សម្បទានិកក្នុងឃុំថ្មី ខេត្តក្រចេះទទួលបានកូនស្វាយចន្ទី និងគ្រាប់សណ្តែកពីគម្រោង LASED II

ខេត្តក្រចេះ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានប្រគល់កូនស្វាយចន្ទី និងគ្រាប់សណ្តែកខៀវជូនដល់សម្បទានិកនៅក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ និងជាប្រធានគ្រប់គ្រងគម្រោង LASED II កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។  

នៅក្នុងឱកាសនោះ ឯកឧត្តម ខ័ណ្ឌ ចំណាន បានមានប្រសាសន៍ថា ការចែកកូនស្វាយចន្ទី និងគ្រាប់សណ្តែកខៀវនៅពេលនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់គម្រោង LASED II ប្រចាំខេត្តក្រចេះ ក្នុងការផ្តល់ការគាំទ្រដល់សម្បទានិកដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចនាពេលនេះ ដែលវាជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់របស់គម្រោងផងដែរ។ លើសពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សម្បទានិកទាំងអស់ដែលបានមកតាំងទីលំនៅលើដីសម្បទានសង្គមកិច្ចកិច្ចនៅក្នុងឃុំថ្មី ស្រុកចិត្របុរីនេះ ឱ្យបន្តប្រើប្រាស់ដីដែលទទួលបានពីគម្រោងក្នុងការដាំដុះកសិផលនានា។ ជាពិសេស ឯកឧត្តម​បានផ្តាំផ្ញើទៅដល់សម្បទានិកដែលបានទទួលដីរួចហើយ តែមិនបានប្រើប្រាស់ដីឱ្យសមស្របទៅតាមល័ក្ខខ័ណ្ឌរបស់គម្រោង ត្រូវត្រឡប់មកប្រើប្រាស់ដីឡើងវិញ ដើម្បីបំពេញឱ្យបានគ្រប់ល័ក្ខខ័ណ្ឌរបស់គម្រោង មុននឹងឈានទៅទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ​ មន្ត្រីមកពីអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក៏បានបង្ហាញដល់សម្បទានិកទាំងអស់ពីរបៀបដាំកូនស្វាយចន្ទី និងព្រោះគ្រាប់ពូជសណ្តែកខៀវផងដែរ។

សូមជម្រាបថា ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មានចំនួន៩២៣ហិកតា និងមានសម្បទានិកចំនួន៣៤៨ គ្រួសារ ដោយក្នុងមួយគ្រួសារបានទទួលដីលំនៅឋានចំនួន ​៣០ X ៤០ ម៉ែត្រ និងដីកសិកម្មចន្លោះពី១ទៅ៣ហិកតា ទៅតាមចំនួនសមាជិកគ្រួសារ។ មុននឹងឈានដល់ការរៀបចំពិធីនៅពេលនេះ គម្រោងបានជួយឈូសឆាយដីកសិកម្ម និងភ្ជួរដីជូនសម្បទានិកក្នុងមួយគ្រួសារចំនួនកន្លះហិកតា ហើយនៅក្នុងឱកាសនេះ សម្បទានិកមួយគ្រួសារទទួលបានកូនស្វាយចន្ទីចំនួន៨០ដើម និងគ្រាប់សណ្តែកខៀវចំនួន១០គីឡូក្រាម ដើម្បីដាំដុះលើដីដែលបានឈូសឆាយ និងភ្ជួររួច៕​

  

  

  

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់