ពិធីប្រកាសជាផ្លូវការដាក់ឱ្យ​​​អនុវត្តកម្មវិធី​​​កំណែទម្រង់​​វិមជ្ឈការ និងរដ្ឋបាល ដំណាក់កាលទី ០២ (DAR II)

រាជធានីភ្នំពេញ៖ កម្មវិធី​​កំណែទម្រង់​​វិមជ្ឈការ និងរដ្ឋបាល ដំណាក់កាលទី ០២ (DAR II)​ ត្រូវបានប្រកាសដាក់ឱ្យ​​អនុវត្តជាផ្លូវការ នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិ​​សម្រាប់ការអភិវឌ្ឍ​​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) និងមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ អ្នកនាង និងកញ្ញាមន្ត្រីជំនាញនៅតាមបណ្តាក្រសួង ស្ថាប័ន​នៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោម​ជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍​ពាក់ព័ន្ធសរុបចំនួនប្រមាណ ១០០រូប នៅក្នុងសណ្ឋាគារ Great Duke។

ក្រសួង​​​​សហប្រតិបត្តិ​​​ការសេដ្ឋកិច្ច និងអភិវឌ្ឍសហព័ន្ធ​​​​​​អាល្លឺម៉ង់ (BMZ) បានផ្តល់​​​​​​ហិរញ្ញ​​​ប្បទានដល់​​ទីភ្នាក់ងារ​​​​​កិច្ច​សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីអនុវត្តកម្មវិធី​​​​កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលនេះ ចាប់ពីខែឧសភា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២។

កម្មវិធី​​​​នេះមានគោលបំណង​​​​​​គាំទ្រ​​​ដល់រដ្ឋបាល​​ថ្នាក់ក្រុង ស្រុកដែលបានជ្រើសរើស​​​នៅក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់សេវាសង្គម និងសេវា​រដ្ឋបាល​​​​ប្រកបដោយ​​​​​គណនេយ្យភាព តម្លាភាព និងការសម្របសម្រួលដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លើសពីនេះ កម្មវិធីនេះនឹងធ្វើការក្នុង​​​ភាពដៃគូរវាង​​​លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ រដ្ឋបាល​​​ខេត្ត រដ្ឋបាលក្រុង ស្រុកដែលបានជ្រើសរើស និងដៃគូអភិវឌ្ឍន៍។

សូមជម្រាបជូនថា ពិធីប្រកាស​​​ជាផ្លូវការ​​​​ដាក់ឱ្យ​​​អនុវត្តកម្មវិធី​​​នាឱកាសនេះ​ គឺជាវេទិកា​​​មួយដែល​​​អ្នកពាក់ព័ន្ធ​​សំខាន់ៗ​​​​រួមមាន ស្ថាប័ន​​រៀបចំ​​​​គោលនយោបាយ​ថ្នាក់ជាតិ ប្រតិបត្តិករ​​នៅថ្នាក់ក្រោម​ជាតិ​​​​ និងដៃគូអភិវឌ្ឍន៍​​​​នានាមកជួបជុំគ្នាក្នុងគោលបំណង​​​​​​​ជម្រាបជូន​អំពី ការអនុវត្ត​​​​​កម្មវិធីកំណែ​​ទម្រង់​​​វិមជ្ឈការ និងរដ្ឋបាល ដើម្បី​​​​​ឱ្យ​​​​អ្នកពាក់ព័ន្ធ​​​​​​ទាំងអស់​​​ចូលរួម​​​យ៉ាងសកម្ម​​​នៅក្នុងកម្មវិធីនេះ ព្រមទាំងប្រកាសជាផ្លូវការ​នូវកិច្ច​​​ដំណើរការ​អនុវត្ត​​​​កម្មវិធី និង​​​​ប្រារព្ធពិធី​​​ចុះកិច្ច​​ព្រមព្រៀងអនុវត្តកម្មវិធី៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់