ពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្នន័យការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PID)

ខេត្តក្រចេះ៖ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្នន័យការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PID) ត្រូវបានបិទហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិ​​​​សម្រាប់​​​ការអភិវឌ្ឍ​​​​តាមបែប​ប្រជាធិបតេយ្យ​​​​នៅថ្នាក់​ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំ​សិក្ខាសាលា​​​​​​​​​បណ្តុះ​បណ្តាលស្តីពី ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់នេះឡើង រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ក្នុងគោលបំណង​​​គាំទ្រ និង​លើកកម្ពស់​​​​ការអនុវត្ត​​​ប្រព័ន្ធទិន្នន័យព័ត៌មាននៃការអនុវត្ត​គម្រោង​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ​​​​​​​ឱ្យកាន់តែប្រសើរ។

ពីពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល​​​ដែលប្រព្រឹត្តឡើងនៅទីរួមខេត្តក្រចេះ កញ្ញា ផាន ស្រីរ័ត្ន តំណាងឯកឧត្តមប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានការិយាល័យ​ព័ត៌មាន​​​វិទ្យា នៃលេខាធិការដ្ឋានគ.ជ.អ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានរបស់លោក លោកស្រី ជាមន្រ្តីបង្គោលប្រព័ន្ធ​ទិន្ន័យ​ថ្នាក់​រាជធានី ​ខេត្តប្រមាណ ៦០រូបដែល​បាន​ចូលរួមក្នុង​សិក្ខាសាលា និងចែករំលែកគំនិតយោបល់យ៉ាងផុលផុសក្នុងសិក្ខាសាលានាឱកាសនេះ។

កញ្ញាបានមានប្រសាសន៍ថា៖‘‘ការសហការរបស់លោក លោកស្រីមន្ត្រីបង្គោលទាំងអស់ពិតជាបានផ្តល់នូវលទ្ធភាព និងលទ្ធផលដ៏ចាំបាច់សម្រាប់គាំទ្រ និងលើកកម្ពស់ការអនុវត្តប្រព័ន្ធទិន្នន័យ ព័ត៍មាននៃការអនុវត្តគម្រោង​របស់រដ្ឋ​បាល​​ថ្នាក់ក្រោមជាតិ​អោយកាន់តែប្រសើរឡើង’’។

ជាលទ្ធផលសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃនេះ ប្រធានការិយាល័យព័ត៌មា​ន​វិទ្យាបានកត់​សម្គាល់​ឃើញថា មន្ត្រីបង្គោលកាន់តែបានយល់ច្បាស់បន្ថែមទៀតអំពី បច្ចេកទេសក្នុង​ការបញ្ចូល​ទិន្នន័យ​ព័ត៌មានគម្រោងឱ្យ​បា​នត្រូវ និងទាន់ពេលវេលា។  កញ្ញាបានបញ្ជាក់ដូច្នេះថា៖‍‍‘‘លោក លោកស្រីបានអនុវត្ត​បញ្ចូលទិន្នន័យផ្ទាល់ដែលមាន​ការណែនាំ​បន្ថែមដោយលោក​គ្រូឧទ្ទេស​ដែលនេះ​គឺជាវិធីសាស្រ្តមួយជួយ ឱ្យលោក លោកស្រីងាយយល់ និងអនុវត្ត’’។

ឆ្លៀតក្នុងឱកាសនេះ កញ្ញា ផាន ស្រីរ័ត្ន បានផ្តាំផ្ញើរលោក លោកស្រីឱ្យជំរុញការបញ្ចូលទិន្នន័យ​ព័ត៌មាន​គម្រោង​ឆ្នាំចាស់ៗដែលមិនទាន់បានបញ្ចប់ និងបន្តបញ្ចូលសម្រាប់ឆ្នាំថ្មីឱ្យទាន់ពេលវេលា។ ហើយ សម្រាប់​​​​​​​​​លោក លោកស្រី​ដែលជាមន្រ្តីបង្គោលប្រព័ន្ធទិន្ន័យដែលមិនទាន់មានគណនេយ្យ និងលេខសំងាត់​ដើម្បីចូល​​​ប្រពន្ធ័សូមផ្ញើ​ឈ្មោះ និង​អ៊ីមែល​មកលោកទីប្រឹក្សាព័ត៌មានវិទ្យា ដើម្បីបង្កើតជូន។

កញ្ញាប្រធានបានថ្លែងបញ្ជាក់ថា៖‘‘ដោយសារប្រព័ន្ធទិន្ន័យរបស់យើងត្រូវបើកទូលាយជាសាធារណៈ​ដែលតម្រូវឱ្យរចនា​មានពីរ​ភាសា (ភាសាខ្មែរ និងអង់គ្លេស) ដូច្នេះហើយបើលោក លោកស្រីមាន​លទ្ធភាពក្នុង​ការ​បញ្ចូល​ទាំងពីរភាសាកាន់តែប្រសើរ តែបើមិនមានលទ្ធភាពបញ្ចូលជាភាសាអង់គ្លេស​យ៉ាងហោចក៏ត្រូវ copy ឈ្មោះ​គម្រោងទៅដាក់ក្នុងភាសាអង់គ្លេសដែរ។ ប្រសិនបើលោក លោកស្រីមាន​បញ្ហា​ទាក់​ទងទៅនឹងបច្ចេកទេសប្រព័ន្ធសុំទំនាក់ទំនងមកលោកទីប្រឹក្សាព័ត៍មានវិទ្យា និងលោកទីប្រឹក្សា​ពាក់ព័ន្ធផ្សេងទៀត’’។

បន្ថែមលើសពីនេះ កញ្ញាថ្លែងទៅកាន់មន្ត្រីបង្គោលទាំងអស់ថា ចំពោះយោបល់ចូលរួម និងសំណូមពដែល​មិន​ទាន់​បានឆ្លើយ​តបនោះ ក្រុមការងារបច្ចេកទេសនឹងបន្តដោះស្រាយហើយឆ្លើយតបជូន​តាមក្រោយ​។

សម្រាប់ទិសដៅបន្ត កញ្ញាបានបន្តថ្លែងថា ប្រព័ន្ធទិន្នន័យ(PID) នឹងមិនគ្រាន់តែផ្តោតតែលើគម្រោងមូលនិធិ​ឃុំសង្កាត់ ប៉ុណ្ណោះទេ គឺនៅថ្ងៃមុខប្រព័ន្ធទិន្នន័យនេះនឹងត្រូវបញ្ចូលបន្ថែមគម្រោងមូល​និធិ​ក្រុង ស្រុក ទៀតផង។

ជាទីបញ្ចប់ កញ្ញាបានថ្លែងអំណរគុណម្តងទៀតដល់លោក លោកស្រីដែលបានលះបង់ពេលវេលា និងមានឆន្ទៈ​ក្នុង​ការគាំទ្រអនុវត្តប្រព័ន្ធទិន្នន័យសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមក។

សូមជម្រាបជូនថា សម្រាប់រដ្ឋបាល​ថ្នាក់ក្រោមជាតិ ​លេខាធិការដ្ឋាន គ.ជ.អ.ប មានប្រព័ន្ធទិន្ន័យសរុបចំនួន ៧ រួមទាំងប្រព័ន្ធ PIDគឺ

  • ប្រព័ន្ធទិន្នន័យផែនការ ថវិកាប្រចាំឆ្នាំ (NAD)
  • ប្រព័ន្ធទិន្នន័យ​​​​គ្រប់គ្រង​​​សារពើ​ភណ្ឌថ្នាក់ជាតិ (NID)
  • ប្រព័ន្ធទិន្នន័យ​​​ការអនុវត្ត​​​គម្រោងឃុំ សង្កាត់ (PID)
  • ប្រព័ន្ធទិន្នន័យ​​​​​ការប្រកាសដេញថ្លៃគម្រោង ក្រុង ស្រុក (DMK Bid)
  • ប្រព័ន្ធទិន្នន័យ​​​ការប្រកាសដេញថ្លៃ​​​គម្រោង​​ ឃុំ សង្កាត់ (CS Bid)
  • ប្រព័ន្ធទិន្នន័យ​​​តាមដាន​​​ និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ (DMK M&E)
  • ប្រព័ន្ធទិន្នន័យ​​​ត្រួតពិនិត្យ តាមដានការអនុវត្ត​​​សកម្មភាព​​​​​គណនេយ្យភាពសង្គម (ISAF M&E Database System)។

សូមជម្រាបជូនផងដែរថា ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងឃុំសង្កាត់ (Project Implementation Database) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣។ PID ជាប្រភេទ Desktop Application ប្រើកម្មវិធី MS Access សម្រាប់កត់ត្រាគម្រោងមូលនិធិឃុំសង្កាត់ កម្មវិធីនេះបង្កើតឡើង សម្រាប់ឱ្យអង្គភាព រដ្ឋបាល មូលដ្ឋាន និងទីប្រឹក្សាពាក់ព័ន្ធនានា កត់អំពី ការដេញថ្លៃ លទ្ធផលនៃកិច្ចសន្យា ការផ្ទៀតផ្ទាត់ និងគម្រោង ដែលមិនមានភាពប្រក្រតីនានា សម្រាប់ធ្វើការពិនិត្យឡើងវិញ។ ការបញ្ចូលទិន្នន័យធ្វើឡើងតាមប្រព័ន្ធ Internet នៅថ្នាក់ខេត្ត រាជធានី តាមរយៈអាសយដ្ឋាន http://db.ncdd.gov.kh/pid

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់