ឯកឧត្តម ង៉ាន់ ចំរើន ​​អញ្ជើញ​​ដឹកនាំ​​កិច្ច​​ប្រជុំ​​ពិនិត្យ​​លទ្ធផល​​ត្រួតពិនិត្យ​​​​​ការអនុវត្ត​​​​​​គម្រោង​​​​កាត់បន្ថយ​ហានិភ័យគ្រោះ​​មហាន្តរាយនៅសហគមន៍មូលដ្ឋាន

រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ​នៃ​លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​លទ្ធផលបេសកកម្មត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​កាត់បន្ថយ​​ហានិភ័យ​គ្រោះ​​​មហាន្តរាយនៅសហគមន៍មូលដ្ឋាន (CDRR) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ត្រួតពិនិត្យ និងស្តាប់បទបង្ហាញរបស់​ប្រតិភូបេសកកម្មនៃធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB)  អំពីលទ្ធផលចុះត្រួតពិនិត្យមើល ការអនុវត្តគម្រោង CDRR ដល់ស្រុក​និងឃុំ​គោល​ដៅ​ដែល​អនុវត្ត​គម្រោង​កាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន។ សមាសភាព​​​អញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ រួមមាន តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាល​ថ្នាក់ក្រោមគោលដៅក្នុងខេត្តព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ទីប្រឹក្សាគម្រោង CDRR និងមន្ត្រី​ជំនាញសរុបចំនួនប្រមាណ ៤០រូប។

សូមរម្លឹកថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ប្រតិភូបេសកកម្មនៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានចុះត្រួតពិនិត្យមើលការអនុវត្តគម្រោង CDRR ដល់ស្រុក និងឃុំគោលដៅ​ដែលអនុវត្តគម្រោង។ គោលបំណងចុះត្រួតពិនិត្យនោះ រួមមាន ១) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត​គម្រោង ២) ធ្វើការផ្ទៀងផ្ទាត់​អំពីផែនការដែលបានឯកភាពគ្នាហើយកំណត់នូវបញ្ហាប្រឈមនានា និង​៣) ផ្តល់អនុសាសន៍ដើម្បីអនុវត្តគម្រោងប្រកបដោយជោគជ័យ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់