ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋាភិបាលស៊ុយអែតចូលជួបពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន​​​អនុញ្ញាតឱ្យគណៈប្រតិភូស៊ុយអែតដឹកនាំដោយឯកឧត្តម Johaness Oljelund អគ្គនាយកផ្នែកកិច្ចសហការអភិវឌ្ឍន៍អន្តរជាតិនៃក្រសួងការបរទេស​ស៊ុយអែត​ចូល​ជួប​​​ពិភាក្សា​​​​​​​​​​ការងារ​​ នៅ​ក្នុង​​​ទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម Johaness Oljelund អគ្គនាយកផ្នែក​កិច្ច​​​​​​​​​​​សហការអភិវឌ្ឍអន្តរជាតិនៃក្រសួងការបរទេសស៊ុយអែតបានពិភាក្សាការងារមួយចំនួន​ពាក់ព័ន្ធនឹងស្ថាន​ភាព​នយោបាយ​​ សង្គម សេដ្ឋកិច្ច ស្ថានភាព​នៃ​ការ​​​​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា​។

ឯកឧត្តម សក់ សេដ្ឋា និងឯកឧត្តម Johaness Oljelund បានសម្តែងការពេញចិត្តចំពោះកិច្ចសហ​ប្រតិបត្តិកា​រ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​ស៊ុយ​អែត​​ ជាពិសេសទាក់ទងនឹងការគាំទ្ររបស់​ប្រទេសស៊ុយអែត​ក្នុងកំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​​​ក្នុងរយៈពេលកន្លងទៅនេះ។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ទៅកាន់ឯកឧត្តម Johaness Oljelund ថា នាពេល​បច្ចុប្បន្ន​នេះ កម្ពុជានៅតែរក្សាបានសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមល្អ និងកំណើនសេដ្ឋកិច្ចល្អប្រសើរ។ យ៉ាងណា កម្ពុជានៅតែត្រូវការគាំទ្រពីស៊ុយអែត ដើម្បីបន្តអនុវត្តការងារកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលស៊ុយអែតដែលបានជួយគាំទ្រ​ដល់​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលស៊ុយអែតបាន និងកំពុងគាំទ្រដល់វិស័យចំនួន៤នៅកម្ពុជា ក្នុងនោះ រួមមាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស កំណែទម្រង់​​​​​​​វិមជ្ឈការ និងវិសហមជ្ឈការ និងការបោសសម្អាត​អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់