទាញទិន្នន័យដែលបានបញ្ចូលចេញពីប្រព័ន្ធអនឡាញ (Online) ជាការ​​​​ស្រេច​។ ជាងនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធទិន្នន័យនេះតួនាទី​យ៉ាងសំខាន់​ក្នុងការផ្តល់ព័ត៌មានសកម្មភាពការងារ ចំណេះដឹង និងការអនុវត្តគម្រោងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅ​កាន់​សាធារណជនយ៉ាងទូលំទូលាយ ឆ្លើយតបនឹងគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍតាមប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់​រាជរដ្ឋាភិបាល។ ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖“ការគ្រប់គ្រងប្រព័ន្ធទិន្នន័យនេះ គឺជាការរួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាឆន្ទៈរបស់រាជរដ្ឋាភិបាល ដើម្បីការផ្តល់សេវាជូនសាធារណជនឱ្យមាន​តម្លាភាព សុចរិតភាព ឆ្លើយតបទាន់ពេលវេលា ការចូលរួម ភាពជាតំណាង ទប់ស្កាត់​ភាពអសកម្ម និងអំពើ​ពុករលួយ”។

ជាចុងបញ្ចប់ ឯកឧត្តមសង្ឃឹមថា រដ្ឋបាលថ្នាក់ក្រោមជាតិនឹង​បង្កើនការផលិតចែកចាយព័ត៌មានជូនប្រជាពលរដ្ឋ និងខិតខំស្វែងយល់ ចែករំលែកបទពិសោធ ចំណេះជំនាញ និងជជែកពិភាក្សាគ្នាទៅវិញទៅមកអំពីការងារបច្ចេកទេស ដើម្បីឱ្យការងារនេះទទួលជោគជ័យ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល​មន្ត្រីព័ត៌មាន​វិទ្យា​ថ្មីថ្នាក់រាជធានី ខេត្តនេះរៀបចំឡើងរយៈពេលមាន៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០១៨។ ហើយ មន្ត្រីព័ត៌មាន​វិទ្យា​ថ្មីថ្នាក់រាជធានី ខេត្តនឹងស្វែងយល់ពីប្រព័ន្ធទិន្នន័យតាមប្រព័ន្ធអនឡាញ (Online)​ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិដែលមានចំនួន១៥ ក្នុងនោះ រួមមាន៖

  • ប្រព័ន្ធទិន្នន័យ​ផែនការ និងថវិកាជាតិ (NAD)
  • ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រងសារពើភណ្ឌ (NID)
  • ប្រព័ន្ធទិន្នន័យ​គ្រប់គ្រងបណ្ណាល័យ (Lib)
  • ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ដេញថ្លៃគម្រោង (Bid) និងប្រព័ន្ធដេញថ្លៃ​គម្រោងក្រុង ស្រុក (DM Bidding)
  • ប្រព័ន្ធទិន្នន័យ​នៃការអនុវត្ត​គម្រោង (PID)
  • ប្រព័ន្ធ​តាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ (DMK M&E Internal System)
  • ប្រព័ន្ធត្រួតពិនិត្យ​​​ តាមដាន​ការអនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម (I-SAF M&E Database System)
  • ប្រព័ន្ធទិន្នន័យ​​មូលដ្ឋានឃុំ សង្កាត់ (CDB)
  • ប្រព័ន្ធទិន្នន័យ​​គម្រោង​ថ្នាក់ក្រោមជាតិ (Sub- National Project Database)
  • ប្រព័ន្ធទិន្នន័យ​គ្រប់គ្រង​លំដាប់​ថ្នាក់ភូមិសាស្រ្ត និងលេខកូដ (gZ)
  • ប្រព័ន្ធទិន្នន័យ​គ្រប់គ្រង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ (CCD) ជាដើម។

ប្រព័ន្ធ​ទិន្នន័យ​នេះជួយឱ្យការងារតាមដានត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងការបូក​សរុបរបាយការណ៍មានភាពទូលំទូលាយ និងងាយស្រួល​ ព្រមទាំងកាត់បន្ថយ​ភាពស្មុគស្មាញក្នុង​ការចងចាំ​លេខ​កូដសកម្មភាពនានា។ សម្រាប់ប្រព័ន្ធទិន្នន័យ (Online) បម្រើជាសាធារណៈ សាធារណជនអាចចូលទៅកាន់អាស័យដ្ឋាន៖ db.ncdd.gov.kh និងប្រព័ន្ធទិន្នន័យ​ Online ប្រើប្រាស់សម្រាប់ផ្ទៃក្នុង៖ in.ncdd.gov.kh ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់