វគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យ​​​ទាក់ទង​​​​

ខេត្តកោះកុង៖ អង្គភាពត្រួតពិនិត្យ​ វាយតម្លៃ និងព័ត៌មាន​នៃលេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យ​​​ទាក់ទង​​​​ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីលើកម្ពស់យុទ្ធសាស្ត្រផ្សព្វផ្សាយ​ព័ត៌មាន និងទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទាក់ទងនឹងការងារ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ថ្លែងពីវគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំសាលាខេត្តកោះកុង តាងនាមឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប លោក ម៉ន ប៊ុនថារិទ្ធ ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានបានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត​កោះកុង ​ដែលបានអនុញ្ញាតឱ្យ​ក្រុមការងារ​រៀបចំវគ្គបណ្តុះបណ្តាល​យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនៅពេលនេះ និងសូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីសិក្ខាកាមដែលអញ្ជើញមកពីខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពត និងតាកែវដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ។ លើសពីនេះ លោកក៏បានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រីអំពីសាវតានៃការរៀបចំ​យុទ្ធសាស្ត្រ​ស្តីពី ការប្រាស្រ័យទាក់ទងដែលឈានមកដល់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលនា​ឱកាសនេះថា ការរៀបចំយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទងផ្អែកលើកម្មវិធីជាតិស្តីពី​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល១០ឆ្នាំ និងដោយមើលឃើញពីភាពចាំបាច់ និងសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង។ លោកបានថ្លែងបញ្ជាក់ថា៖«យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ ត្រូវបានរៀបចំឡើង​ក្នុង​គោ​លបំណងអភិវឌ្ឍមធ្យោបាយ និងវិធីសាស្រ្តបែបទំនើបសម្រាប់កែលម្អ​ការប្រាស្រ័យ​ទាក់ទង និងការចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ផអ៣ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាឱ្យកាន់តែមានប្រសិទ្ធភាព»។

​តាងនាមលេខាធិការដ្ឋាន គ.ជ.អ.ប លោក ម៉ន ប៊ុនថារិទ្ធ បានស្នើដល់ឯកឧត្តម​អភិបាលរងទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវគ្គ​បណ្តុះបណ្តាលនាពេលនេះ មេត្តារៀបចំបង្កើតសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនង និងដាក់​បញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាថារដ្ឋបាលខេត្ត​នីមួយៗ​មានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តការងារផ្សព្វផ្សាយ និងទំនាក់ទំនងអំពីការអនុវត្ត​កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយក្រុមការងារផ្នែកទំនាក់ទំនង​និងផ្សព្វផ្សាយព័ត៌មាននឹងគាំទ្រជាបច្ចេកទេសក្នុងការអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងដែលរដ្ឋបាលខេត្តនីមួយៗបានលើកក្នុងផែនការសកម្មភាព និងថវិការបស់ខ្លួន។

នៅក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយសៀវភៅយុទ្ធសាស្ត្រស្តីពី ការ​ប្រាស្រ័យ​ទាក់ទងក្នុងរយៈពេល២ថ្ងៃនេះ សិក្ខាកាមដែលបានចូលរួមទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងការងារផ្សព្វផ្សាយ​ព័ត៌មាន និងទំនាក់ទំនង ដើម្បីខេត្តមានមូលដ្ឋានកាន់តែរឹងមាំក្នុងការបន្តពង្រឹង និងពង្រីកការ​ផ្សព្វផ្សាយ​របស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទាក់ទងនឹងការងារ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សិក្ខាកាមបានស្វែងយល់បទបង្ហាញសំខាន់ៗមួយចំនួនពីគ្រូឧទ្ទេសថ្នាក់ជាតិ រួមមាន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.អ.ប និងឧបករណ៍ផ្សព្វផ្សាយដែល គ.ជ.អ.ប បានផលិត ការចែករំលែកអំពីប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្តនីមួយៗ និងការរៀបចំផែនការសកម្មភាពដើម្បីបង្កើនការផ្សព្វផ្សាយអំពីកំណែទម្រង់ D&D ក្នុងខេត្តនីមួយៗ សារៈប្រយោជន៍ និងការរៀបចំកម្មវិធីកិច្ចពិភាក្សាតាមវិទ្យុផ្សាយផ្ទាល់​ និងសារៈប្រយោជន៍ និងការរៀបចំផ្សព្វផ្សាយតាមរយៈ​​​​គេហទំព័រ និងបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម (Facebook)។ លើសពីនេះទៅទៀត ក្រៅពីមន្ត្រីសិក្ខាកាម ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានប្រគល់សៀវភៅយុទ្ធសាស្ត្រស្តីពី ការបា្រស្រ័យ​ទាក់ទងដល់តំណាងរដ្ឋបាលខេត្តទាំង៥ខាងលើផងដែរ។

សូមជម្រាបជូនថា គោលបំណង​នៃ​យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ​មាន​​ចក្ខុវិស័យ​ដូចខាងក្រោម ៖

  • ដើម្បីអភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​រៀបចំ​គោលនយោបាយ​ និង​មន្ត្រី​រាជការ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ស្តីពី​ទំនាក់​ទំនង​ព័ត៌មាន សកម្មភាព​ផ្សព្វផ្សាយ​​អប់រំ​ និង​បញ្ហា​អន្តរ​វិស័យ​ ដូចជាគណនេយ្យ​ភាពការ​ទទួល​បាន​ព័ត៌មាន ការ​ចូលរួម ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ និង​​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។
  • ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​ភាព​ជា​ម្ចាស់​​របស់​អ្នក​ពាក់ព័ន្ធ​នៃ​កម្មវិធី​ជាតិ (ផអ៣) អំឡុង​ពេល​ការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​តាម​បែប​ប្រជាធិបតេយ្យ។
  • ដើម្បី​លើក​កម្ពស់​គណនេយ្យ​ភាព តម្លាភាព ​ការ​ទទួល​បាន​ព័ត៌មាន ការ​​ចូលរួម​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន និង​ការ​អភិវឌ្ឍ​មូលដ្ឋាន។
  • ដើម្បី​​ផ្សព្វផ្សាយ​ការ​យល់​ដឹង​សម្រាប់​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​អភិបាលកិច្ច​មូលដ្ឋាន និង​ការ​អភិវឌ្ឍ​មូលដ្ឋាន។

យុទ្ធសាស្រ្តស្តីពី ការបា្រស្រ័យទាក់ទងនេះផ្តោតទៅលើសមាសភាគសំខាន់ចំនួន០៥ ដែលត្រូវរៀបចំ និងអនុវត្តដោយក្រសួង​​​ ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ​​ និងអ្នកពាក់ព័ន្ធ​នានា ក្រោម​​​ការសម្របសម្រួល​​​របស់លេខាធិការដ្ឋាន គ.ជ.អ.ប។ សមាសភាគ​ទាំង០៥រួមមាន៖ ១.ការបង្កើតឧបករណ៍ទំនាក់ទំនង​​សំខាន់ៗ ២.ការអភិវឌ្ឍសមត្ថភាពប្រាស្រ័យទាក់ទង ៣.ការប្រើប្រាស់ប្រព័ន្ធផ្សព្វ​ផ្សាយ​បែបប្រពៃណី និង​ប្រព័ន្ធផ្សព្វផ្សាយ​បែបទំនើប ៤.ការផ្សព្វផ្សាយទស្សនវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង៥.ការចូលរួមរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់