កម្ពុជា​​ប្រកាស​​​​​អនុវត្ត ​​“គម្រោង​​​​អាហារូបត្ថម្ភ​​​កម្ពុជា​​​​ ២០១៩-២០២៤”​​​ ជាផ្លូវការ​​​​

រាជធានីភ្នំពេញ៖ “គម្រោងអាហារូបត្ថម្ភកម្ពុជា ២០១៩-២០២៤” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការ នាថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិស​ម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានសមាសភាពចូលរួមឯកឧត្តម លោកជំទាវរដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលថ្នាក់ក្រោម​ជាតិ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៣០០រូប។

គម្រោងអាហារូបត្ថម្ភកម្ពុជាមានគោលដៅ​លើកកកម្ពស់​​​​ការប្រើប្រាស់សេវា​​​​​​ និងគុណភាពនៃ​សេវា​អាទិភាព​​​​​ផ្នែក​​​​​​សុខភាពមាតា កុមារ និងអាហារូបត្ថម្ភសំដៅកាត់បន្ថយ​​​​កង្វះ​​​​អាហារូបត្ថម្ភរបស់​​​​មាតា និងកុមារ និងធ្វើឱ្យ​​​ប្រសើរឡើង​​​នូវការផ្តល់ថ្នាំបង្ការ និងកាត់បន្ថយ​​​អត្រាមរណភាពរបស់ទារក។

គម្រោងអាហារូបត្ថម្ភកម្ពុជាមានវិសាលភាពគ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តចំនួន ៧រួមមាន៖ ខេត្ត​មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ឆ្នាំង និងខេត្តកោះកុង ព្រមទាំងពង្រីក​ការគ្របដណ្តប់​ដល់ថ្នាក់​​​មន្ទីរពេទ្យ​​​បង្អែក និងនៅថ្នាក់មណ្ឌល​​​សុខភាពទូទាំង​ប្រទេស។

ថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីប្រកាសបើកគម្រោងអាហារូបត្ថម្ភដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំ​គម្រោងអាហារូបត្ថម្ភកម្ពុជានេះឡើង​​ដោយផ្អែកលើយន្ត​​​ការនៃវិស័យសុខាភិបាលដែលមានស្រាប់ ដើម្បី​​​លើកកម្ពស់​​ការផ្តល់សេវា និងគុណភាពសេវាសំខាន់ៗ និងពង្រីកការផ្តល់សេវាសុខាភិបាល តាមរយៈ​​​​សមាហរកម្ម​សកម្មភាព​​​ចុះមូលដ្ឋាន និងការសម្របសម្រួលជាមួយសហគមន៍ ព្រមទាំងជំរុញការអនុវត្ត​​​​រួម​​គ្នាដោយគណនេយ្យភាព និងធនធានគ្រប់គ្រាន់ សម្រាប់​​​ផ្តល់សេវាសុខភាពមាតា កុមារ និងអាហារូបត្ថម្ភ ការផ្តល់ថ្នាំបង្ការ ដើម្បី​​​ធានាសុខភាព​​​​ដល់កុមារ​​​ក្នុងសហគមន៍។

ឱកាសពិធីប្រកាសដាក់ឱ្យអនុវត្ត​ជាផ្លូវ​ការ​នូវគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលមានរយៈពេលប្រាំ​ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់២០២៤នេះដែរ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាង​មុត​មាំក្នុង​ការលើកកម្ពស់សុខុមាលភាពរបស់មាតា កុមារ និងអាហារូបត្ថម្ភ ដើម្បីពន្លឿននូវវឌ្ឍនភាព​នៃការកាត់បន្ថយគម្លាតផ្នែកសុខភាព និងអាហារូបត្ថម្ភនៅ​ទូទាំង​ប្រទេស។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍​បន្ថែមថា តាមរយៈ “គម្រោងអាហារូបត្ថម្ភកម្ពុជា” ក្រសួងសុខាភិបាល និងលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ គឺជាស្ថាប័ន​ដឹកនាំ​ការ​អនុវត្តគម្រោងនេះ ដែលមានភារកិច្ច​ក្នុង​ការផ្តល់ការណែនាំ និងការអភិវឌ្ឍ​សមត្ថភាពដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ដើម្បីផ្តល់សេវា​សុខភាពមាតា និងកុមារឱ្យបានកាន់តែមានប្រសិទ្ធភាព សំដៅកាត់​បន្ថយភាព​ក្រិន​របស់​កុមារ និងការ​កង្វះ​អាហា​រូបត្ថម​ដ៏រ៉ាំរ៉ៃរ​បស់​កុមារ​។​

លើសពីនេះទៀត ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បន្តថា គម្រោង​អាហារូបត្ថម្ភនៅកម្ពុជា នឹងលើកទឹកចិត្តដល់រដ្ឋបាលមូលដ្ឋាន ក្នុងការធ្វើការ​ឱ្យ​បានយ៉ាង​ជិត​ស្និទជាមួយ​ប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចចូលរួម និងទទួលបាននូវ​សេវា​សុខា​ភិបាល និងអាហារូបត្ថម្ភ​ពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងអាចឈានទៅរកការផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុងការយកចិត្តទុកដាក់​ថែទាំសុខភាព និងការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ។​

ជាងនេះទៀត ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញការជឿជាក់ថា តាមរយៈ​ការ​អនុវត្តគម្រោង ប្រជាពលរដ្ឋ​ក៏ត្រូវបានលើកទឹកចិត្តផ្តល់មតិយោបល់ទៅ​រដ្ឋបាលឃុំ សង្កាត់ និងអ្នក​ផ្តល់សេវាសុខាភិបាល​អំពីភាពពេញចិត្តរបស់ពួកគាត់លើការផ្តល់សេវាផ្នែក​សុខាភិបាល ដែលតាម​រយៈ​មតិយោបល់ទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចសហការ សម្របសម្រួល​ជាមួយ​អ្នកពាក់ព័ន្ធនានា ពិសេសមណ្ឌលសុខភាព ដើម្បីកែលម្អការផ្តល់សេវាផ្នែកសុខភាពឱ្យបាន​កាន់តែប្រសើរ​​ឡើងជូន​ប្រជា​ពលរដ្ឋ។​

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្នើអ្នកពាក់ព័ន្ធទាំងអស់ ពិសេស​រដ្ឋបាលថ្នាក់ក្រោមជាតិ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បី​សម្រេច​បាននូវការផ្តល់ និងការទទួលបាននូវសេវាផ្នែកសុខភាពមាតា ទារក និងអាហារូបត្ថម្ភ ប្រកប​ដោយប្រសិទ្ធភាព។​

សូមជម្រាបជូនថា​ តាមរយៈការអនុវត្ត​គម្រោង​អាហារូបត្ថម្ភកម្ពុជាដោយទទួលបានការគាំទ្រមូលនិធិពីដៃ​គូ​អភិវឌ្ឍន៍ (Australian AID, Global Finacing Facility, German Development Bank និងWorld Bank) ប្រជាជនកម្ពុជាដែល​នឹង​ទទួលផលប្រយោជន៍មានចំនួនសរុប ១,៦៧៦,៨៣១រូប (ស្រី៨៤៧,៧២៤រូប) ក្នុងនោះ រួមមាន ទារកអាយុក្រោម១ឆ្នាំចំនួន ៤១,២៧៨រូប (ស្រី២០,៤២៧រូប) កុមារអាយុក្រោម ៥ឆ្នាំចំនួន ២០០,២៩១រូប (ស្រី ៩៨,៥៤១រូប) និងស្ត្រីក្នុងវ័យ​​បន្តពូជ (អាយុចន្លោះ១៥-៤៩) ចំនួន ៤២៦,៨២៦រូប៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់